Startup ធំៗ​ចំនួន ៤ ​ដែល​ស្ថិត​​ក្នុង​ចំណោម​​ក្រុម​ហ៊ុន​​​ដែល​​មាន​តម្លៃ​​ជាង​គេ​​នៅ​ សហរដ្ឋ​​អាម៉េរិក​ មាន​ CEO​ ជា​​ជន​អន្តោ​ប្រវេសន៍

Simon គឺជាស្ត្រីអ្នកជំនួញជនជាតិបារាំង។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SpaceX, Stripe, Instacart និង Databricks គឺ​សុទ្ធតែជា​ជន​អន្ត​ប្រវេសន៍ ក្នុងនោះ​មាន​ទាំង ជនជាតិ​អ៊ីរ៉ង់ ផងដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បណ្ដា​ជនអន្តោប្រវេសន៍​កាន់​តែមាន​តួនាទី​សំខាន់​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាកំពូលៗនៅ សហរដ្ឋ​អាម៉េរិក។ យោងតាម Crunchbase ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ និង​មានតម្លៃ​ជាងគេ​ចំនួន ៤ នៅ​ប្រទេស​នេះ សុទ្ធ​តែមាន​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ជា​ជនអន្តោប្រវេសន៍។

១-ក្រុមហ៊ុន SpaceX

លោក Elon Musk

ក្រុមហ៊ុន​អវកាស​នេះ​ត្រូវ​បានកំណត់​តម្លៃ​ដល់​ជាង ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ខែតុលា ២០២១។ SpaceX ត្រូវបាន​បង្កើតឡើង​ដោយ​លោក Elon Musk ដែលជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង។ លោក Musk ធ្លាប់បាន​រៀន​នៅ​សាកល​វិទ្យា​មួយ​នៃ ប្រទេស​កាណាដា មុននឹង​បានមក​តាំង​លំនៅ​លើទឹក​ដី សហរដ្ឋ​អាម៉េរិក។

បច្ចុប្បន្ន លោក Elon Musk គឺជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លំដាប់​ទី ១ ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ ២៣៦ ពាន់​លាន​ដុល្លារ នេះ​បើតាម Bloomberg Billionaires Index។ ទ្រព្យ​ភាគច្រើន​របស់លោក មិនមែន​បានមកពី SpaceX នោះទេ ប៉ុន្តែ បានមកពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla។

២-ក្រុមហ៊ុន Stripe

Patrick និង John Collison

ក្រុមហ៊ុន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​អន​ឡាញ Stripe ត្រូវបាន​បង្កើតឡើង​ដោយ​បងប្អូន ២ នាក់ គឺ Patrick និង John Collison កាលពី​ឆ្នាំ ២០១០។ Patrick បច្ចុប្បន្ន​គឺជា នាយក​ប្រតិបត្តិ ខណៈដែល John កាន់តំណែង​ជា​ប្រធាន​ក្រុមហ៊ុន។

ពួកគេ​បានចាប់កំណើត និង​ធំ​ឡើង​នៅ​តំបន់​ជនបទ​ក្នុងស្រុក Tipperary នៃ ប្រទេស​អៀឡង់។ លោក Patrick ធ្លាប់​សិក្សា​ផ្នែក​គណិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts សហរដ្ឋ​អាម៉េរិក។ ២ ឆ្នាំក្រោយ John ក៏បាន​ប្រឡង​ជាប់​ចូល​សាកលវិទ្យាល័យ Havard។

ក្នុងពេល​នៅ​សិក្សា ពួកគេ​បាន​ក្លាយជា​សេដ្ឋី​ទៅហើយ ដោយសារ​គម្រោង​អាជីវកម្ម​ដំបូង​ដែលមាន​ឈ្មោះថា Auctomatic។ ក្រុមហ៊ុន​នេះ ក្រោយមក​ក៏ត្រូវ​បាន​លក់​ក្នុងតម្លៃ ៥ លាន​ដុល្លារ កាលពី​ឆ្នាំ ២០០។ បន្ទាប់មក ពួកគេ​ក៏បាន​បង្កើត​ក្រុមហ៊ុន Stripe។ ដើម្បី​ជាការ​វិនិយោគ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ទៅលើ Stripe ពួកគេ​ក៏បាន​សម្រេចចិត្ត​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Stripe ត្រូវបាន​កំណត់​តម្លៃ​ឡើងដល់​ប្រមាណ ៩៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

