ចិនសាងសង់ទីក្រុងអាកាសចរណ៍អវកាសនៅក្បែរសមុទ្រចិនខាងត្បូង (វីដេអូ)

ប្រទេសចិន កំពុងតែបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មផ្នែកអាកាសចរណ៍អវកាសនៅលើកោះ Hainan ក្បែរសមុទ្រចិនខាងត្បូង។

ប្រទេសចិនកំពុងតែសាងសង់ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិមួយដែលមានឈ្មោះថា Wenchang International Aerospace City នៅលើកោះ Hainan ភាគខាងត្បូងប្រទេស។

“ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិ Wenchang ក៏ជាទីតាំងដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍវិស័យអាកាសចរណ៍អវកាសរបស់ប្រទេសចិន។ វាក៏ជាតំបន់ដែលមានសារសំខាន់របស់កំពង់ផែពាណិជ្ជកម្មសេរីនៅលើកោះ Hainan ផងដែរ ដែលនាំមកនូវគោលនយោបាយអាទិភាពជាច្រើន។ សង្ឃឹមថា ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិ Wenchang នឹងក្លាយជាចំណុចចាប់ផ្ដើមសម្រាប់ការរីកចម្រើនរបស់យើង ហើយរួមចំណែកបម្រើសេវាកម្មអាកាសចរណ៍អវកាសនៅ Hainan”។ នេះបើតាមសម្ដីរបស់ Niu Min ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Future Aerospace។

តាមគម្រោង ទីក្រុងនេះនឹងមានមជ្ឈមណ្ឌលកំពូលកុំព្យូទ័រអាកាសចរណ៍អវកាសដំបូងនៅប្រទេសចិ។ ក្រោយពីបានសាងសង់មជ្ឈមណ្ឌលនេះ វិស័យជាង40 រួមមាន ទិន្នន័យធំរបស់អាកាសចរណ៍អវកាស ផ្កាយរណបរុករក និងបច្ចេកវិទ្យាកំណត់ទិស (GPS) BeiDou របស់ចិននឹងអាចត្រូវបានដំឡើងនៅទីនេះ។

ទៅថ្ងៃមុខ ទីក្រុងអាកាសចរណ៍អវកាស នឹងផ្ដោតទៅលើការអភិវឌ្ឍ និងផលិតឡើងនូវផលិតផលផ្នែកអាកាសចរណ៍អវកាសគុណភាពខ្ពស់ សេវាកម្មបាញ់បង្ហោះយានអវកាស និងសេវាកម្មផ្ដល់ជំនួយផ្សេងៗទៀត។

Han Yong ដែលជាអ្នកគ្រប់គ្រងគម្រោងទីក្រុងអាកាសចរណ៍អវកាស Wenchang ឱ្យដឹងថា “យើងកំពុងបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ប្រព័ន្ធផ្លូវថ្នល់កំពុងត្រូវបានសាងសាង់ ចំណែកសេវាកម្មផ្ដល់ជំនួយក៏កំពុងដំណើរការ។ ឧទាហរណ៍ដូចជា សាលាមធ្យមសិក្សាតភ្ជាប់ជាមួយនឹងសាកលវិទ្យាល័យ Tsinghua ក៏បានចាប់ផ្ដល់ជ្រើសរើសនិស្សិតហើយដែរ”។

លោក​ Han Yong បន្ត​ថា “ជំហានបន្ទាប់ ពួកគេនឹងពន្លឿនការតាក់តែងគម្រោង និងជំរុញការវិនិយោគ។ ក្រុមហ៊ុនមួយចំនួនបានដំណើរការប្រកបដោយស្ថិរភាព។ យើងត្រូវបង្កើតបរិយាកាសពាណិជ្ជកម្មឱ្យបានល្អ ដើម្បីជួយឱ្យក្រុមហ៊ុននានាមានការរីកចម្រើន និងធ្វើឱ្យមានភាពងាយស្រួលនៅក្នុងដំណាក់កាលពិនិត្យ និងអនុម័ត។ យើងត្រូវការពន្លឿនការសាងសង់ទីក្រុងអាកាសចរណ៍អវកាសនេះ”៕

ប្រភព៖ CCTV

Advertisement