កម្ពុជា​ គ្រោង​នឹង​ទទួល​បាន​ទុន​វិនិយោគ​ថ្មី​ តម្លៃ​ 500 លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​របស់​ចិន​

តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង

ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​កន្លែង​នៅ​កម្ពុជា​ កំពុង​ត្រូវ​បាន​សិក្សា​ពី​សំណាក់​ក្រុម​ហ៊ុន​ធំ​មួយ​របស់​ចិន ដែល​គ្រោង​នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 500 លាន​ដុល្លារ​អាម៉េរិក​។

កាល​ពី​ថ្ងៃទី 31 តុលា 2023 ក្នុង​ពេល​ចុះ​ធ្វើ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ឯកឧត្ដម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ចិន​ដ៏ធំ​មួយ​ កំពុងសិក្សា​ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​កន្លែង​ សម្រាប់​ការ​វិនិយោគ​ 500 លាន​ដុល្លារ​របស់​ខ្លួន​។

ឯកឧត្ដម​ ស៊ុន ចាន់ថុល ធ្លាប់​បាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 24 តុលា ឯកឧត្តម បានជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុនធំៗរបស់ចិនចំនួន 12 ក្រុមហ៊ុន និង​បាន​ពន្យល់​ពួក​គេ​អំពី​គោល​នយោបាយ​គាំពារ​អ្នក​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ក្នុង​នោះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ហើយ​បច្ចុប្បន្ន​​​កំពុងជ្រើស​រើស​ទីតាំង​បណ្ដាក់​ទុនមួយ​ក្នុង​ចំណោម​ពីរ​ ដែល​មួយ​គឺ​​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងពីរ​គឺ​ ​តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕

Advertisement