ហេតុអ្វី​មហាសេដ្ឋី​ទីមួយ​នៅ​​ប្រទេស​វៀតណាម ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ដើម្បី​សង់រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ?

រថយន្តអគ្គិសនី​ VinFast របស់ Vingroup និង​មហា​សេដ្ឋី​ ហ្វាំ ញឹត វឿង

ថ្ម​ផ្ទុក​ថាមពល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កត្តា «ស្លា​ប់រស់» នៅក្នុង​ការអភិវឌ្ឍរ​ថ​យន្ត​ដើរ​ដោយ​អគ្គិសនី ខណៈដែល​ស្ថាន​ភាពខ្វះ​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​គេ​ព្យាករ​ថា​នឹងមាន​សភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ខាងមុខ។

មហាសេដ្ឋី​វៀតណាម ហ្វាំ ញឹ​ត វឿ​ង សង់រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល 2 កន្លែង តម្លៃ​រាប់រយ​លាន​ដុល្លារ​អាម៉េរិក

ថ្មីៗនេះ ក្រុមហ៊ុន VinES និង​ក្រុមហ៊ុន Gotion, Inc. បានចាប់ផ្ដើម​អនុវត្ត​គម្រោង​សង់រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ ប្រទេស​វៀតណាម។

គម្រោង​នេះ​មាន​ទុន​សរុប 275 លាន​ដុល្លារ​អាម៉េរិក លើ​ផ្ទៃដី​ទំហំ 14 ហិកតា និង​អាច​ផលិត​ថ្ម​ដែល​អាច​ផ្ទុក​អគ្គិសនី​បាន 5 GWh/ឆ្នាំ ស្មើនឹង​ថ្ម​ចំនួន 30 លាន cell ក្នុង​មួយឆ្នាំ។ តាម​ផែនការ រោងចក្រ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរ​ការផលិត​ក្នុង​បរិមាណ​ច្រើន​ចាប់ពី​ត្រីមាស​ទី 3 ឆ្នាំ 2024 និង​ក្លាយជា​រោងចក្រ​ផលិត​ថ្ម LFP ដំបូង​នៅ វៀតណាម ដែល​នេះ​ក៏​រួមចំណែក​ក្នុងការ​បង្កើត​ការងារ​រាប់រយ​កន្លែង​សម្រាប់​ប្រជាជន​ក្នុង​តំបន់។

មហា​សេដ្ឋី​ ហ្វាំ ញឹត វឿង

មុន​នោះ កាលពី​ខែធ្នូ 2021 VinES បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត និង​វេច​ខ្ចប់​ប្រអប់​ថ្ម​មួយ​នៅលើ​ផ្ទៃដី 8 ហិកតា សម្រាប់​ដំណាក់កាល​ដំបូង ដែល​អាច​ផលិត​ប្រអប់​ថ្ម​បាន 100,000 ក្នុង​មួយឆ្នាំ ដោយ​ចំណាយ​ដើមទុន​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន​ការងារ​សាងសង់​រោងចក្រ​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​បង្ហើយ​ចុងក្រោយ មុនពេល​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ខែធ្នូ 2022 ដើម្បី​ផ្គត់ផ្គង់​ថ្ម Lithium សម្រាប់​រថយន្ត​អគ្គិសនី VinFast។

រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​ VinFast របស់ Vingroup

យោងតាម​មេដឹកនាំ​ក្រុមហ៊ុន VinES ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ជាមួយនឹង Gotion គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ «ម្ចាស់ការ» ស្ដីពី​ប្រភព​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​អគ្គិសនី​សម្រាប់​រថយន្ត VinFast និង​យុទ្ធសាស្ត្រ​ក្លាយជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ថាមពល​របស់ VinES ក៏ដូចជា​យុទ្ធសាស្ត្រ «មុម 3» នៃ​ក្រុមហ៊ុន Vingroup របស់ មហាសេដ្ឋី​វៀតណាម ហ្វា​ម ញឹ​ត វឿ​ង (Pham Nhat Vuong)។

ពិភពលោក​កំពុងតែ​ខ្វះ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី

វិស័យ​ឧស្សាហកម្ម​រថយន្ត​កំពុង​តែមាន​ការប្រែប្រួល​យ៉ាងខ្លាំង​ក្លា ក្នុង​គ្រា​ដែល​រថយន្ត​ដើរ​ដោយ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល កំពុងតែ​ត្រូវបាន​បង្ខំ​ឱ្យ «ចាកចេញ» បន្តិចម្ដងៗ ហើយ​ទុក​កន្លែង​សម្រាប់​រថយន្ត​អគ្គិសនី (EV)។ យោងតាម អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) បរិមាណ​រថយន្ត​អគ្គិសនី​ដែល​លក់​ចេញ​ក្នុង​ទីផ្សារ​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ 2022 ពោលគឺ​នឹង​ឡើងដល់ 13% នៅ​ទូទាំង​ពិភពលោក។

រថយន្តអគ្គិសនី

ក្នុង​ការផលិត​រថយន្ត​អគ្គិសនី គេ​មិនអាច​មិន​និយាយ​ដល់​បច្ចេកវិទ្យា​ស្នូល​របស់​រថយន្ត​ប្រភេទ​នេះ នោះ​គឺ​ថ្ម​ផ្ទុក​ថាមពល ព្រោះ​វា​មាន​ចំណែក​រហូតដល់ 1/3 នៅក្នុង​ការចំណាយ​សរុប​សម្រាប់​ការផលិត​រថយន្ត​អគ្គិសនី​មួយគ្រឿង។ ថ្ម​ផ្ទុក​អគ្គិសនី​បច្ចុប្បន្ន កំពុង​ខ្វះ​ក្នុង​បរិមាណ​ច្រើន ហើយ​គ្រោង​នឹងខ្វះ​ច្រើន​បន្ថែមទៀត​នៅពេល​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត នាំគ្នា​បោះបង់​ម៉ាស៊ីន​ចំហេះ​ក្នុង។

មូលហេតុ​ទាំងឡាយ​ខាងលើ​នេះហើយ បាន និង​កំពុង​ជំរុញ​ឱ្យ មហាសេដ្ឋី​វៀតណាម ក៏ដូចជា​ក្រុមហ៊ុន Vingroup ផ្ដោត​សំខាន់​ទៅលើ​ការផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី៕

Advertisement