ក្រុម​ហ៊ុន Foxconn សហការ​ជាមួយ​ក្រុម​ហ៊ុន​ប្រេងសាំង​ថៃ ផលិត​រថយន្ត​អគ្គិសនី​នៅខេត្ត Chonburi

ក្រុមហ៊ុន​ចិនតៃវ៉ាន់ Foxconn កំពុង​ពង្រីក​ការផលិត​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ ដែល​មាន​សមត្ថភាព​អាច​ផលិត​ឡើងដល់ 150,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។

Foxconn បាន​សម្ពោធ​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ ដែលជា​​ផ្នែក​​មួយ​នៃ​ការបណ្ដាក់ទុន​រួមជាមួយ​នឹង​ក្រុមហ៊ុន​ប្រេងសាំង PTT។ រោងចក្រ​នេះ​គ្រោង​នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ 2024 ជាមួយនឹង​សមត្ថភាព​ផលិត 50,000 គ្រឿង/ឆ្នាំ​ក្នុង​ដំណាក់កាល​​ដំបូង និង​ឡើងដល់ 150,000 គ្រឿង​ក្នុង​ដំណាក់​បន្ទាប់​។

ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន​ដែលមាន​ឈ្មោះថា Horizon Plus ហើយនឹង​សាងសង់​រោងចក្រ​តម្លៃ​ប្រហែល 1 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​តំបន់ឧស្សាហកម្ម Rojana Nhongyai ក្នុង​ខេត្ត Chonburi។

ក្រុមហ៊ុន​ខាងលើ​ប្រកាសថា បណ្ដា​រថយន្ត​អគ្គិសនី​ដែល​ផលិត​ដោយ​រោងចក្រ​របស់​ពួកគេ​នៅ Chonburi ភាគច្រើន​នឹងត្រូវ​បាន​ផ្គត់ផ្គង់​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍៕

Advertisement