​ផែន​ដី​និង​ព្រះចន្ទ​មាន​​ទិដ្ឋ​ភាព​បែប​ណា​ នៅ​ពេល​មើល​ពី​ពិភព​សៅរ៍ដែល​មាន​ចម្ងាយ​1.4​ពាន់​លាន​គម?

​ផែន​ដី​និង​ព្រះចន្ទ​មាន​​ទិដ្ឋ​ភាព​បែប​ណា​ នៅ​ពេល​មើល​ពី​ពិភព​សៅរ៍ដែល​មាន​ចម្ងាយ​1.4​ពាន់​លាន​គម?

យាន​អវកាស​ Cassini ដែល​មាន​ភារកិច្ច​ស្រាវ​ជ្រាវ​ពិភព​សៅរ៍​ ថត​បាន​រូប​ភាព​ផែន​ដី​ និង​ព្រះ​ចន្ទ​នៅ​ពេល​ដែល​​យាន​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃជីវិត​របស់​វា​ បន្ទាប់​ពី​បាន​​​បំពេញ​បេសក​កម្ម​នៅ​ក្នុង​លម្ហ​អវកាស​។

រូប​ថត​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផែនដី​និង​ព្រះចន្ទ​ដែល​យើង​លើក​យក​មក​និយាយ​នៅ​ទីនេះ​។

កាល​ពី​ថ្ងៃទី​27​ឧសភា អង្គការ​ NASA បាន​ចែក​រំលែក​រូប​ភាព​នៃ​​ផែន​ដី ​និង​ព្រះចន្ទ​ដែល​ត្រូវ​បាន​ថត​កាល​ពី​3ឆ្នាំ​មុន​ដោយ​យាន​អវកាស​ Cassini។ ពេល​នោះ ព្រះអាទិត្យ​ត្រូវ​បាន​ពិភព​សៅរ៍បាំង​​ពន្លឺ​អស់​មួយ​រយៈ​ពេល​ខ្លី បង្ក​បាន​ជា​ឱកាស​ល្អ​សម្រាប់​យាន​ ដើម្បី​បង្វែរ​កាមេរ៉ា​ទៅ​រក​តំបន់​កណ្ដាល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​។ ផ្កាយ​ព្រះ​សៅរ៍​គឺជា​ពិភព​ទី​6 បើ​រាប់​ពី​ព្រះ​អាទិត្យ​ ចំណែក​ផែនដី​គឺជា​ភព​ទី​3​ មាន​ន័យ​ថាផែនដី​ស្ថិត​នៅ​​ក្នុង​តំបន់​កណ្ដាល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​។

ជាមួយ​នឹង​រយៈ​ចម្ងាយ​1.4​ពាន់​លាន​គីឡូម៉ែត្រ ផែនដីនិង​ព្រះចន្ទ​​នៅក្នុង​រូប​ថត គឺគ្រាន់​តែ​ជា​​ចំណុច​តូច​ល្អិត​​​នៅ​កណ្ដាល​រង្វង់​ខ្សែក្រវាត់នានា​​របស់​ពិភព​សៅរ៍​​ដ៏​មហិមា​តែ​ប៉ុណ្ណោះ​។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​រូប​ភាព​គឺជា​រង្វង់​ខ្សែក្រវាត់​​A របស់​ពិភព​សៅរ៍​ ចំណែក​នៅ​ក្បែរ​ជ្រុង​ខាង​ស្ដាំង​គឺជា​លម្ហ​Encke ដ៏ធំល្វឹង​ល្វើយ​ ខណៈ​ដែល​លម្ហ​​Keeler រាង​ចង្អៀត​បន្តិច​ដែល​ស្ថិត​នៅ​ក្បែរ​ចំណុច​កណ្ដាល​នៃ​រូប​ភាព​។ រី​ឯ​នៅ​ជ្រុង​ខាង​ឆ្វេង​គឺជា​ខ្សែ​ក្រវាត់​F ដែល​មាន​ការ​ប្រែប្រួល​ជា​ប្រចាំ​។

យាន​អវកាស Cassini ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​អវកាស​ពី​រដ្ឋ​ Florida នៃ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​15​តុលា​1997។ ឆ្នាំ​2004 យាន​ដែល​មាន​តម្លៃ​3.3​ពាន់​លាន​ដុល្លារ​​របស់​ NASA នេះ បាន​ហោះទៅ​ដល់​ពិភព​សៅរ៍​ និង​បាន​ចាប់​ផ្ដើមការ​​ស្រាវ​ជ្រាវ​​របស់​ខ្លួន​។ ឆ្នាំ​2017 យាន​នេះ​ក៏អស់​ថាម​ពល​។ អ្នកវិទ្យា​សាស្ត្រ​បាន​បញ្ជា​ឱ្យ​យាន​អវកាស​នេះ​ ​​​ហោះចូល​ក្នុង​បរិយាកាស​របស់​ភព​សៅរ៍​​ដើម្បី​កម្ចេច​​ចោល​នៅ​ទីនោះ​។ ការ “ធ្វើ​អត្តឃាត” បែប​នេះគឺ​ដើម្បី​បញ្ជៀស​មិន​ឱ្យ​វា​អណ្ដែត​ត្រសែត​គ្មាន​គោល​ដៅ​ ដែល​អាច​ហោះ​ធ្លាក់​ទៅ​លើ​ព្រះចន្ទ​នានាដែល​អាច​មាន​ជីវិត​​របស់​ភព​សៅរ៍​ បង្ក​ការ​ឆ្លង​​ជីវិត​ពី​ផែន​ដី​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Advertisement