ភាគហ៊ុន Twitter ត្រូវ​ផ្អាក​ការជួញដូរ​នៅ​ថ្ងៃទី 28 ខែតុលា​ខាងមុខ

គេហទំព័រ​របស់​ផ្សា​រមូល​ប​ត្រ New York (NYSE) បានឱ្យដឹងថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Twitter Inc នឹងត្រូវ​បាន​ផ្អាក​ការជួញដូរ​បណ្ដោះអាសន្ន​នៅក្នុង​ថ្ងៃទី 28 តុលា 2022។

ការផ្អាក​ខាងលើនេះ​គឺ​ត្រូវ​នឹង​ថ្ងៃ​ចុងក្រោយ​នៃ​ការកំណត់​របស់​តុលាការ​ដែល​បាន​តម្រូវឱ្យ​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) បង្ហើយ​កិច្ច​ការទិញ​បណ្ដាញ​សង្គម Twitter ទៅតាម​ការសន្យា។

លោក ម៉ាស បាន​ទៅធ្វើ​ទស្សនកិច្ច​ទីស្នាក់ការ​កណ្ដាល​របស់ Twitter នៅ​ទីក្រុង San Francisco សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 26 តុលា និង​បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោក​នៅលើ​បណ្ដាញ​សង្គម​នេះ​ទៅជា Chief Twit (ប្រធាន​ក្រុមហ៊ុន Twitter) ផងដែរ។

Wall Street Journal បាន​ផ្សាយ​ថា ធនាគារ​នានា​បានចាប់ផ្ដើម​ផ្ទេរប្រាក់ 13 ពាន់​លាន​ដុល្លារ​ដើម្បីឱ្យ​លោក ម៉ាស ទិញ Twitter។ នេះ​គឺជា​សញ្ញា​ថ្មី​បំផុត​ដែល​បង្ហាញថា ការ​ទិញដូរ​ដែលមាន​តម្លៃ 44 ពាន់​លាន​ដុល្លារ​នេះ​អាច​សម្រេច​បានជា​ស្ថាពរ​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​ការប្រែប្រួល​អស់​ច្រើន​ខែ។

Advertisement