ថ្មីសន្លាង! ចាប់ពីស្អែកទៅ អ្នកទិញម៉ូតូថ្មីអាចកិបស្លាកលេខនៅនឹងហាងលក់តែម្តង

ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយចាប់ពីថ្ងៃស្អែក ទី01 ខែកក្កដា ឆ្នាំ2017នេះទៅ សម្រាប់អ្នកដែលទិញម៉ូតូថ្មី មិនចាំបាច់ចំណាយពេលទៅធ្វើស្លាកលេខនៅមន្ទីរសាធារណការ ឬនៅតាមស្រុក/ខណ្ឌទៀតទេ គឺអាចកិបស្លាកលេខនៅកន្លែងទិញ-លក់នោះតែម្តង។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងគោលបំណងបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ និងជំរុញនូវការផ្តល់សេវាឱ្យបានរហ័សទាន់ចិត្ត និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យប្រើប្រាស់នូវស្វ័យប្រវត្តិកម្មនៃការចុះបញ្ជីយានយន្តកាលពីថ្ងៃ30 ខែមករា ឆ្នាំ2017 នេះតទៅ។ ទន្ទឹមនឹងនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជូនដំណឹង និងអំពាវនាវដល់សាធារណជន និងម្ចាស់ហាងលក់យានយន្តទាំងអស់ (ក្រុមហ៊ុនមេ សាខា និងសាខារងនៅទូទាំងប្រទេស) ដូចតទៅ៖

1. ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្រសួងអនុញ្ញាតឱ្យហាងលក់យានយន្តទាំងអស់ មានសិទ្ធិចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីផ្តល់ប័ណ្ណសម្គាល់ និងបំពាក់ស្លាកលេខជូនអតិថិជនរបស់ខ្លួននៅនឹងហាងតែម្តង ដោយគ្រាន់តែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្តទៅអគ្គនាយកដ្ឋានដឹកជញ្ជួនផ្លូវគោកតែប៉ុណ្ណោះ។

2. ហាងលក់យានយន្តត្រូវធានាថា យានយន្តដែលបានលក់ជូនអតិថិជនពីហាងរបស់ខ្លួន ត្រូវមានប័ណ្ណសម្គាល់ និងបំពាក់ស្លាកលេខដើម្បីអាចធ្វើចរាចរលើផ្លូវថ្នល់បាន។

3. ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2017 នេះតទៅ ហាងលក់យានយន្តទាំងអស់ត្រូវមាន លិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្ត និងបំពេញកាតព្វកិច្ចចុះបញ្ជី ដើម្បីផ្តល់ប័ណ្ណសម្គាល់ និងស្លាកលេខជូនអតិថិជនរបស់ខ្លួន។ ក្នុងន័យនេះ ម្ចាស់ហាងលក់យានយន្តណាដែលមិនទាន់មានលិខិតអនុញ្ញាត ត្រូវរួសរាន់មកដាក់ពាក្យសុំនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកកុំបីខាន។

4. ចំណែកម្ចាស់យានយន្តត្រូវស្នើសុំចុះបញ្ជីយានយន្តរបស់ខ្លួននៅហាងលក់យានយន្តតែម្តង។ ក្នុងករណីនេះ ការចុះបញ្ជីយានយន្តនៅមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានី-ខេត្ត ឬទីតាំងផ្តល់សេវាសាធារណៈដទៃទៀត មិនត្រូវបានអនុញ្ញាតឡើយចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2017នេះតទៅ៕

Advertisement