ប្រទេស​ថៃ អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​ផ្ទះ និង​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់នៅជា​កម្មសិទ្ធិផ្ទាល់​ខ្លួន

អាជ្ញាធរ​ថៃ បង្កើន​ការទាក់ទាញ​អ្នកវិនិយោគ ​អ្នកមាន និង​អ្នក​ជំនាញ​ខ្ពស់​ពី​បរទេស តាមរយៈ​ការអនុញ្ញាតឱ្យ​ពួកគេ​ទិញ​ផ្ទះ និង​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី 25 តុលា បានអនុម័ត​សំណើ​របស់ ក្រសួងមហាផ្ទៃ ដែល​ស្នើឱ្យ​មានការ​អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​ផ្ទះ ឬ​ទិញ​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុង​ទំហំ​ផ្ទៃដី​ឡើងដល់ 0.16 ហិកតា សម្រាប់​ការសាងសង់​ផ្ទះ​ស្នាក់នៅ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ថា នេះ​អាចនឹង​បង្កើត​ឱ្យមាន​សកម្ម​ភាពជា​ឈ្មួញកណ្ដាល​របស់ជន​​បរទេស​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​នេះ។

អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ Anucha Burapachaisri កាលពី​ថ្ងៃទី 25 តុលា បានឱ្យដឹងថា អនុក្រឹត្យខាងលើ​​របស់ រាជរដ្ឋាភិបាល​ថៃ នឹងមាន​សុពលភាព​ក្នុង​រយៈពេល 5 ឆ្នាំ ក្រោយពី​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​សារាចរ​រាជាណាចក្រ​ថៃ។ សារាចរ​ណែនាំ​នេះ​អនុវត្ត​សម្រាប់​ក្រុម​​ជនបរទេសដែល​ជា​អ្នក​មាន អ្នក​ចូលនិវត្តន៍ ក្រុមមនុស្ស​ដែលមាន​​បំណង​តាំងទី​ស្នាក់ការ​ក្រុមហ៊ុន​នៅ ប្រទេស​ថៃ និង​ក្រុមមនុស្ស​ដែលមាន​ជំនាញ​ខ្ពស់​ ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា។

ដើម្បី​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ពលរដ្ឋ​បរទេស​នឹងត្រូវ​បានស្នើ​ឱ្យ​បញ្ជាក់ថា ពួកគេ​បាន​វិនិយោគ​យ៉ាងតិច 40 លាន​បាត (ជាង 1 លាន​ដុល្លារ​អាម៉េរិក) នៅ ប្រទេស​ថៃ និង​អាច​រក្សា​ការវិនិយោគ​ក្នុង​រយៈពេល​យ៉ាងតិច 3 ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ដាក់ពាក្យ​ចុះឈ្មោះ​ទិញ​ផ្ទះ ឬ​ដី។

ក្រសួងមហាផ្ទៃ​ថៃ បានដាក់​សេចក្ដីព្រាង​សំណើ​ខាងលើ​កាលពី​ខែឧសភា 2022 ក្នុង​បំណង​ទាក់ទាញ​ការវិនិយោគ និង​ក្រុម​អ្នកមាន​ពី​បរទេស។

រដ្ឋាភិបាល​ថៃ សង្ឃឹមថា ក្នុង​រង្វង់ 5 ឆ្នាំ​ទៀត ប្រទេស​នេះ​នឹង​ទាក់ទាញ​អ្នកមាន​ពី​បរទេស​បាន​​ជាង 1 លាន​នាក់ មក​រស់នៅ ធ្វើការ និង​វិនិយោគ​​នៅ​ប្រទេស​នេះ ហើយគោល​នយោបាយ​នេះ​នឹង​អាច​ទាក់​ទាញ​​ការ​​បណ្ដាក់ទុន​វិនិយោគ​ជាង 1 ទ្រី​លាន​បាត (ជាង 26 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​សេដ្ឋកិច្ច​ប្រទេស​នេះ៕

Advertisement