អាម៉េរិក ចំណាយ​រាប់​​ពាន់​លាន​ដុល្លារ​សម្រាប់​​វិស័យ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី

ថ្មផ្ទុក​អគ្គិសនី និង​រថយន្ត​អគ្គិសនី

ដើម្បីធានា​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​ រដ្ឋាភិបាល​អាម៉េរិក ថ្មី​ៗ​នេះ​បាន​បញ្ចេញ​សកម្មភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នៅ​ពេល​ប្រកាស​កញ្ចប់​ជំនួយ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​បណ្ដា​គម្រោង​ផលិត​ថ្ម​​រថយន្ត​អគ្គិសនី​ក្នុង​ស្រុក​។

ប្រធានាធិបតី ចូ​ បៃដិន កាល​ពី​ថ្ងៃទី ១៩ តុលា បាន​ថ្លែង​ថា នឹង​ផ្ដល់​កញ្ចប់​ថវិកា​ជំនួយ​តម្លៃ​ ២.៨ ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​សកម្មភាព​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​នៅក្នុង​ ១២ រដ្ឋ​របស់​ប្រទេស​នេះ​។ ក្រុម​ហ៊ុន​ចំនួន ២០ ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ទទួល​បានជំនួយ​សម្រាប់​បណ្ដា​គម្រោង​ចម្រាញ់​ កែច្នៃ lithium, graphite និង​វត្ថុធាតុ​សំខាន់​ៗ​សម្រាប់​ការ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​។

បណ្ដា​គម្រោង​ផលិត​គ្រឿង​បន្លាស់​ និង​បណ្ដាញ​ផ្គត់ផ្គង់​រ៉ែ​សំខាន់​ៗ​សម្រាប់​គម្រោង​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ ក៏​នឹង​ទទួល​បាន​ជំនួយ​ខាងលើ​។ យោងតាម​ ក្រសួង​ថាមពល​អាម៉េរិក គម្រោង​នានា​នឹង​ជួយផ្គត់ផ្គង់​បរិមាណ​វត្ថុធាតុ​ដើម​នៅ​ក្នុង​ការ​​ផលិត​ថ្ម​​សម្រាប់​រថយន្ត​អគ្គិសនី​រាប់​សែន រហូត​ដល់​រាប់​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​។

ប្រធានាធិបតី​អាម៉េរិក សង្កត់​ធ្ងន់​ថា «ប្រការ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​ថា អនាគត​របស់​វិស័យ​ឧស្សាហកម្ម​រថយន្ត​​គឺ​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​ថាមពល​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​រថយន្ត​អគ្គិសនី​នោះ​»។

ថ្មផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

លោក Ryan Melsert នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន American Battery Technology និយាយ​ថា «សហរដ្ឋ​អាម៉េរិក ហាក់​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​ lithium ដោយ​សារ​តែ​មាន​ចំណែក​តែ ១% នៅ​ក្នុង​បរិមាណ​សរុប​ទូទាំង​ពិភពលោក។ ក្រុម​អ្នក​ផលិត​រថយន្ត​ពិត​ជា​ត្រូវ​ការ​ចាំបាច​នូវ​វត្ថុ​ធាតុដើម​នេះ​»។

គេហទំព័រ​ផ្នែក​រថយន្ត Autoblog បាន​ផ្សាយ​ថា ទីផ្សារ​ថ្ម​រថយន្ត​អគ្គិសនី​អាច​មាន​ទំហំ​ ៣៤០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០៣០​។ បណ្ដា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​កំពុង​តែ​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ផលិត​ប្រភេទ​ថ្ម​អគ្គិសនី​ដែល​មាន​កម្លាំង​ខ្លាំង​ តម្លៃ​សម​ស្រប និង​អាច​កែច្នៃ​ឡើង​វិញ​បាន​ល្អ​។

យោងតាម Reuters កាល​ពី​ខែ​ឧសភា ២០២២ រដ្ឋាភិបាល​របស់​លោក បៃដិន បាន​បែង​ចែក​ថវិកា​ជំនួយ​ជាង ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​។ សហរដ្ឋ​អាម៉េរិក បាន​អនុម័ត​កញ្ចប់​ថវិកា​ធំៗ​មួយ​ចំនួន​ដូច​ជា ច្បាប់​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​តម្លៃ​ខ្ទង់​ទ្រីលាន​ដុល្លារ​ ឬ​ច្បាប់​ស្ដី​ពី​ការ​កាត់​បន្ថយ​អតិផរណា​ជា​ដើម​។ គោល​ដៅ​នៃ​ការ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារទៅ​លើ​វិស័យ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​របស់​ សហរដ្ឋ​អាម៉េរិក នោះ​គឺ​ នៅ​ឆ្នាំ​​ ២០៣០ សហរដ្ឋ​អាម៉េរិក នឹង​មាន​រថយន្ត​អគ្គិសនី​ចំនួន​ពាក់​កណ្ដាល​នៅ​ក្នុង​ចំណោម​រថយន្ត​សរុប​នៅ​ប្រទេស​នេះ​៕

Advertisement