ក្រុមហ៊ុន​ចិន និង​គម្រោង​បាញ់​បង្ហោះ​រ៉ុក្កែត​​ដែល​អាច​ប្រើប្រាស់ឡើងវិញ​

Galactic Energy ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​មួយ​របស់​ចិន អាចបង្កើត​របត់​ថ្មី​នៅក្នុង​ការ​​ប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស​ចរណ៍​អន្តរជាតិ ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​នាំមុខ​ដោយ​ក្រុមហ៊ុន​អាម៉េរិក SpaceX។

កាលពី​ឆ្នាំ 2017 ក្រុមហ៊ុន​អវកាស SpaceX (សហរដ្ឋ​អាម៉េរិក) ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី Elon Musk បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ ​ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុក្កែត Falcon 9 ដែល​ប្រើប្រាស់​រួចហើយ។

ពេលនេះ Galactic Energy ដែលជា​ក្រុមហ៊ុន​មួយ​របស់​ចិន ក៏មាន​ឱកាស​ធ្វើ​ដូច SpaceX។ បើសិន​បេសកកម្ម​បាញ់​បង្ហោះ​នេះ​បាន​ជោគជ័យ វា​នឹង​ជួយ​ឱ្យ​ប្រទេស​ចិន​បោះជំហាន​មួយ​ធំ​ទៀត​នៅក្នុង​ការប្រកួតប្រជែង​ក្នុង​វិស័យ​អវកាស។

កាលពី​ចុងខែ​កក្កដា​កន្លងទៅ Galactic Energy បានប្រកាសថា កំពុង​សាកល្បង​បច្ចេក​វិទ្យា​ម៉ាស៊ីន​ប្រតិកម្ម​របស់​រ៉ុក្កែត​រុញច្រាន​មួយ​ប្រភេទ។ នេះ​គឺជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​ឱ្យ​រ៉ុក្កែត​ចុះចត​ដោយ​សុវត្ថិភាព ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ។

តំណាង​របស់ Galactic Energy ឱ្យដឹងថា អត្រា​នៃ​ការ​ល្អៀង​​របស់​គន្លង​គោចរ និង​​ចំណុច​ចុះចត រួម​នឹង​តួ​លេខ​​ផ្សេងទៀត​របស់​ម៉ាស៊ីន​នេះ សុទ្ធតែ​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការ​រចនា។ ការធ្វើ​តេស្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​គម្រោង​ប្រើប្រាស់​ឡើងវិញ​នូវ​រ៉ុក្កែត Pallas 1 ក្នុង​បេសកកម្ម​ដែល​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ 2024។

សហរដ្ឋ​អាម៉េរិក​កំពុង​នាំ​មុខ​ក្នុង​វិស័យ​រ៉ុក្កែត​ប្រើប្រាស់​ឡើងវិញ​

រ៉ុក្កែត Pallas 1 ត្រូវបាន​ផលិតឡើង​ដើម្បី​អាច​ដឹកទំនិញ​ទម្ងន់ 5,000 គីឡូក្រាម ឡើងទៅ​កាន់​គន្លង​តារាវិថី​​កម្រិត​ទាប​របស់​ផែនដី ហើយ​វិល​ត្រលប់មក​ចុះចត​​​ដោយ​ឈរ​ត្រង់​ដូច​ទៅនឹង​បណ្ដា​រ៉ុក្កែត​របស់​ SpaceX ក៏​ដូច​ជា​គម្រោង​របស់ SpaceX សម្រាប់​រ៉ុក្កែត Falcon 9 នៅ​ឆ្នាំ 2025។

គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន​មិនទាន់បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ណាមួយ​នៅឡើយ។ នេះ​នៅតែ​ជា​វិស័យ​ដែល​កំពុង​ត្រូវបាន​នាំមុខ​ដោយ​បណ្ដា​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាម៉េរិក។

ទោះជា​យ៉ាងណាក៏ដោយ គ្រប់យ៉ាង​នឹង​បាន​ប្ដូរផ្លាស់ បើសិន​បណ្ដា​ក្រុមហ៊ុន​ចិន​ មាន​ជា​អាទិ៍ Galactic Energy,​ Landspace, iSpace, Deep Blue Aerospace, CAS Space និង Space Pioneer ជា​ដើម ​ទទួលបាន​ជោគ​ជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុក្កែត​ដែល​អាច​ប្រើប្រាស់​ឡើងវិញ៕

Advertisement