ប្រធាន​អាស៊ាន​ឆ្នាំ 2022 បានកំណត់​បន្ថែម​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន 4 សម្រាប់​សហគមន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ 2022

(ភ្នំពេញ)៖ កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ 2022 បានកំណត់​បន្ថែម​នូវ «គោលដៅ​យុទ្ធសាស្ត្រ​ចំនួន 4» ដើម្បី​ពង្រឹង​ការតភ្ជាប់​ឌីជីថល ក៏ដូចជា​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ក្នុង​បំណង​ធ្វើឱ្យ​ការប្រកួតប្រជែង​របស់​អាស៊ាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សុន្ទរកថា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ឆ្នាំ 2022 ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ 2022។

យោងតាម​សុន្ទរកថារ​បស់ សម្តេច​តេ​ជោ ហ៊ុន សែន «គោលដៅ​យុទ្ធសាស្ត្រ​ចំនួន 4» រួមមាន ទីមួយ ៖ ការពង្រឹង​ការតភ្ជាប់​ឌីជីថល, វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា, ទី​ពីរ ៖ ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ដើម្បី​ភាព​ប្រកួតប្រជែង​របស់​អាស៊ាន, ទី​បី ៖ ការជំរុញ​សមាហរណកម្ម, បរិ​យា​ប័ន្ន, ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​អាស៊ាន​ឱ្យ​ខ្លាំង​ជាង​មុន និង​ទី​បួន ៖ អាស៊ាន​ជាស​កល​សម្រាប់​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ប្រកបដោយ​ចីរភាព, បរិ​យា​ប័ន្ន និង​ភាព​ធន់​ផងដែរ។

សូមបញ្ជាក់ថា ពិធី​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ឆ្នាំ 2022 នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ ទី 10 វិច្ឆិកា 2022 នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ ក្នុង​គ្រា​ដែល កម្ពុជា ក្នុង​នាម​ជា​​ប្រធាន​​​អាស៊ានបន្តវេន​ 2022 ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40 និង 41 ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 10 ដល់ 13 វិច្ឆិកា 2022៕

 

Advertisement