៣-ក្រុមហ៊ុន Instacart

នាង Fidji Simo (ស្ដាំបង្អស់) កាល​ពី​នៅ​ Facebook

Fidji Simo ដែលជា​អតីត​ប្រធាន​ផ្នែក​មួយរូប​របស់ Facebook បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​កាលពី​ខែកក្កដា ២០២១ និង​បាន​ក្លាយជា CEO របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ជា​គ្រឿងទេស Instacart ចាប់ពី​ខែសីហា ឆ្នាំ​ដដែល។ Simon គឺជា​ស្ត្រី​អ្នកជំនួញ​ជនជាតិ​បារាំង។

ចំណែក​ស្ថាបនិក និង​ជា​អតីត CEO របស់ Instacart ឈ្មោះ Apoorva Mehta កើត​នៅ ឥណ្ឌា ក្រោយមក​ក៏​ទៅ​រស់នៅក្នុង ប្រទេស​លី​ប៊ី និង កាណាដា។ Mehta បាន​សិក្សា​ថ្នាក់​វិស្វករ​នៅ​សាកលវិទ្យាល័យ Waterloo និង​ធ្លាប់ជា​វិស្វករ​ផ្នែក​រចនា​ប្រចាំ​ក្រុមហ៊ុន Blackberry និង Qualcomm។ គាត់​ក៏​ធ្លាប់ធ្វើ​ការឱ្យ Amazon ក្នុង​តំណែង​ជា​វិស្វករ​ប្រព័ន្ធ​ផ្គត់ផ្គង់ ដែល​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ទទួល និង​ចាត់ការ​លើ​ការបញ្ជាទិញ។

ថ្មីៗនេះ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​គ្រឿងទេស Instacart ត្រូវបាន​កំណត់​តម្លៃ​ឡើងដល់ ៣៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

៤-ក្រុមហ៊ុន Databricks

លោក Ali Ghodsi មានដើមកំណើតជា ជនជាតិអ៊ីរ៉ង់

ស្ថាបនិក និង​ជា CEO របស់ Databricks ឈ្មោះ Ali Ghodsi មាន​ដើមកំណើត​ជា ជនជាតិ​អ៊ីរ៉ង់។ គាត់​បាន​ទៅ​រស់នៅក្នុង​ទឹកដី​នៃ ប្រទេស​ស្វ៊ី​ស តាំងពី​នៅ​តូច។ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ ប្រទេស​ស្វ៊ី​ស លោក Ali ក៏បាន​មកកាន់ សហរដ្ឋ​អាម៉េរិក ទៅតាម​ការអញ្ជើញ​ឱ្យមក​បង្រៀន​នៅ សាកលវិទ្យាល័យ Berkeley។

ក្រុមហ៊ុន Databricks ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៣ និង​មាន​កម្មវិធី​កុំព្យូទ័រ​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​នានា អាច​ចាត់ការ​បណ្ដុំ​ទិន្នន័យធំៗ និង​ត្រៀម​សម្រាប់​ការវិភាគ។ ក្រុមហ៊ុន​នេះ​ត្រូវបាន​កំណត់​តម្លៃ​ប្រហែល ៣៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បណ្ដា​ក្រុមហ៊ុន​ដែល​វិនិយោគ​ទៅលើ Startup នេះ រួមមាន​ទាំង Microsoft, Amazon, Alphabet និង Salesforce ផងដែរ។

យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ Forbes បច្ចុប្បន្ន​លោក Ali Ghodsi មានទ្រព្យ​ប្រមាណ ១.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement