សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​មូល​ នឹង​ទៅជា​យ៉ាងណា​នៅ​ឆ្នាំក្រោយ?

2022 គឺជា​ឆ្នាំ​ដ៏​អាក្រក់​ចំពោះ​សេដ្ឋកិច្ចពិភពលោក ប៉ុន្តែ នៅ​ឆ្នាំក្រោយ សេដ្ឋកិច្ច​អាច​នឹង​កាន់តែ​អាក្រក់​ជាង​បច្ចុប្បន្ន នេះ​បើតាម Bloomberg។

ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ការដំឡើង​អត្រា​ការប្រាក់​ជា​បន្តបន្ទាប់រ​បស់ រតនាគារជាតិ​អាម៉េរិក (Fed) នឹង​រុញច្រាន​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក និង​ពិភពលោក​ឱ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ។ ទន្ទឹមនឹងនេះ ការដែល​តម្លៃ​ឧស្ម័ន​នៅ អឺរ៉ុប នឹង​បន្ត​ឡើងថ្លៃ ក៏​នឹង​មិនមែនជា​រឿង​ចម្លែក។ ចំណែក​គោលនយោបាយ​ប្រឆាំង​ជំងឺ​រាតត្បាត​ដ៏​តឹងរឹង និង​ទីផ្សារ​អចលនទ្រព្យ​ជួប​បញ្ហា ក៏​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​របស់ ប្រទេស​ចិន មាន​ហានិភ័យ​ត្រូវ​ដាំ​ក្បាល​ចុះ។

ក្នុង​សេណា​រី​យ៉ោ​អាក្រក់ បញ្ហា​ទាំងឡាយ​ខាងលើ​អាច​កើតមានឡើង​ដំណាលគ្នា។ ពេលនោះ វិស័យសេដ្ឋកិច្ច​ទូទាំង​សកលលោក​នឹង​បាត់បង់​ប្រហែល 5 ទ្រី​លាន (5,000,000,000,000.00) ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​ព្យាករ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Bloomberg Economics។

ទិដ្ឋភាព​មិនមាន​អំណោយផល​ល្អ​នោះ​បានកើត​ឡើងជាបណ្ដើរៗនៅក្នុង​ឆ្នាំនេះ។ ដំណាក់កាល​អត្រា​ការប្រាក់​ទាប តម្រូវការ​ខ្ពស់​ពី ប្រទេស​ចិន ដែល​ភូមិសាស្ត្រ​នយោបាយ​មិនសូវមាន​ការប្រែប្រួល គឺជា​កត្តា​សំខាន់​ដែល​បាន​នាំមក​នូវ​ការរីកចម្រើន និង​តម្លៃ​ទំនិញ​មាន​ស្ថិរភាព​អស់​ជាច្រើន​ទសវត្សរ៍​សម្រាប់​ពិភពលោក។ រាល់​ការប្រែប្រួល​វិជ្ជមាន​ទាំងនេះ​បាន​បាត់​ខ្លួន​ទាំងស្រុង​នៅក្នុង​ឆ្នាំនេះ ធ្វើឱ្យ​អតិផរណា​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍ ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​ក៏បាន​ខូចខាត​រហូតដល់​រាប់​ទ្រី​លាន​ដុល្លារ​អាម៉េរិក។

ក៏ប៉ុន្តែ នៅតែមាន​ក្ដីសង្ឃឹម​សម្រាប់​ឆ្នាំ 2023។ Fed អាច​នឹង​នាំ​អតិផរណា​ទៅកាន់​គោលដៅ​ដោយ​មិន​បង្កឱ្យមាន​បញ្ហា​បាត់បង់​ការងារ​ច្រើន។ ចំណែក​អាកាសធាតុ​កក់ក្ដៅ​ក៏​អាចជួយ​ឱ្យ អឺរ៉ុប រួច​ផុតពី​ឱនភាព​សេដ្ឋកិច្ច។ប្រទេស​ចិន អាច​នឹង​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-19។ លទ្ធភាព​នេះ​មួយចំនួន​បានកើត​ឡើង​កាលពី​សប្ដាហ៍​កន្លង​រួចហើយ នៅពេល​ទីផ្សារ​នានា​មាន​ពិន្ទុ​កើនឡើង​ដោយសារ​អតិផរណា​របស់ សហរដ្ឋ​អាម៉េរិក មាន​កម្រិត​ទាប​ជាង​ការគ្រោងទុក និង​សញ្ញា​ទាំងឡាយ​ស្ដីពី​លទ្ធភាព​នៃ​ការកែសម្រួល​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​របស់ ប្រទេស​ចិន។

សូម្បីតែ​នៅពេល​សញ្ញា​វិជ្ជមាន​ទាំងឡាយ​ខាងលើ​មិនបាន​ក្លាយជា​ការពិត​ក៏ដោយ ក៏​នឹង​នៅមាន​ក្រុម​អ្នកវិនិយោគ​ដែលមាន​សុទិដ្ឋិនិយម ចាប់ផ្ដើម​ផ្សងព្រេង​ជាមួយនឹង​ការរំពឹង​ដែលថា សេដ្ឋកិច្ច​នឹង​ងើប​ឡើងវិញ ដោយសារ​យល់ថា អត្រា​ការប្រាក់​បាន​ឡើងដល់​ចំណុច​ខ្ពស់​ខ្លាំង ហើយ​កំណើនសេដ្ឋកិច្ច​ក៏បាន​ធ្លាក់​ដល់​បាត។

ក៏​ប៉​ន្តែ Bloomberg បានឱ្យដឹងថា ក្រោយ​ការខូចខាត​​អស់​ជា​​ច្រើន​ឆ្នាំ​ដោយសារតែ​កូ​វីដ-19 សង្គ្រាម និង​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់ គេ​ពិតជា​ពិបាក​ក្នុង​ការជឿជាក់​ទៅលើ​ភាព​វិជ្ជមាន​របស់​សេដ្ឋកិច្ច ដោយសារតែ​កត្តា​ហានិភ័យ​មួយចំនួន​មានដូចជា «ហានិភ័យ​នៃ​ការដំឡើង​អត្រា​ការប្រាក់​របស់ Fed, ហានិភ័យ​បំណុល​សាធារណៈ, កង្វះ​ថាមពល​នៅ អឺរ៉ុប, សុខភាព​របស់ ប្រទេស​ចិន រួម​នឹង​ហានិភ័យ​ជាច្រើន​ផ្សេងទៀត» ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ងើបឡើង​របស់​សេដ្ឋកិច្ចពិភពលោក៕

Advertisement