គម្រោង​រ​ថ​ភ្លើង​ក្រោម​ដី និង​ទី​ខ្ពស់​នៅ ហាណូយ កំពុង​ត្រៀម​សម្រាប់ដំណើរ​ការ​សាកល្បង​

(វៀតណាម)-គណៈកម្មការ​គ្រប់គ្រង​ផ្លូវដែក​ក្នុង​ក្រុង​ហាណូយ (MRB), ក្រុមហ៊ុន​ម៉ៅការ Sytra នៃ​គម្រោង​ផ្លូវដែក​ក្នុង​ក្រុង (Metro) Nhon – ស្ថានីយ​ហាណូយ ទើបតែ​បានប្រកាស​អំពី​ការចាប់ផ្ដើម​ដំណើរការ​សាកល្បង​កំណាត់​ផ្លូវដែក​លើ​ទី​ខ្ពស់ ចាប់ពី​ថ្ងៃទី 05 ធ្នូ ខាងមុខ។

ការ​ដំណើរការ​សាកល្បង​ខាងលើនេះ នឹងត្រូវ​បានចាត់ទុក​ថា បញ្ចប់​ជា​ស្ថាពរ នៅពេល​ការធ្វើ​តេស្ត​នានា​សុទ្ធតែ​ទទួលបាន​ជោគជ័យ។

គម្រោង​ផ្លូវដែក​ក្នុង​ក្រុង​កំណាត់ ញ៉ូន (Nhon) – ស្ថានីយ​ហាណូយ ដែល​​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នេះ​មាន​ប្រវែង 12.5 គីឡូម៉ែត្រ ក្នុង​នោះ​មាន​ជាង 8 គីឡូម៉ែត្រ​ស្ថិត​នៅ​​​លើ​ទី​ខ្ពស់ និង 4 គីឡូ​ម៉ែ​ទ្រ​ស្ថិតនៅក្រោម​ដី។ គម្រោង​នេះ​មាន​ស្ថានីយ​សម្រាប់​អ្នកដំណើរ​ចំនួន 12 និង​ចំណត់​សម្រាប់​រថភ្លើង​មួយ​ទំហំ​ជាង 15 ហិកតា រួម​នឹង​​រថភ្លើង​ចំនួន 10 ខ្សែ។

គម្រោង​ដែល​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ទាំងស្រុង​នៅ​ឆ្នាំ 2027 ខាងលើនេះ​ មាន​ទុនវិនិយោគ​សរុប​ប្រហែល 1,176 លាន​អឺរ៉ូ ដែលជា​ឥណទាន​ពី ODA របស់ បារាំង, ធនាគារ​វិនិយោគ​អឺរ៉ុប, ទីភ្នាក់​ងារ​​អភិវឌ្ឍ​បារាំង, ធនាគារ​អភិវឌ្ឍ​អាស៊ី និង 218 លាន​អឺរ៉ូ ទៀត គឺជា​​ថវិកាបដិភាគ​របស់ វៀតណាម៕

Advertisement