រោងចក្រ​ផលិត​តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន EHang

ប្រទេស​ចិន៖ រោងចក្រ​នៅ​ទីក្រុង Yunfu របស់​ក្រុមហ៊ុន Ehang កំពុង​ផលិត​តាក់ស៊ី​ហោះ​ចំនួន​ពីរ​ម៉ូ​ដែល គឺ 216 និង VT30។

ក្រុមហ៊ុន EHang នៅ​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Guangzhou កាលពី​ថ្ងៃទី 18 សីហា បាន​ចែករំលែក​វីដេអូ​ស្ដីអំពី​រោងចក្រ​ផលិត​តាក់ស៊ី​ហោះ​របស់ខ្លួន ដែល​កំពុងដំណើរការ​គ្រប់​ជ្រុងជ្រោយ នៅក្នុង​ទីរួមស្រុក Yunfu។ EHang ធ្លាប់បាន​ដឹក​មនុស្ស​ជាច្រើន​នាក់​ដោយ​ប្រើប្រាស់​យន្តហោះ​អគ្គិសនី ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ (eVTOL) ក្នុងនោះ​ក៏មាន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ផងដែរ។

ការធ្វើ​តេស្ត​ជាច្រើន​ដែល​ជួយ​ឱ្យ EHang ទទួលបាន​ជោគជ័យ បាន​នាំឱ្យ​ក្រុមហ៊ុន​នេះ លេចធ្លោ​ជាង បើ​បៀ​ប​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​តាក់ស៊ី​ហោះ​ដទៃទៀត ដូចជា Joby Aero Inc ដែល​កំពុង​ធ្វើតេស្ត​ហោះហើរ​ដោយ​គ្មាន​មនុស្ស​ជិត និង​ក្រុមហ៊ុន Volocopter ដែល​ទើបតែ​ធ្វើតេស្ត​ហោះហើរ​ដឹក​មនុស្ស​ដំបូង​កាលពី​ខែ​មុន។ តាម​គម្រោង EHang នឹង​ផ្ដល់​សេវាកម្ម​នៅ ប៉ារីស និង​សិង្ហ​បុរី ចាប់ពី​ឆ្នាំ 2024។

នៅក្នុង​វីដេអូ​ថ្មី រោងចក្រ​របស់ EHang ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា ទីតាំង​ផលិត​តាក់ស៊ី​ហោះ eVTOL ដែល​ដំណើរការ​ពេញលេញ​ដំបូង​គេ​ក្នុង​ពិភពលោក។ ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​រោងចក្រ​ទំហំ 2,230 ម៉ែត្រក្រឡា នៅ Yunfu នេះ កំពុង​ផលិត​គ្រឿង​បម្លាស់​ចាំបាច់​សម្រាប់​ដំឡើង​ជា​តាក់ស៊ី​ហោះ​ស្វ័យប្រវត្ត ម៉ូ​ដែល 216 និង​យន្តហោះ​ក្នុង​ទីក្រុង VT30 ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ សុទ្ធតែជា​មធ្យោបាយ​ហោះហើរ ដែលមាន​កៅអី​ចំនួន 2 ដូចគ្នា។ វីដេអូ​នេះ ក៏​បង្ហាញ​ឱ្យដឹង​អំពី​ដំណើរការ​នៃ​ការបាញ់​ថ្នាំ ការដំឡើង​ស្លាប និង​ការធ្វើ​តេស្ត​ប្រព័ន្ធ​រុញច្រាន។ល។

កាលពី​ឆ្នាំមុន EHang ប្រកាសថា សហការ​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក នៅ អេ​ស្ប៉ា​ញ និង ន័​រ​វែ​ស ដើម្បី​ដំណើរការ​សាកល្បង​នូវ​បច្ចេកវិទ្យា​តាក់ស៊ី​ហោះ ដែល​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី ក៏ដូចជា​បង្ហាញ​ម៉ូ​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ប្រភេទ 200 គីឡូក្រាម។

EHang កំពុង​ឆ្ពោះទៅរក​គោលដៅសំខាន់ៗជាច្រើន នៅក្នុង​ទីផ្សារ​ពិភពលោក។ ក្រុមហ៊ុន​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​ចិន ក្នុងការ​ធ្វើតេស្ត​ប្រព័ន្ធ​នានា​របស់​យន្តហោះ។ ប្រទេស​ចិន សង្ឃឹមថា អាច​ស្ដារឡើងវិញ​នូវ​តំណែង​លំដាប់​កំពូល​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ទាក់ទង​នឹង​បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ផលិត​តាក់ស៊ី​ហោះ​ជាច្រើន កំពុង​បង្ហាញខ្លួន៕

Advertisement