តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​កាន់​កាប់​តំបន់​ហ្គាហ្សា​ ដែល​បាន​ផ្ទុះ​ឡើង​ កំពុង​តែ​ជា​កត្តា​សំខាន់​​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។

នៅ​ទ្វីប​អាស៊ី ក្នុង​ការ​ជួញ​ដូរ​នា​ព្រឹក​ថ្ងៃទី 09 តុលា 2023 តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ 88.39 ដុល្លារ​/ធុង​។

ក្រុមអ្នក​វិភាគ​របស់​ធនាគារ​ ANZ Bank អះអាង​ថា ហានិភ័យ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា​នឹង​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ ដោយ​វា​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​នេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​។ ចំណែក​ធនាគារ​ CBA របស់​អូស្ត្រាលី​វិញ យល់​ថា កត្តា​នានា​ដែល​បាន​ និង​កំពុង​កើត​ឡើង​នឹង​អាច​រុញ​តម្លៃ​ប្រេងឆៅ Brent អនាគត​​ ឡើង​លើស​ពី 100 ដុល្លារ​/ធុង​ ក្នុង​រយៈ​ពេល​ខ្លី​។

រីឯ​មាស​វិញ តម្រូវ​ការ​របស់​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើន​ឡើង​ ធ្វើ​ឱ្យ​តម្លៃ​របស់​លោហធាតុ​នេះ​កើន 0.8%​ ឡើង​ដល់ 1,848 ដុល្លារ​/អោន​ ដែល​មួយ​អោន​ (ounce) ​ស្មើ​នឹង 8.29426 ជី​។​

ក្រុម​អ្នក​ជំនាញ​អះអាង​ថា ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​បើទោះ​មូលបត្របំណុល និង​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​ឡើង​ថ្លៃ​ ក៏​ព្រោះ​តែ​សង្គ្រាម​​អ៊ីស្រាអែល – ហាម៉ាស​ (ប៉ាលេស្ទីន) ដែល​បាន​ផ្ទុះ​ឡើង​កាលពីថ្ងៃទី 07 តុលា​កន្លង​ទៅ​។ ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​នឹង​ជះឥទ្ធិពល​ដល់​​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក ដោយ​សារ​ថា ​ប្រភព​ផ្គត់​ផ្គង់ទំនិញ​​ជា​ច្រើន​​ត្រូវ​អាក់ខាន​៕

Advertisement