(វីដេអូ)-សេវា​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត កំពុង​ត្រូវបាន​ជំរុញ​ឱ្យប្រើ​ប្រាស់​នៅ​សិន​ជិន

(ប្រទេស​ចិន)-មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិន​ជិន (Shenzhen Technology Center) កំពុង​ដំឡើង​បណ្ដាញ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ខ្នាតតូច​ស្វ័យប្រវត្ត ដើម្បី​ដឹកជញ្ជូន​ទំនិញ​ដោយ​មិនបាច់​មាន​មនុស្ស នៅក្នុង​ខេត្ត​ក្វាង​ទុង ភាគខាងត្បូង​ប្រទេស​ចិន។

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិន​ជិន កំពុងតែ​ឈានមុខ​គេ​ក្នុង​ការជំរុញ​សេវា​ប្រគល់​ទំនិញ​ដោយ​កូន​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ជា​ផ្នែក​មួយ​ក្នុងការ​ប្រឹងប្រែង​កសាង​ប្រព័ន្ធ​យានយន្ត​គ្មាន​មនុស្ស​បើក​នៅលើ​អាកាស លើ​ផ្ទៃសមុទ្រ និង​លើគោក។

នៅក្បែរ​អគារ​ការិយាល័យ​មួយ​ក្នុង​ទីក្រុង​សិន​ជិន គឺជា​បន្ទប់​ទំនិញ​ស្វ័យប្រវត្ត (kiosk) ត្រូវបាន​រចនា​ឡើង​សម្រាប់​ឱ្យ​គ្រប់គ្នា​អាច​ទទួល​ទំនិញ​របស់​ពួកគេ​ដែល​ដឹកជញ្ជូន​មក​ដោយ​កូន​យន្តហោះ​ដ្រោ​ន។

អតិថិជន​ម្នាក់​និយាយថា៖ វាយ​ជួយ​សន្សំសំច័យ​ពេល​បាន​យ៉ាងច្រើន។ ក្រៅពីនេះ ខ្ញុំ​គ្រាន់តែ​មក​ទទួល​ទំនិញ​ដែល​បាន​បញ្ជា​ទិញ ដោយ​មិនចាំបាច់​ជួប​អ្នកណា​ទាំងអស់។ សេវា​ប្រគល់​ទំនិញ​ដោយ​ដ្រោ​ន ពិតជា​ទាន់សម័យ។

អ្នកទទួលខុសត្រូវ​លើ​សេវា​ដឹកជញ្ជូន​បានឱ្យដឹងថា ដ្រោ​ន​គ្មាន​មនុស្ស​បើក​ដឹកជញ្ជូន​ទំនិញ​បាន​លឿន​ជាង​មនុស្ស។ យើង​ទទួលបាន​ការបញ្ជាទិញ​ចាប់ពី ២០០ ទៅ ៣០០ លើក ជា​រៀងរាល់ថ្ងៃ។

លោក Mao Yinian ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ប្រគល់​អាហារ Meituan និយាយថា ក្នុងអំឡុងពេល​មមាញឹក​នៅ​ថ្ងៃត្រង់ យើង​ប្រគល់​ទំនិញ​បាន​លឿន​ជាង ១០ នាទី ធៀប​នឹង​ការប្រគល់​ទំនិញ​ដោយ​មនុស្ស។

ទីក្រុង​សិន​ជិន ក៏​កំពុងធ្វើការ​សាកល្បង​ប្រើប្រាស់​យន្តហោះ​ដ្រោ​ន ដើម្បី​ដឹកជញ្ជូន​កញ្ចប់​ទំនិញ និង​សម្ភារៈ​សុខាភិបាល​ផងដែរ។

លោក Jiang Ming ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​ដ្រោ​ន Fengyi Technology បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនេះ​អាច​ដឹកទំនិញ​បាន ១០ គីឡូក្រាម និង​ហោះ​បាន​ចម្ងាយ ២០ គីឡូម៉ែត្រ។ បើសិន​ដឹក ២០ គីឡូក្រាម វា​អាច​ហោះ​បាន ១០ គីឡូម៉ែត្រ។ នៅ​ស្ទើរ​គ្រប់​ទីក្រុង ដ្រោ​ន​អាច​ដឹកជញ្ជូន​ទំនិញ​ភាគច្រើន​បានភ្លាមៗ បន្ទាប់ពី​អតិថិជន​បាន​បញ្ជា​ទិញ​ពី​ហាង​អន​ឡាញ៕

Advertisement