វៀតណាម នាំ​ចូល​អគ្គិសនី​ស្អាត​ពី​ប្រទេស​ឡាវ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក

គម្រោង​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​មួយ​នៅ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ 2021

យោង​តាម​ EVN ការ​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​តំបន់​ភាគ​កណ្ដាល​ និង​ភាគ​ខាង​ត្បូង អាច​ឆ្លើយតប​តាម​តម្រូវ​ការ​ បើ​សិន​ប្រភព​អគ្គិសនី​ថ្មី​សម្រេច​បាន​ទៅ​តាម​ផែនការ​។ ប៉ុន្តែ ភាគ​ខាង​ជើង​នឹង​ជួប​ការ​លំបាក​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី ចាប់​ពី​ឆ្នាំ 2024 ដល់ 2030​។

អគ្គិសនី​វៀតណាម (EVN) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញដូរ​អគ្គិសនី (PPA) ចំនួន​ 19 គម្រោង​ ដើម្បី​ទិញ​អគ្គិសនីចំនួន 2,240 មេហ្គាវ៉ាត់​ (MW) ​ពី​ 26 រោង​ចក្រ​នៅ​​ប្រទេស​ឡាវ។ ក្នុង​នោះ មាន​ 7 គម្រោង ដែល​ស្មើ​នឹង 806 MW ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​។ តាម​ផែនការ​ ដល់​ឆ្នាំ 2025 ​គម្រោង​នេះ​​អាច​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ 1,171 MW បន្ថែម​ទៀត​។​

មន្ត្រីពាក់​ព័ន្ធ​នៃ​គម្រោង​ទិញ​ដូរ​អគ្គិសនី​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា ការ​បង្កើន​ការ​នាំ​ចូល​ពី​ប្រទេស​ឡាវ នឹងជួយ​ធានា​​ដល់​ការ​ផ្គត់​ផ្គង់​ និង​កាត់បន្ថយហានិភ័យ​ខ្វះ​អគ្គិសនី​នៅ​វៀតណាម​។ EVN បញ្ជាក់​ថា ប្រការ​នេះ​ក៏​​រួម​ចំណែក​គាំទ្រ​ដល់​សន្តិសុខ​ថាមពល និង​ការ​កាត់​បន្ថយចំណាយ​ផងដែរ​។

យោង​តាម​របាយការណ៍ គិត​មកដល់​​បច្ចុប្បន្ន ប្រភព​អគ្គិសនី​នៅ​ប្រទេស​ឡាវ​ ដែល​ត្រូវ​បាន​អនុម័ត​ឱ្យ​នាំ​ចូល​ប្រទេស​វៀតណាម និង​អាចដំណើរ​ការ​រហូត​ដល់​ឆ្នាំ 2025 គឺ​ប្រហែល 1,977 MW។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ទំហំ​នាំ​ចូល​ដែល​ត្រូវ​បាន​ចារ​នៅ​ក្នុង​អនុស្សរណៈ​ ​ដែល​ត្រូវបាន​ចុះ​ហត្ថលេខាដោយ​​ភាគី​ឡាវ និង​វៀតណាម​ នា​ពេល​កន្លង​៕

Advertisement