ប្រទេស​ថៃ នឹង​បោះបង់​រថយន្តក្រុង​​ប្រើ​ម៉ាស៊ីន​សាំង នៅ រាជធានីបាងកក ចាប់​ពី​ខែ​នេះ

ក្រសួង​ចរាចរណ៍​ថៃ បានឱ្យដឹងថា ក្នុង​រង្វង់ ៣ ឆ្នាំ​ខាងមុខ នាយកដ្ឋាន​ដឹកជញ្ជូន​សាធារណៈ​នៃ រាជធានី​បាងកក (BMTA) នឹង​ទិញ​រថយន្តក្រុង​អគ្គិសនី​ចំនួន ៣,២០០ គ្រឿង ដើម្បី​ជំនួស​រថយន្ត​ក្រុង​​ម៉ាស៊ីន​សាំង​ទាំងអស់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ក្នុង​រាជធានី​របស់​ប្រទេស​នេះ។

គម្រោង​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​ស្ដារ​ស្ថានការណ៍​ពាណិជ្ជកម្ម​ដែល​គ្រោង​នឹងត្រូវ​បាន BMTA ដាក់សំណើ​ឡើងទៅ​កាន់​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ការអនុម័ត​ក្នុងអំឡុង ២ ខែ​ទៀត នេះ​បើតាម អនុរដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ ក្រសួង​ដឹកជញ្ជូន​ថៃ Sorapong Paitoonphong។

តាំងពី​ឆ្នាំ ២០២០ BMTA បាន​មាន​គម្រោង​ទិញ​រថយន្តក្រុង​ថ្មី​ចំនួន ២,៨០០ គ្រឿង ដើម្បី​ជំនួស​រថយន្ត​ចាស់​ដែល​កំពុងដំណើរការ​ក្នុង​ទីក្រុង ប៉ុន្តែ BMTA បាន​កែសម្រួល​ផែនការ បន្ទាប់ពី ការិយាល័យ​គោលនយោបាយ​សហគ្រាសរ​ដ្ឋ​ថៃ បាន​ណែនាំ​ឱ្យ​បន្ថែម​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី។

យោងតាម​ផែនការ​ថ្មី BMTA នឹង​ប្រើប្រាស់​រថយន្តក្រុង​ដែល​ដំណើរការ​​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​ជំនួស​ក្រុម​រថយន្ត​ម៉ាស៊ីន​សាំង។ ក៏ប៉ុន្តែ នាយកដ្ឋាន​នេះ​មិនទាន់​សម្រេចចិត្តថា នឹងត្រូវ​ទិញ ឬ​ជួល​រថយន្តក្រុង​អគ្គិសនី​ទាំងនេះ​នៅឡើយ។

រថយន្តក្រុង​អគ្គិសនី​ដែល​ ថៃ កំពុង​ធ្វើ​ការ​សាកល្បង

ក្នុងពេល​កំពុង​រង់ចាំ​ការអនុម័ត​ពី​ថ្នាក់លើ MBTA គ្រោង​នឹង​ជួល​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​ដំណើរការ​រថយន្តក្រុង ២២៤ គ្រឿង នៅតាម​ដងផ្លូវ​មួយចំនួន​ជាមួយនឹង​ថវិកា​ប្រហែល ៩៥៣ លាន​បាត ដែល​ប្រហែល​នឹង ២៦,៨៩៨,០០០ ដុល្លារ​អាម៉េរិក។

ចំណែក​បណ្ដា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការផ្ដល់​សិទ្ធិ​ឱ្យ​ដំណើរការ​រថយន្តក្រុងនៅលើ​ដងផ្លូវ ៥៤ ខ្សែ​នៅ បាងកក និង​បណ្ដា​ខេត្ត​ក្បែរ​រាជធានី នឹង​ចាប់ផ្ដើម​ជំនួស​រថយន្តក្រុង​ចាស់ ដោយ​រថយន្តក្រុង​ដែល​ប្រើប្រាស់​អគ្គិ​សនី​​នៅក្នុង​ខែ​នេះ៕

Advertisement