មាស​នៅក្នុង​សប្ដាហ៍​នេះ​អាច​​នឹង​បន្ត​ឡើងថ្លៃខ្ពស់

ក្រុមអ្នកវិភាគ​នៅ Wall Street និង​ក្រុម​អ្នកវិនិយោគ​តូចតាច​សុទ្ធតែ​ជឿថា តម្លៃ​មាស​នៅតែ​ស្ថិតក្នុង​និន្នាការ​កើនឡើង។

តម្លៃ​មាស​បាន​កើនឡើង ១% កាលពី​សប្ដាហ៍​កន្លង ដោយ​បញ្ចប់​ការជួញដូរ​ក្នុង​រង្វង់​តម្លៃ ១,៩៤៦.៧ ដុល្លារ/អោន។ Davie Madden អ្នកវិភាគ​ទីផ្សារ​ប្រចាំ Equiti Capital បាន​ព្យាករ​ថា តម្លៃ​មាស​អាច​ឡើងថ្លៃ​ដល់ ១,៩៦០ ដុល្លារ/អោន (១ អោន/ounce ជិត​ស្មើនឹង ៨.៣ ជី) នៅក្នុង​សប្ដាហ៍​នេះ។

ចំណែក Bart Melek ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​សកល​របស់​ក្រុមហ៊ុន TD Securities បាន​លើកឡើងថា ក្នុង​សប្ដាហ៍​ក្រោយ តម្លៃ​មាស​អាច​ប្រែប្រួល​ចន្លោះ​ពី ១,៩២០ ដល់ ១,9៦៧ ដុល្លារ/អោន។ រីឯ​អ្នកវិភាគ Edward Yoya នៃ​ក្រុមហ៊ុន OANDA យល់ថា មាស​ក្នុង​សប្ដាហ៍​ក្រោយ​អាច​ឡើងថ្លៃ​ខ្ពស់បំផុត​ត្រឹម ១,៩៧០ ដុល្លារ/អោន និង​ទាប​បំផុត​ត្រឹម ១,៩០០ ដុល្លារ/អោន។

លទ្ធផល​នៃការ​ស្ទង់មតិ​អំពី​តម្លៃ​មាស​ចាប់​ពី​ថ្ងៃទី ១០ ដល់ ១៦ មេសា របស់ Kitco News

លទ្ធផល​នៃ​ការស្ទង់មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Kitco News ក៏បាន​បង្ហាញថា មានការ​សង្ឃឹម និង​ជឿជាក់ថា តម្លៃ​មាស​នៅតែ​ស្ថិតក្នុង​និន្នាការ​កើនឡើង។ អ្នកវិភាគ​ចំនួន ១០ នាក់ ក្នុងចំណោម ១៦ នាក់ ដែល​បាន​ចូលរួម​ការស្ទង់មតិរ​បស់ Kitco សង្កត់ធ្ងន់ថា មាស​នឹង​ឡើងថ្លៃ​ក្នុង​សប្ដាហ៍​នេះ។ អ្នកវិភាគ​ក្រៅពីនេះ យល់ថា តម្លៃ​មាស​នឹង​នៅ​ដដែល។

ចំណែក​អ្នកវិនិយោគ​តូចតាច​វិញ ក្នុងចំណោម​អ្នក​ដែល​បាន​ចូលរួម​ការស្ទង់មតិ មាន ៥៧% ព្យាករ​ថា តម្លៃ​មាស​នឹង​កើនឡើង​នៅ​សប្ដាហ៍​ក្រោយ ក្នុងពេលដែល ២៣% យល់ថា ធ្លាក់ចុះ និង ២០% គិតថា នឹង​នៅ​ដូច​បច្ចុប្បន្ន។

Advertisement