រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ពលរដ្ឋ​ដែល​ត្រៀម​រៀប​អាពាហ៍ពិពាហ៍ អញ្ជើញ​ភ្ញៀវ​តិច ឬ​ច្រើន ទៅតាម​លទ្ធភាព

នៅក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នា​ល្ងាច​ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ដែល​ត្រៀម​ធ្វើ​ពិធី​រៀប​មង្គលការ អញ្ជើញ​ភ្ញៀវ​ទៅតាម​លទ្ធភាព ពោល​គឺអាច​អញ្ជើញ​ដល់​រាប់ពាន់នាក់។

រាជរដ្ឋាភិបាល​លុបចោល​ការកំណត់​ទៅលើ​ចំនួន​មនុស្ស​ដែល​បាន​ដាក់ចេញ​កន្លងមក ហើយ​ប្រជាពលរដ្ឋ​អាច​រៀបចំ​អាពាហ៍ពិពាហ៍​ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​តិច ឬ​ច្រើន​ទៅតាម​លទ្ធភាព។ ប៉ុន្តែ សម្ដេច បញ្ជាក់ថា ចំនួន​ភ្ញៀវ​ត្រូវ​កំណត់​ទៅតាម​ទំហំ​នៃ​ទីតាំង​ប្រារព្ធ​ពិធីនីមួយ។

សម្ដេច បន្ថែមថា កម្មវិធី​ទទួលភ្ញៀវ​មក​ចូលរួម​ជប់លៀង​អាពាហ៍ពិពាហ៍ មួយ​តុ​ត្រូវ​កំណត់​យក​ត្រឹម 7 នាក់ និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​តឹងរ៉ឹង មានដូចជា ការរក្សា​គម្លាត ការពាក់​ម៉ាស ការបាញ់​អាល់កុល ការ​វាស់​កម្ដៅ។ល។

ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមគ្រួសារ​ដែលជា​ម្ចាស់​ពិធី​អាពាហ៍ពិពាហ៍ អញ្ជើញ​តែ​ភ្ញៀ​ង​​ទាំង​ឡាយ​ណា​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់  ព្រោះថា បើសិនជា​ក្នុង​ពិធី​រៀបការ​នោះ មាន​វត្តមាន​របស់​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​ដោយសារ​ការ​គេចវេះ នោះ​អាចជា​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​វីរុស COVID-19។

ការសម្រេច​ខាងលើនេះ មិនមែន​អនុវត្ត​ត្រឹមតែ​ពិធី​រៀប​មង្គលការ​នោះទេ ប៉ុន្តែ​ក៏​អនុវត្ត​ចំពោះ​រាល់​ព្រឹត្តិការណ៍ និង​ពិធី​នានា រួមទាំង​ពិធី​សាសនា​ផងដែរ៕

Advertisement