ឧ​ត្ថ​ម្ភា​គ​ចក្រ​ដឹកទំនិញ​ដែល​ធំ និង​ធ្ងន់​ជាងគេ​បង្អស់​លើ​ពិភពលោក

Mi-26

(រុស្ស៊ី) – ឧទ្ធម្ភាគចក្រ Mi-26 អាច​ដឹកទំនិញ​ទម្ងន់ 20 តោន និង​អាច​ហោះ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ ត្រូវបាន​ប្រើប្រាស់​ទាំង​ក្នុង​វិស័យ​យោធា ទាំង​វិស័យ​ស៊ីវិល។

ពិភពលោក​បច្ចុប្បន្ន មាន​ឧទ្ធម្ភាគចក្រ​មួយ​ប្រភេទ​ដែល​អាច​ដឹក​ទាំង​យន្តហោះ​ចម្បាំង។ យោងតាម​របាយការណ៍​របស់​ណា​តូ (NATO) Mi-26 របស់​រុស្ស៊ី គឺជា​ឧទ្ធម្ភាគចក្រ​ធំជាងគេ​បង្អស់​លើ​សកលលោក។ ឧទ្ធម្ភាគចក្រនេះ មាន​តួនាទី​ដឹក​រថក្រោះ រថពាសដែក​ទម្ងន់ 13 តោន និង​មី​ស៊ី​ល​ប្លោង​ជា​ដើម ទៅកាន់​មូលដ្ឋានទ័ព​នៅឆ្ងាយៗ។

ជាក់ស្ដែង Mi-26 គឺជា​ឧទ្ធម្ភាគចក្រ​ដែល​ធ្ងន់​ជាងគេ​លើ​ពិភពលោក ក្រៅពី​គំរូ​ដំបូង V-12 ដែល​បាន​បង្ហាញខ្លួន​មុន​នោះ។ ដំណើរការ​អភិវឌ្ឍ Mi-26 ត្រូវបាន​ធ្វើឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1970 បន្ទាប់ពី​ដឹង​ច្បាស់​ថា V-12 មិនអាច​ដឹកទំនិញ​ធុន​ធ្ងន់​បាន។

ឧទ្ធម្ភាគចក្រ Mil Mi-26 ធៀបនឹងយន្តហោះ Boeing 737

Mi-26 ដែលមាន​បណ្ដោយ 40 ម៉ែត្រ ទម្ងន់​ហោះហើរ 56 តោន កាប៊ីន​ផ្ទុកទំនិញ​ទំហំ 3.2 ម៉ែត្រ និង​មាន​ចំណុះ 110 ម៉ែត្រគូប ត្រូវបាន​ផលិត​ដោយ​រោងចក្រ​ផលិត​ឧទ្ធម្ភាគចក្រ Mil Moscow របស់​ប្រទេស​រុស្ស៊ី។ ជើងហោះហើរ​ដំបូង​របស់ Mi-26 ត្រូវបាន​ធ្វើឡើង​កាលពី​ខែធ្នូ 1977។ គិត​ត្រឹម​ឆ្នាំ 2015 Mil Moscow ផលិត Mi-26 បាន 316 គ្រឿង។

ឧទ្ធម្ភាគចក្រ Mil Mi-26 អាច​ដឹក​យន្តហោះ​ដឹក​អ្នក​ដំណើរ

ឧទ្ធម្ភាគចក្រ​នេះ​អាច​ដឹកទំនិញ​បាន 20 តោន បើ​ទោះ​វា​មាន​ទម្ងន់​ទទេ​ជិត​ស្មើនឹង Mi-6។ Mi-26 ដែល​ផ្ទុកទំនិញ​ពេញ​អាច​ហោះ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ។ វា​ក៏​អាច​ហោះហើរ​ជា​បន្តបន្ទាប់​ក្នុង​ល្បឿន​ពី 240-270 គីឡូម៉ែត្រ/ម៉ោង។ បើ​មិនមាន​ទំនិញ Mi-26 អាច​ហោះ​បាន​ចម្ងាយ 2,350 គីឡូម៉ែត្រ។

Advertisement