សេដ្ឋកិច្ច​កូរ៉េខាងត្បូង នឹងមាន​កំណើន​យឺត ដោយសារ​អតិផរណា​កើនឡើង​ខ្ពស់

ផ្សារ​មួយនៅ កូរ៉េខាងត្បូង

ក្នុង​ខែកក្កដា ២០២២ តម្លៃ​ទំនិញ​នៅ កូរ៉េខាងត្បូង បាន​កើន ៦.៣% ធៀប​នឹង​ខែកក្កដា ២០២១ ដែល​នេះ​ក៏​ជា​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង ២៤ ឆ្នាំ​កន្លង​មក។

កាលពី​ថ្ងៃទី ១៩ សីហា ក្រសួង​សេដ្ឋកិច្ច​កូរ៉េខាងត្បូង (MOEF) បានឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹងមាន​កំណើន​យឺត ព្រោះតែ​បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ ហើយ​ការនាំចេញ​អាច​ត្រូវ​ថយចុះ​ដោយសារ​ស្ថានការណ៍​អស្ថិរភាព​នៅក្នុង​ពិភពលោក។

នៅក្នុង​របាយការណ៍​វាយតម្លៃ​ប្រចាំខែ​ដែលមាន​ឈ្មោះថា សៀវភៅ​បៃតង ក្រសួង​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ឱ្យដឹងថា រតនាគារ​អាម៉េរិក (Fed) ដំឡើង​ការប្រាក់​ខ្ពស់ សេដ្ឋកិច្ច​ចិន ជួប​ឱនភាព និង​បញ្ហា​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ហានិភ័យ​វិបត្តិ​សេដ្ឋកិច្ច​សកល​មានការ​កើនឡើង​ខ្ពស់។

MOEF ព្យាករ​ថា សេដ្ឋកិច្ច​របស់ កូរ៉េខាងត្បូង ក្នុង​ខែសីហា អាច​ថយចុះ ដែល​គឺ​ជា​ខែ​ទី ៣ ជាប់ៗគ្នា ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​ជួប​ឱនភាព ក្នុង​គ្រា​ដែលមាន​ការបារម្ភ​អំពី​ផល​អាក្រក់​ដែល​កើត​ពី​បញ្ហា​អតិផរណា និង​កំណើនសេដ្ឋកិច្ច​យឺត។

សម្ពាធ​ពី​អតិផរណា​នៅ កូរ៉េខាងត្បូង កើនឡើង​យ៉ាង​ឆាប់រហ័ស ព្រោះតែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ នាំឱ្យ​តម្លៃ​ទំនិញផ្សេងៗត្រូវ​កើនឡើង​ខ្ពស់ រួម​នឹង​តម្រូវការ​នៃ​ការ​ងើប​ឡើងវិញ​របស់​សេដ្ឋកិច្ច ក្រោយ​សម័យ​កូ​វីដ-១៩។

ក្នុង​ខែកក្កដា តម្លៃ​ទំនិញ​នៅ កូរ៉េខាងត្បូង បាន​កើន ៦.៣% ធៀប​នឹង​ខែកក្កដា ២០២១ ដែល​នេះ​ក៏​ជា​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង ២៤ ឆ្នាំ​កន្លង​មក។ ធនាគារជាតិ​កូរ៉េខាងត្បូង កំណត់​គោលដៅ​រក្សា​អតិផរណា​ឱ្យនៅ​ត្រឹម ២% ក្នុង​រយៈពេល​មធ្យម៕

Advertisement