(វីដេអូ)-SpaceX បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធើណិត​​60​គ្រឿងបន្ថែម​ទៀត​​ដោយ​ជោគ​ជ័យ! គម្រោង​អ៊ីន​ធើ​ណិត​នេះ​នឹង​រក​ចំណូល​បាន​30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​

ការ​បាញ់​បង្ហោះ​យាន​អវកាស​ដែល​មានដឹក​អវកាស​​ចរ​​ជា​ប្រវត្តិ​សាស្ដ្រ​ឡើង​ទៅ​លើ “មេឃ” មិន​ទាន់​បាន​5​ថ្ងៃ​ផង SpaceX ក៏​បន្ត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​បាញ់​បង្ហោះ​​បណ្ដុំ​ផ្កាយ​​រណប​​ Starlink ទី​8 ឡើង​ទៅ​កាន់​កន្លង​គោចរ​។

បណ្ដុំ​ផ្កាយ​រណប​ត្រូវ​បាន​ភ្ជាប់​នៅ​ផ្នែក​ខាង​មុខ​នៃ​កាំជ្រួច​រុញ​ច្រាន​ Falcon 9។ កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ពី​ស្ថានីយ​​​នៃ​ទ័ព​អាកាស​ Cape Canaveral នៅ​ក្នុង​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​4​មិថុនា​ នៅ​វេលា​ម៉ោង​21​និង​25​នាទី​(ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​)។ ការ​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យនេះ​ បាន​បញ្ជាក់​បន្ថែម​អំពី​សមត្ថ​ភាព​របស់​កាំជ្រួច​ប្រើ​ឡើង​វិញ​ Falcon 9 ហើយ​ក៏​បាន​ជួយ​ឱ្យ​ចំនួន​ឧបករណ៍​នៅក្នុង​ប្រព័ន្ធ​​ផ្កាយ​រណប​​​ Starlink កើន​ឡើង​ដល់ 480គ្រឿង​។

ប្រហែល​2នាទី​និង​45​វិនាទី​ក្រោយ​ពីបាន​បាញ់​បង្ហោះ​ ក្បាល​រុញ​ច្រាន​ជាន់​ទី​1​របស់​កាំជ្រួច​ បាន​ផ្ដាច់​ខ្លួន​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​កប៉ាល់​​គ្មាន​មនុស្ស​បើក​​ដែលមាន​ឈ្មោះថា “Just Read the Instructions” នៅ​លើ​លម្ហ​មហា​សមុទ្រ​អាត្លង់​ទិក ខណៈ​ដែល​ក្បាល​រុញ​ជាន់​ទី​2​ បន្ត​នាំ​ផ្កាយ​រណប​ចំនួន​60​​ ចូល​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែន​ដី​​ និង​បាន​ពង្រាយ​ទៅក្នុង​ប្រព័ន្ធ​ដែល​បាន​គ្រោង​ទុក​ដោយ​ជោគ​ជ័យ​​ ក្រោយ​រយៈ​ពេល​15​នាទី​។

ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ឡើង​វិញ​ជា​លើក​ទី​5​នេះ Falcon 9 បាន​បង្កើត​ឯត​ទគ្គ​កម្ម​ថ្មី​មួយ​ទៀត​ អំពី​អាយុ​កាល​របស់​កាំជ្រួច​រុញ​ច្រាន​។ ដំបូង​ឡើង​ គម្រោង​​​បាញ់​បង្ហោះ​ខាងលើ​នេះ​ត្រូវ​បាន​កំណត់​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ប៉ុន្តែ វា​ត្រូវ​បាន​ពន្យារ​ពេល​​កន្លះ​ខែ​ដោយ​សារ​តែ​ឥទ្ធិ​ពល​របស់​ព្យុះ​ Arthur។

​ប្រព័ន្ធផ្កាយ​រណប​​ Starlink ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់​ផ្គង់​សេវាអ៊ីនធើណិត​ល្បឿន​លឿន​​ និង​មាន​វិសាល​ភាព​គ្រង​ដណ្ដប់​ទូទាំង​ពិភពលោក​។ ផ្កាយ​រណប​ទាំង​នោះ​នឹង​ហោះ​ជុំ​វិញ​ផែន​ដី​​នៅលើ​កម្ពស់​ប្រមាណជា​550​គីឡូម៉ែត្រ​។ គោល​ដៅ​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន SpaceX គឺ​ការ​បង្កើន​ចំនួន​​ផ្កាយ​រណប​នៅក្នុង​បណ្ដាញ​អ៊ីន​ធើណិត​នេះ​ ឱ្យ​បាន​40,000​គ្រឿង​។

​​មហា​សេដ្ឋី​ Elon Musk ដែល​ជា​ CEO របស់​ SpaceX

“បើ​សិន​ជា​ជោគ​ជ័យ គម្រោង​ខាង​លើ​នេះ​នឹង​ប្រមូល​បាន​ប្រាក់​ចំណូល​ 30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​សម្រាប់​ SpaceX” នេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​​មហា​សេដ្ឋី​ Elon Musk ដែល​ជា​ CEO របស់​ SpaceX។ ក្រុម​ហ៊ុន​នេះ មាន​គម្រោង​ផ្គត់​ផ្គង់​អ៊ីនធើ​ណិត​ដំបូង​គេ​ពី​បណ្ដាញ​​ Starlink ទៅ​ឱ្យ​អតិថិ​ជន​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កាដាណា​​នៅក្នុង​ឆ្នាំ​នេះ​៕

ប្រភព៖ AFP/Cnet

Advertisement