Trump ចេញបទបញ្ជាឱ្យ​ក្រុម​ហ៊ុន​ចិន​ ByteDance ដកទុនចេញពី TikTok នៅសហរដ្ឋអាមេរិក ដោយ​ទុក​ពេល​ឱ្យ​90​ថ្ងៃ

Trump ចេញបទបញ្ជាឱ្យ ByteDance ដកទុនចេញពី TikTok នៅសហរដ្ឋអាមេរិក ដោយទុកពេលឱ្យ90ថ្ងៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាមួយដែលស្នើឱ្យក្រុមហ៊ុនចិន ByteDance ដកទុនចេញពី TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅសហរដ្ឋអាមេរិក ដោយទុកពេលឱ្យ90ថ្ងៃដើម្បីរៀបចំដកទុន ព្រោះតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។

កាលពីថ្ងៃទី14សីហា នៅក្នុងពេលចុះហត្ថលេខាលើបទបញ្ជានេះ លោក Donald Trump បានថ្លែងថា “មានភ័ស្តុតាងមួយចំនួនដែលសមហេតុផល នាំឱ្យខ្ញុំជឿថា ByteDance អាចធ្វើសកម្មភាពគំរាមកំហែង នាំឱ្យសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកត្រូវអន់ថយ”។

សូមរំឭកថា កាលពីថ្ងៃទី6សីហា លោក Trump ក៏បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមមិនឱ្យបុគ្គលនិងស្ថាប័នទាំងអស់ដែលស្ថិតក្រោមអំណាចរបស់សហរដ្ឋអាមេរិក ធ្វើការជួញដូរជាមួយក្រុមហ៊ុន ByteDace ជាម្ចាស់បណ្ដាញសង្គម TikTok និងក្រុមហ៊ុន Tencent ដែលជាម្ចាស់នៃកម្មវិធី WeChat ក្រោយរយៈពេល45ថ្ងៃបន្ទាប់ពីបទបញ្ជានេះចាប់ផ្ដើមមានសុពលភាព ក្នុងបំណង “ការពារសន្តិសុខជាតិ”។ មុននោះប៉ុន្មានថ្ងៃ លោក Trump ក៏ធ្លាប់បានថ្លែងថា TikTok មានពេល45ថ្ងៃដើម្បីសម្រេចបានកិច្ចព្រមព្រៀងដកទុន ហើយក៏បានស្នើឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុននិងសម្មភាពទាំងឡាយរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនណាមួយ បើមិនដូច្នោះទេ បណ្ដាញសង្គមនេះនឹងត្រូវបង្ខំឱ្យដកខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី15កញ្ញា។

Microsoft បានចរចាជាមួយ ByteDance អស់ជាច្រើនសប្ដាហ៍មកហើយ និងត្រូវបានចាត់ទុកថា ជាជម្រើសអាទិភាពដំបូងបង្អស់របស់ក្រុមហ៊ុននេះ។ អគ្គនាយកប្រតិបត្តិរបស់ Microsoft លោក Satya Nadella ក៏ធ្លាប់បានពិភាក្សាជាមួយលោក Trump អំពីបញ្ហានេះផងដែរ។

ក្នុងគ្រានោះដែរ Wall Street Journal បានចេញផ្សាយថា TikTok និង Twitter បានធ្វើការចរចាជាមួយគ្នាអំពីលទ្ធភាពនៃការច្របាច់បញ្ចូលគ្នារវាងបណ្ដាញសង្គមទាំង2នេះ។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា Twitter កំពុងតាម “ប្រមាញ់” កិច្ចព្រមព្រៀងណាមួយជាមួយ TikTok នៅសហរដ្ឋអាមេរិកដែរ ឬយ៉ាងណានៅឡើយ។

Trump ចេញបទបញ្ជាឱ្យ ByteDance ដកទុនចេញពី TikTok នៅសហរដ្ឋអាមេរិក ដោយទុកពេលឱ្យ90ថ្ងៃ
Zhang Yiming ស្ថាបនិក​របស់ក្រុម​ហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​គ្រប់​គ្រង​នៃ​បណ្ដាញ​សង្គម​ TikTok

ភាគីខាង TikTok បានឱ្យដឹងថា ពួកគេមានការរន្ធត់ជាខ្លាំងនៅចំពោះបម្រាមរបស់សហរដ្ឋអាមេរិក ហើយថាពួកគេនឹងរកដំណោះស្រាយស្របច្បាប់ដើម្បីប្រឆាំងនឹងបទបញ្ជានេះ ក្នុងនោះក៏នឹងមានការប្ដឹងឡើងតុលាការអាមេរិកផងដែរ។ ប្រភពព័ត៌មានមួយបានឱ្យដឹងថា TikTok អាចប្ដឹងរដ្ឋាភិបាលលោក Trump ថា កំពុងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។

បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ប្រមាណជា1ពាន់លាននាក់នៅទូទាំងពិភពលោក។ បញ្ហាទាំងឡាយដែលបានកើតឡើងដូចបានរៀបរាប់ខាងលើ គឺបណ្ដាលមកពីក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីលទ្ធភាពដែល TikTok ត្រូវបានទីក្រុងប៉េកាំងប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ឱ្យដឹងថា ទិន្នន័យរបស់ពលរដ្ឋអាមេរិកាំងដែលក្រុមហ៊ុន TikTok កំពុងប្រមូលយក អាចមានដូចជា “អត្តសញ្ញាណផ្ទៃមុខ ទិន្នន័យអំពីអាសយដ្ឋាន លេខទូរស័ព្ទ និងមិត្តភក្ដិ”។

TikTok និង ByteDance តែងតែបដិសេធថា មិនមានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលចិននោះឡើយ។ អគ្គនាយករបស់ TikTok នៅសហរដ្ឋអាមេរិក អ្នកស្រី Vanessa Pappas កាលពីថ្ងៃទី1សីហា បានអះអាងថា ក្រុមហ៊ុននេះកំពុងតែប្រឹងប្រែងធ្វើការដើម្បីនាំមកនូវ “ផ្នែកទន់ដែលមានសុវត្ថិភាពបំផុត” សម្រាប់អ្នកប្រើប្រាស់៕

ប្រភព៖ Reuters

Advertisement