ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។

​លោក​ស្រី Somradee Chitchong ដែល​ជា​អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ TAT ទទួល​បន្ទុក​ទីផ្សារ​ក្នុង​ស្រុក បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែបង្វែរ​គោលដៅ​យុទ្ធសាស្ត្រ​ឃោសនា​ទៅ​រក​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ពេល​យប់ ដើម្បី​ជៀស​វាង​កម្ដៅ​ថ្ងៃ​។

លោក​ស្រី​ថ្លែង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ប្រជាជន​នៅ​ប្រទេស​នេះ​មិន​ចង់​ចេញ​ពី​ផ្ទះ​ ពិសេស​គឺ​មនុស្សចាស់​។ អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ទីតាំង​ទេសចរណ៍​ដែល​មាន​បរិយាកាស​ត្រជាក់​ ស្រួល​ដក​ដង្ហើម​​ជា​ដើម​។

ដើម្បី​ជំរុញ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល TAT មាន​ផែនការ​ជំរុញ​សកម្មភាព​សម​ស្រប​ជាង​មុន​នៅ​ពេល​ព្រឹក​ ពេល​ព្រលប់​ និង​ពេល​យប់​ មាន​ដូច​ជា សកម្មភាព​រត់យឺត ចែវ​ទូក ឬ​គយគន់​តារា​ជា​ដើម​។

Advertisement