សាលា​រាជធានី​បន្ថែមចំនួន​រថយន្ដក្រុង​ដើម្បី​ឆ្លើយតប​តម្រូវការ​ធ្វើដំណើ​រ​របស់​ពលរដ្ឋ

ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ថែមចំនួន​រថយន្ត​ក្រុង​រហូតដល់​ទៅ 177គ្រឿង​បង្កើន​ខ្សែ​រត់​ចំនួន 8ខ្សែ និង​បង្កើន​ចំណត​រហូតដល់​ទៅ 623ទីតាំងនៅ​ទូទាំង​រាជធានី​ភ្នំពេញ។ នេះ​បើតាម​ការអះអាង​របស់​លោក​ ម៉េ​ត មាស​ភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

លោក ម៉េ​ត មាស​ភក្ដី បាន​លើកឡើងថា បច្ចុប្បន្ននេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ចំនួន 177គ្រឿង ហើយ​តាម​ផែនការ​ដែល​បាន​គ្រោងទុក គឺ​នៅ​ដំណាច់ឆ្នាំ2018 ខាងមុខនេះ​នឹងដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង​រហូតដល់ 237គ្រឿង សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ។

យោងតាម​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​បានឱ្យដឹងថា រថយន្តក្រុង (City bus)ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដឹកជញ្ជូន​តា​ម​តម្រាយ​ផ្លូវ​ចាស់​ជំនួស​រថយន្ត​ចាស់ ដែល​កំពុង​ដាក់​ជួសជុល។ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​ប្រើប្រាស់​សេវា​កម្មនេះ ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ បន្ទាប់ពី​សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ​មាន​សេវាកាន់តែ​ប្រសើរ សុវត្ថិភាព និង​ទាន់ពេលវេលា។

ទោះជា​យ៉ាងណា មានមតិ​មួយចំនួន​បានផ្តល់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក City bus ដោយបាន​ឱ្យយោបល់​ដូច្នេះ​ថា (ផេ​ចរ​បស់​ស្រីរ័ត្ន)៖ ពេលនេះ​មាន​ប្រជាជនជិះ​ច្រើនណាស់។ តែ​សូម​សំណូមពរ​ដល់បងៗតែ​កុង​ឡាន​បើកបរ​ដោយ​គោរព​ច្បាប់ និង​កុំ​ប្រជែង​គ្នា​ឱ្យសោះ។ មាន​ឡានក្រុង​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​តាម​ដងផ្លូវ​បាន​ច្រើន ព្រោះ​អ្នកធ្វើដំណើរ​មួយចំនួន​គាត់​មិន​ប្រើ​មធ្យោបាយ​ខ្លួនឯង​ដូចជា​ម៉ូតូ-កង់​ទេ ហើយក៏​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន​ដែរ និង​មិនមាន​ភាព​រញ៉េរញ៉ៃ​តាម​ដងផ្លូវ​ច្រើន​ទៀតផង។

(ផេ​ច​របស់​កម្សាន្ត)៖ នៅក្នុង​ប្រទេស​ជាច្រើន​ក្រៅពី​កម្ពុជាការធ្វើដំណើរ​ភាគច្រើន គឺ​តាម​រថយន្តក្រុង រថភ្លើងម៉េ​ត្រូ ដោយ​មិន​ចំណាយ ឬ​ខាតបង់​លុយកាក់​ច្រើន​ដូច​ប្រើ​រថយន្ត​ផ្ទាល់ខ្លួន ព្រមទាំង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ទៀតផង ប្រជាពលរដ្ឋ​កម្ពុជា​យើង​បើ​ជិះ​រថយន្តក្រុង​ក៏​នឹង​កាត់បន្ថយ​ចំណាយ និង​សន្សំ​ប្រាក់​ប្រចាំ​គ្រួ​សារបាន​យ៉ាង​ល្អប្រសើរ​មួយផ្នែក​ដែរ។

ការរីកចម្រើន​មួយផ្នែក​ទៀត​នៃ​វិស័យនេះ គឺ​គេ​សង្កេតឃើញ​មានការ​ប្រើប្រាស់​កាត​អេឡិចត្រូនិក​ច្រើន​សម្រាប់​ធ្វើដំណើរ​តាម​រថយន្តក្រុង។ លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ថ្លែងថា ប្រព័ន្ធ​ទូទាត់​តាម​កាត​អេឡិចត្រូនិក សម្រាប់​អ្នកដំណើរ​តាម​រថយន្តក្រុង គឺមាន​ចំនួន 1,459 ដែល​ពួកគាត់​អាច​ជិះ​រថយន្តក្រុង​បាន​ចំនួន​ជាង 5ម៉ឺន 2ពាន់​ដង ហើយ​ការប្រើប្រាស់​កាត​អេឡិចត្រូនិក​នេះ គឺ​វា​មាន​ភាពងាយស្រួល​សម្រាប់​ការគ្រប់គ្រង​ចំណូល និង​ទិន្នន័យ​អតិថិជន​ផងដែរ។

