កម្ពុជា​ – វៀតណាម ស្នើ​ឱ្យបង្កើន​ពាណិជ្ជកម្ម​ឱ្យ​បាន​ច្រើន​ជាង​​មុន​ទ្វេដង​

នាយករដ្ឋមន្ត្រីវៀតណាម ហ្វាំ មិញចិញ ទទួលជួបពិភាក្សាការងារជាមួយនឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី 11 ធ្នូ

នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ប្រឹង​ប្រែង​ ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​ 20 ពាន់​លាន​ដុល្លារ​​អាម៉េរិក នា​ពេល​ខាង​មុខ ដែល​តួលេខ​នេះ​ច្រើន​ជាង​ 10 ពាន់​លាន​ដុល្លារ បើធៀប​នឹង​ឆ្នាំ 2022​។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ហ្វាំ មិញចិញ (Pham Minh Chinh) កាល​ពី​ព្រឹក​ថ្ងៃទី 11 ខែ​ធ្នូ ឆ្នាំ 2023 សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​នេះ គឺដើម្បី​បន្ត​ប្រពៃណី​ល្អ​ប្រសើរ​ ជំរុញ​​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ឱ្យ​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ថែម​ទៀត​។

ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​នៅក្នុង​ការ​ជួយ​គ្នា​កសាង​សេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់​ការ សមាហរណកម្ម​អន្តរជាតិ​ស៊ីជម្រៅ និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​គឺ​ពាណិជ្ជកម្ម​នៅ​តាម​បន្ទាត់​ព្រំ​ដែន។

មេដឹក​នាំ​កម្ពុជា​ – វៀតណាម ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើងដល់​ 20 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នា​ពេល​ខាង​មុខ និង​ឯកភាព​ក្នុងការ​លើក​ទឹក​ចិត្ត​ ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​សកម្មភាព​វិនិយោគ ពាណិជ្ជកម្ម​របស់​បណ្ដា​ក្រុម​ហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ​។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ ហ៊ុន​ ម៉ាណែត ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃទី 11 ដល់ 12 ខែ​ធ្នូ ឆ្នាំ 2023​។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ដំបូង​ទៅ​កាន់​ប្រទេស​វៀតណាម​ របស់​ សម្ដេច​ រាប់​ចាប់​តាំង​ពី​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​កាល​ពី​ខែ​សីហា​ ហើយ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​​ដំបូង​​នៅ​ប្រទេស​មួយ​ដែល​ជា​សមាជិក​អាស៊ាន​៕

Advertisement