គោលនយោបាយ​ «លើក​ទឹក​ចិត្ត​​រថយន្ត​អគ្គិសនី» របស់​​ ​ប្រទេស​ថៃ ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​

ស្ថានីយបញ្ចូល​ថាមពល​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី

ក្រោយ​ពី​ ប្រទេស​ថៃ ប្រកាស​គោលនយោបាយ​លើក​ទឹក​ចិត្ត​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនីកាលពី​ដើម​ឆ្នាំ​ ពេល​នេះ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​កំពុង​តែ​ផ្ដោត​លើ​ការ​ដំឡើង​រថយន្ត​អគ្គិសនី ការ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ និង​ការ​សាងសង់​ស្ថានីយបញ្ចូល​ថាមពល​ថ្ម​អគ្គិសនី​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

គោលនយោបាយ​លើក​ទឹក​ចិត្ត​ដែល​​រួម​មាន ការ​កាត់បន្ថយ​អត្រាពន្ធ ការ​បង្កើន​ជំនួយ​ដល់​អ្នកប្រើប្រាស់ និង​អ្នក​ផលិត​​ជា​ដើម​ខាងលើ​នេះ​របស់​ ប្រទេស​ថៃ​ កំពុង​តែ​ទាក់​ទាញ​ការ​វិនិយោគ​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ ក្នុង​នោះ ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ជាតិ​របស់ ប្រទេស​ថៃ (PTT) ក៏កំពុង​តែ​កំណត់​គោល​ដៅ​ក្លាយជា​អ្នក​ផលិត​សំខាន់​មួយ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​រថយន្ត​អគ្គិសនី (EV)។

ប្រធាន​ និង​ជា​នាយកប្រតិបត្តិ​របស់ PPT លោក Auttapol Rerkpiboon បាន​ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ PTT កំពុង​ជំរុញ​គម្រោង​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ ពិសេស​គឺជា​បណ្ដា​គម្រោង​ដែល​មាន​កិច្ច​សហការប្រតិបត្តិ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដើម្បី​អនុវត្ត​គម្រោង​ដំឡើង​រថយន្ត​អគ្គិសនី​ ពង្រីក​ស្ថានីយ​បញ្ចូល​ថាមពល​ និង​ផ្ដល់​សេវាកម្ម​ជួល​រថយន្ត​អគ្គិសនី​។

PTT កំពុង​សហការ​ជាមួយ​ Hon Hai Precision Industry Co, ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិច​ត្រូនិច​ពហុជាតិ​ និង​មាន​ទីស្នាក់ការ​កណ្ដាល​នៅ កោះតៃវ៉ាន់ និង​ត្រូវ​​គេ​ស្គាល់​ថា​ Foxconn ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ ដោយ​មាន​ទុន​វិនិយោគ​ចាប់​ពី ១ ទៅ ២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុង​តំបន់​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​របស់ ប្រទេស​ថៃ​។

លោក Auttapol Rerkpiboon និយាយ​ថា មូលដ្ឋាន​នេះ​នឹង​ដើរ​តួនាទី​ជួយ​ដល់​បណ្ដា​ក្រុមហ៊ុន​បរទេស​ដែល​មាន​បំណង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​ ប្រទេស​ថៃ​ ជំនួស​ឱ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​យីហោ​ថ្មី​។

សកម្មភាព​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ PTT-Foxconn គ្រោង​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ ២០២៤ និង​អាច​ដំឡើង​បាន​ ៥ ម៉ឺន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ឆ្នាំ​ ២០៣០​។

ក្រៅ​ពី​ការ​ផលិត​ ឬ​ដំឡើង​រថយន្ត​អគ្គិសនី ក្រុម​ហ៊ុន PTT ក៏កំពុង​តែ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​លើ​ថ្ម​ផ្ទុក​អគ្គិសនី​ តាម​រយៈ​កិច្ច​សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ថ្ម​អគ្គិសនី ក៏ដូចជា​ការ​ស្រាវជ្រាវ អភិវឌ្ឍ​ដើម្បី​កែលំអ​បច្ចេកវិទ្យា​ថ្ម​។

PTT នឹង​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ ដោយ​ការ​ប្រើប្រាស់បច្ចេកវិទ្យា​របស់​ 24M Technologies Inc ដែលជា​ក្រុមហ៊ុន​មួយ​របស់ សហរដ្ឋ​អាម៉េរិក៕

Advertisement