លោក​ក៏បាន​បញ្ជាក់ដែរថា សម្រាប់​កាត​អ្នកជិះរថយន្ត​ក្រុងមាន 2ប្រភេទ ប្រភេទ​ពណ៌​ខៀវ គឺ​សម្រាប់​សិស្ស មនុស្ស​ចាស់ ព្រះសង្ឃ បុគ្គលិក​រោងចក្រ ជនពិការ និង​កុមារ​តូច​កម្ពស់​ក្រោម 1ម៉ែត្រ ដែល​អាច​ជិះ​រថយន្តក្រុង​បាន​ចំនួន 180ដងដោយ​ឥតគិតថ្លៃ ដោយ​កាត​មួយ​លក់​ក្នុងតម្លៃ​តែ 4ពាន់​រៀល​ប៉ុណ្ណោះ។ ចំពោះ​កាត​ពណ៌​បៃតង​វិញ មានតម្លៃ 6ពាន់​រៀល និង1ម៉ឺន​រៀល​សម្រាប់​អ្នកដំណើរ​ទូទៅ។

តាម​ប្រសាសន៍​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា សេវាកម្ម​ប្រើប្រាស់​កាត​អេឡិចត្រូនិក​សម្រាប់​ទូទាត់​សាច់ប្រាក់​នៅពេល​ធ្វើដំណើរ​តាម​រថយន្តក្រុង​នេះ គឺ​បង្ក​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយក៏​បញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ផងដែរ​ពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ2017 កម្ពុជា​បានទទួល​ជំនួយ​រថយន្ដក្រុង 100គ្រឿង​ពី​រដ្ឋាភិបាល​ចិន ដែលជា​ជំនួយឥតសំណង​ផ្តល់ជូន​សាលា​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​មាន​រថយន្តក្រុង​ចំនួន 155 គ្រឿង​ដែល​រត់​នៅលើ​ផ្លូវសំខាន់ៗ ចំនួន 8ខ្សែ​នៅក្នុង​ក្រុងហើយ​មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រថយន្ដក្រុង​ប្រមាណ 2ម៉ឺន​នាក់​រៀងរាល់ថ្ងៃ។

លោក ម៉េ​ត មាស​ភក្ដី បានឱ្យដឹង​ដែរ​ថា មិនមែន​តែ​ភាគី​ចិន​នោះទេ​ដែល​បាន​ផ្តល់ជំនួយ​ជា​រថយន្តក្រុង​សាធារណៈ 100គ្រឿង​មក​កម្ពុជា ក្នុងនោះដែរ​តាមរយៈ​ទីភ្នាក់ងារ JICA ភាគី​ជប៉ុន​នឹង​ជួយ​ឧ​ប​ត្ត​ម្ភ​រថយន្តក្រុងថ្មីៗចំនួន 180គ្រឿង​បន្ថែមទៀត​ដែល​នឹង​មកដល់​កម្ពុជា​តាម​ដំណាក់កាល​បន្តបន្ទាប់។ លោក​បាន​បន្តទៀតថា រថយន្តក្រុង​ទាំង 100គ្រឿង​ដែល​ចិន​ផ្តល់ជូន​នេះ រួមមាន រថយន្ត 35កៅអី​ចំនួន60គ្រឿង និង​រថយន្ត 27កៅអី​ចំនួន 38គ្រឿង និង​រថយន្តស្ទូច​ចំនួន 2គ្រឿង។

ការវិវឌ្ឍ​ចុងក្រោយ រថយន្តក្រុង​ស្វយ័ត​របស់​សាលាក្រុង​បាន​បំពាក់​អុីន​ធើ​ណិ​ត​ឱ្យ​ស្របតាម​បច្ចេកវិទ្យា​បច្ចុប្បន្ន។ សាលា​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Space Media ភ្ជាប់ Cooltel WiFi នៅលើ​រថយន្តក្រុង​ទាំងអស់​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​សេរី។ ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង​ទាំងអស់​នឹង​បាន​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព ប្រកបដោយ​ផាសុកភាព រួមទាំង​ការប្រើប្រាស់​អុីន​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​ដោយមាន password “ppcitybus”៕

Advertisement