ក្រុមហ៊ុន Airbus និង M1 នៅសិង្ហបុរី ចុះ MoU ក្នុងការតេស្តដ្រូនបំពាក់បច្ចេកវិទ្យា 5G

ថ្មីៗនេះ​ក្រុមហ៊ុនទូរស័ព្ទ M1 បាន​សហការ​ជាមួយ​ក្រុមហ៊ុន Airbus ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​មួយ ដើម្បី​ធ្វើការ​សាកល្បង​បង្ហោះ​ដ្រូ​ន​នៅតាម​ឆ្នេរសមុទ្រ​នៃ​ប្រទេស​សិង្ហ​បុរី ដើម្បី​ទាញយក​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ 5G។

ការសាកល្បង​នេះ គឺ​ដើម្បី​ធ្វើការ​វាយតម្លៃថា តើ​គេ​អាច​បង្ហោះ​ដ្រូ​ន​បាន​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ដោយ​ប្រើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុនទូរស័ព្ទ M1 បាន​ដល់​កម្រិតណា? ហើយ​វា​ក៏​ជា​ឧកាស​មួយ​ដើម្បីឱ្យ​ក្រុមហ៊ុន M1 សង្កេតមើល​ពី​ដំណើរការ​ប្រព័ន្ធ 5G ដែល​ទើបបាន​ដាក់ឱ្យ​ប្រើប្រាស់រ​បស់​គេ​ផងដែរ។ ការប្រើប្រាស់​បច្ចេកវិទ្យា 5G និង​ទិន្នន័យ​ពី​ប្រព័ន្ធ​បណ្ដាញ (Network-based data) គឺ​សម្រាប់​កំណត់​ទីតាំង ដែល​អាច​ផ្ដល់​ភាព​សុក្រឹត ជាង​ប្រព័ន្ធ GPS ទៅទៀត។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ M1។

ក្រៅពី​ការសាកល្បង​ប្រើ​បច្ចេកវិទ្យា 5G សម្រាប់​ការ​បង្ហោះ​ដ្រូ​ន កាលពី​ខែ​មុន​ក្រុមហ៊ុន IBM ក៏មាន​ផែនការ ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន M1 និង Samsung ដើម្បី​បង្កើត​កម្មវិធី​សម្រាប់​វិស័យ​ផលិតកម្ម ដោយ​ប្រើ​បច្ចេកវិទ្យា 5G ជាមួយ AI និង Internet of Things (IoT) ផងដែរ។

ប្រព័ន្ធ 5G អាច​ផ្ដល់​ល្បឿន​រហូតដល់ 100ដង​នៃ​ល្បឿន​ប្រព័ន្ធ 4G (150-250Mbps v 20-30Mbps) ដែល​អាចឱ្យ​លោកអ្នក​ប្រើ​អ៊ី​ន​ធើ​ណិ​ត មើល​ភាពយន្ត និង​ទាញយក​ឯកសារផ្សេងៗបាន​យ៉ាង​លឿន ម្យ៉ាងវិញទៀត ប្រព័ន្ធ 5G ក៏​អាច​កាត់បន្ថយ​រយៈពេល​រង់ចាំ ក្នុងការ​ទំនាក់ទំនង​រវាង​ឧបករណ៍ (reduce latency) ដែល​នេះ​មាន​សារប្រយោជន៍​បំផុត​សម្រាប់​ប្រើ​ជាមួយ ឧបករណ៍​នៅក្នុង​មន្ទីរពេទ្យ និង​រថយន្ត​ដែល​អាច​បើក​បាន​ដោយ​ខ្លួនឯង​ជាដើម។ បច្ចេកវិទ្យា 5G ត្រូវបាន​គេ​ចាត់ទុកថា​ជា​បច្ចេកវិទ្យា​ជំនា​ន់ទី5 ដែលមាន​ការវិវឌ្ឍ​ខ្លាំង បើ​ប្រៀប​ទៅ​បច្ចេកវិទ្យា 4G សម្រាប់​ឧបករណ៍​ចល័ត៕

Advertisement