​ជិត​ដល់ពេល​ត្រូវ​ «បោះបង់​រថយន្ត​សាំង​» ហើយ​មែនទេ បន្ទាប់​ពី អឺរ៉ុប កំណត់​កាលបរិច្ឆេទ «ហាម​លក់​ចាប់ពី​ឆ្នាំ ២០៣៥»?

ជាក់ស្ដែង​គឺ​នៅមាន​ឧបសគ្គ​យ៉ាងច្រើន​នៅក្នុង​ដំណើរ​ឆ្ពោះទៅរក​គោលដៅ​ហាម​លក់​រថយន្ត​ប្រើ​ប្រេងសាំង​ថ្មី​នៅ​ឆ្នាំ ២០៣៥ សូម្បីតែ​នៅក្នុង​ទីផ្សារ​មួយ​ដែល​បាន​រីកចម្រើន​ហើយក៏​ដោយ។

កាលពី​សប្ដាហ៍​កន្លង ក្រុម​អ្នកបង្កើត​ច្បាប់​នៅ សហភាព​អឺរ៉ុប (EU) បាន​បោះឆ្នោត​អនុម័ត​លើ​ការហាម​លក់​រថយន្ត​ដំណើរការ​ដោយ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ថ្មី នៅក្នុង​តំបន់​នេះ​ចាប់ពី​ឆ្នាំ ២០៣៥។

គោលដៅ​ដែល​កំណត់​លើ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់

សេចក្ដីព្រាងច្បាប់​ស្ដីពី​ផែនការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ១០០% ត្រូវបាន សភា​អឺរ៉ុប (MEP) អនុម័ត​កាលពី​សប្ដាហ៍​កន្លង ក្នុងនោះ មាន​សំឡេងគាំទ្រ​ចំនួន ៣៣៩ សំឡេង, ប្រឆាំង​ចំនួន ២៤៩ សំឡេង និង​អនុបវាទ ២៤ សំឡេង។

គម្រោង​ដែល​ត្រូវបាន​អនុម័ត​ខាងលើ បាន​ជួយ​ឱ្យ EU បោះ​មួយ​ជំហាន​យ៉ាង​វែង​នៅក្នុង​ដំណើរ​ទៅរក​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​រថយន្ត និង​យានយន្ត​ធុន​ស្រាល​ឱ្យបាន ១០០% ក្នុង​ឆ្នាំ ២០៣៥ ធៀប​នឹង​ឆ្នាំ ២០២១។ គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន នៅ​ឆ្នាំ ២០៣០ របស់ EU គឺ ៥០% សម្រាប់​រថយន្ត​ដឹកទំនិញ និង ៥៥% សម្រាប់​រថយន្ត​ទេសចរណ៍។

ក្នុង​ព្រឹត្តិការណ៍​សន្ទនា​អំពី​បញ្ហា​អាកាសធាតុ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ Glasgow កាលពី​ខែវិច្ឆិកា ២០២១ ក្រុម​មេដឹកនាំ បាន​អំពាវនាវ​ដោយ​មិនមាន​ការបង្ខំ​ចំពោះ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ថា សង្ឃឹមថា នៅ​ឆ្នាំ ២០៤០ យានយន្ត​ដែល​ត្រូវបាន​លក់​ចេញ សុទ្ធតែជា​ប្រភេទ​មិន​បំ​ភាយ​ឧស្ម័ន​ពុល។

ក្រោយ​ព្រឹត្តិការណ៍​នៅ Glasgow មាន​សកម្មភាព​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​គាំទ្រ​ដល់​ការអំពាវនាវ​ខាងលើ។ ក្រុមហ៊ុន​ផលិត​រថយន្ត​បែប​ប្រពៃណី​ជាច្រើន​បានប្រកាស​ផែនការ​ងាក​ទៅ​ផលិត​យានយន្ត​អគ្គិសនី​ទាំងស្រុង​ចាប់ពី​ឆ្នាំ ២០៣០ ឬ ២០៣៥ ដូច​ទៅនឹង​គម្រោង​របស់​រដ្ឋា​ភិ​បាល​មួយចំនួន។

គោលដៅ​បញ្ចប់​ការលក់​យានយន្ត​ប្រើប្រាស់​ប្រេងសាំង​នៅ​ឆ្នាំ ២០៣៥ មិន​ងាយ​នឹង​សម្រេចបាន

ឆ្នាំ ២០៣៥ ស្ដាប់ទៅ​ដូចជា​នៅ​យូរ​ទៀត ក៏ប៉ុន្តែ បណ្ដា​ប្រទេស​មាន​ពេល​តែ ១២ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដើម្បី​អនុវត្ត។ អ្នកជំនាញ​ជាច្រើន​យល់ថា ១២ ឆ្នាំ គឺ​មិន​គ្រប់គ្រាន់​ឡើយ​នៅក្នុង​ការអនុវត្ត​ផែនការ​បដិវត្ត​មធ្យោបាយ​ដឹកជញ្ជូន សូម្បីតែ​នៅក្នុង​ទីផ្សារ​ដែល​រីកចម្រើន​ខ្លាំង​ដូច អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក។

ហេដ្ឋារចនាសម្ព័ន្ធ (ក្នុង​នោះ​មាន​ទាំង​បណ្ដា​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី) បច្ចុប្បន្ន​មិន​ទាន់​មាន​ច្រើន​នៅឡើយ

«ការបញ្ចប់​ការជួញដូរ​រថយន្ត​ប្រើ​សាំង​នៅ​ឆ្នាំ ២០៣៥ ទាមទារ​ឱ្យមាន​ការផ្លាស់ប្ដូរ​ធំធេង តាំងពី​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់​ការផ្លាស់ប្ដូរ​ការគិត និង​ឥរិយាបថ​របស់​អ្នកប្រើប្រាស់» Jasmine Sanders នាយក​ប្រតិបត្តិ​របស់ OurClimate ឱ្យដឹង​ដូច្នេះ។

សមាគម​អ្នក​ផលិត​រថយន្ត​អឺរ៉ុប (ACEA) ឱ្យដឹងថា ពួកគេ​បារម្ភ​ចំពោះ​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ១០០% ពី​រថយន្ត ចាប់ពី​ឆ្នាំ ២០៣៥ របស់ EU។

Oliver Zipse ប្រធាន​របស់ ACEA និង​ជានា​យក​ប្រតិបត្តិ​របស់ BMW និយាយថា វិស័យ​ផលិត​រថយន្ត​កំពុងស្ថិត​ក្នុងដំណាក់កាល​ជំរុញឱ្យមាន​រថយន្ត​អគ្គិសនី ក្នុងនោះ ម៉ូ​ដែលថ្មីៗជាច្រើន​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់។ ប៉ុន្តែ លោក​ថា កាលបរិច្ឆេទ​របស់ EU ហាក់​ឆាប់រហ័ស​ពេក​ហើយ៕

Advertisement