កម្ពុជា​បញ្ចប់​ការសិក្សា​ក្នុង​កិច្ច​ព្រម​ព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​

ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រកាស​បញ្ចប់​ការសិក្សា​មួយ​ ដែល​បាន​ធ្វើ​ទៅលើ​ប្រធានបទ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(Free​ Trade​ Agreement​ ឬFTA​)ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (EAEU​) ឬអឺ​រ៉ា​ស៊ី​ ដែល​ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ពី​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ត្រូវ​បាន​គាំទ្រ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ ឬ ERIA​។

ការប្រកាស​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការសិក្សា​នេះ​ ត្រូវ​បាន​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក​សាស្ត្រា​ចារ្យ​ Hidetoshi​ Nishimura​ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ ធ្វើ​បទ​បង្ហាញ​ពី​លទ្ធភាព​នៃ​ការសិក្សា​ផ្តល់​នូវ​ការវាយតម្លៃ​បរិមាណ​

គុណភាព​ និង​ផល​ប៉ះពាល់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ហើយ​ការសិក្សា​នេះ​ក៏​ពិនិត្យ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ សេរី​ EAEU​ បច្ចុប្បន្ន​ផង​ដែរ​។

នៅក្នុង​តំបន់​អាស៊ាន​ មានតែ​ប្រទេស​វៀតណាម​ និង​សិង្ហបុរី​ប៉ុណ្ណោះ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ EAEU​។ ការ​សិក្សា​នេះ​ផ្តោត​លើ​បញ្ហា​ពាណិជ្ជកម្ម​ និង​វិនិយោគ​ រួម​ទាំង​បញ្ហា​នៅ​ពីក្រោយ​ព្រំដែន​ ដែល​ជះឥទ្ធិពល​ដល់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បរទេស​រវាង​ប្រទេស​កម្ពុជា​ និង​ EAEU​។

ការសិក្សា​ផ្តោត​ទៅលើ​វិស័យ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ថាមពល​ផលិតកម្ម​(កាត់ដេរ​ និង​វាយនភណ្ឌ​)កសិកម្ម​ ទេសចរណ៍​ អាកាសចរណ៍​ ទូរគមនាគមន៍​ និង​ភ័ស្តុភារ​។ វា​ក៏បាន​កំណត់​វិស័យ​សំ​ខាន់​ៗដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ និង​រួមបញ្ចូល​ទាំង​អនុសាសន៍​គោលនយោបាយ​ ដើម្បី​ជួយ​រដ្ឋាភិបាល​ឱ្យ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។

សូម​បញ្ជាក់​ថា​ កាលពី​ខែមុន​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​សម​ភាគី​រុស្ស៊ី​ លោក​ ឌី​មី​ទ្រី​មេដ​វេ​ដេវ​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន​ នៅ​ប្រទេស​ថៃ​ និង​បាន​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ EAEU​ នេះ​។

សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (Eurasian​ Economic​ Union​ ឬ EAEU​) ជា​អង្គការ​អន្តរ​ ជាតិ​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ គឺជា​ទីផ្សារ​មួយ​ដ៏​ធំ​គ្របដណ្ដប់​ប៉ែក​ខាង​ អឺរ៉ុប​ខាង​កើត​ ដោយមាន​សមាជិក​ចំនួន​ 5ប្រទេស​គឺ​ អា​មេ​នី​(Armenia​) បេ​ឡា​រុស​(Belarus​) កា​ ហ្សា​ក់​ស្ថាន​ (Kazakhstan​) កៀហ្ស៊ី​ស្ថាន​ (Kyrgyzstan​) និង​រុស្ស៊ី​(Russia​)ដែល​មាន​ប្រជាជន​ សរុប​ចំនួន​ 183លាន​នាក់​និង​ផលិតផល​ក្នុង​ស្រុក​សរុប​ 5ទ្រី​លាន​ដុល្លារ​អាមេរិក​។

នៅក្នុង​សុន្ទរកថា​របស់​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ តាមរយៈ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ នឹងអាច​ឱ្យ​ភាគី​ទាំង2​ បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​លើ​ទំនិញ​ សេវា​ និង​ការ​វិនិយោគ​។

ការសិក្សា​នេះ​បាន​បង្ហាញ​ពី​ផល​ជា​វិជ្ជមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាញ​យក​ផលប្រយោជន៍​បន្ថែម​តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​បាន​បញ្ជាក់​ថា​៖ “ការសិក្សា​ក៏បាន​បង្ហាញ​ពីសា​រៈសំ​ខាន់​នៃ​ការបង្កើត​ច្រក​ទីផ្សារ​នាំចេញ​ (Market​ Access​) និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​ និង​រចនាសម្ព័ន្ធ​ទីផ្សារ​ ព្រមទាំង​ចង្អុលបង្ហាញ​បន្ថែម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​នាំ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម​ ពង្រីក​សេវាកម្ម​ និង​ការ​អភិវឌ្ឍ​សេវាកម្ម​ថ្មី​។ ជាមួយគ្នា​នោះ​ដែរ​ ការសិក្សា​ក៏បាន​បង្ហាញថា​ ការពង្រីក​សេវាកម្ម​ ហិរញ្ញវត្ថុ​ ការ​ដឹកជញ្ជូន​ សេដ្ឋកិច្ច​ឌីជីថល​ និង​សេវាកម្ម​កសិកម្ម​ ត្រូវ​បាន​គូសបញ្ជាក់​ថា​ ជា​វិស័យ​ដ៏​សំខាន់​ ដែល​ចូលរួម​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​”។

ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​ (Cambodia​-Eurasian​ Economic​ Union​FTA​-CEFTA​) បាន​បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​ឈ្នះ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ពិភពលោក​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​ជាមួយ​ប្រទេស​រុស្ស៊ី​”។

តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​ឱកាស​ក្នុង​ការ​ ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទៅវិញទៅមក​ ជាពិសេស​កម្ពុជា​អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ ផលិតផល​កសិកម្ម​ និង​ទំនិញ​ដទៃទៀត​ ខណៈ​ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ក៏អាច​ជ្រៀតចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដែរ​ ជាពិសេស​លើ​វិស័យ​ថាមពល​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​បញ្ជាក់​ទៀត​ថា​ អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ នីតិកាល​ទី6​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តោត​លើ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​ ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​សិក្សា​លើ​លទ្ធភាព​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ​ផង​ដែរ​។

លទ្ធផល​នៃ​ការសិក្សា​នេះ​ បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​ លើ​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​នាំ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មានការ​កើនឡើង​ បង្កើន​ការងារ​ សម្រាប់​ប្រជាជន​ ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​៕

Advertisement