ក្រុម​ហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា ប្រមូល​ទុន​បាន​បី​លាន​ដុល្លារ​ដើម្បី​បង្កើន​ការផលិត​

Selex Motors ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី និង​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ម៉ូតូ​អគ្គិសនី កំពុង​ប្រមូល​ទុន​តម្លៃ​បី​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​ក៏មាន​ការចូលរួម​វិនិយោគ​ពី ADB Ventures, Schneider Electric Energy Access Asia, Touchstone Partners និង Sopoong Ventures ផងដែរ។

ខ្ទង់​វិនិយោគ​ថ្មី​ខាងលើនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពង្រីក​ទំហំ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​គាំទ្រ​ដល់​ការលក់​ម៉ូតូ​អគ្គិសនី​ និង​បង្កើត​ប្រព័ន្ធ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​នៅតាម​បណ្ដា​ទីក្រុងធំៗនៅ​ប្រទេស​វៀតណាម ក៏ដូចជា​ការពង្រីក​តំបន់​ពាណិជ្ជកម្ម​របស់ Selex ។ នេះ​បើតាម CEO របស់​ក្រុមហ៊ុន Selex Motors ។

ម៉ូតូ​អគ្គិសនី​របស់​ក្រុមហ៊ុន Selex Motors ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលដៅ​ប្រើប្រាស់​ក្នុង​កម្រិត​ខ្ពស់​ដូចជា​ការប្រគល់​ទំនិញ​ជាដើម។ ម៉ូតូ​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​ផ្ដល់​ការគាំទ្រ​ដល់​ដំណោះស្រាយ​នៅក្នុង​ការប្ដូរ​ថ្ម​ផ្ទុក​ថាមពល​ដែល​អាចធ្វើ​ដំណើរ​បានរ​ហូត​ដល់ 150 គីឡូម៉ែត្រ ដោយ​ប្រើពេល​ដក និង​ដាក់​ថ្ម​មិន​ដល់​ពីរ​នាទី។

ខ្ទង់​ប្រាក់​វិនិយោគ​ខាងលើនេះ​ត្រូវបានប្រមូល​នៅពេល​វិស័យ​យានយន្ត​អគ្គិសនី​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក ដោយ​ទីផ្សារ​នៅ​តំបន់​នេះ​ត្រូវបាន​គណនា​ឃើញថា​នឹង​មាន​តម្លៃ​​ឡើងដល់​ជាង 777 ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅត្រឹម​ឆ្នាំ 2027។

ក្រុមហ៊ុន Selex Motors ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 នៅ​ប្រទេស​វៀតណាម ដោយ​ជនជាតិ​វៀតណាម​បី​រូប​គឺ បណ្ឌិត ង្វៀន ហឺ​វ​ហ្វឿ​ក​ង្វៀន, បណ្ឌិត ង្វៀន ត្រុ​ង​ហៃ និង​អ្នកជំនាញ​ផ្នែក IoT ង្វៀន ឌិ​ញ​ក្វាង។

Advertisement