ឡាវ​ មាន​អតិរេក​ពាណិជ្ជកម្ម​ជាង ៣០០ លាន​ដុល្លារ ក្នុង ៨ ខែ​ដើមឆ្នាំ ២០២២

យោងតាម​ទិន្នន័យ​របស់ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ គិត​មកដល់​ដំណាច់​ខែសីហា ២០២២ ការនាំចេញ​ផលិតផល​សរុប​របស់ ប្រទេស​ឡាវ សម្រេចបាន ៤.៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ចំណែក​ការ​នាំចូល​សម្រេចបាន ៤.៣២ ពាន់​លាន​ដុល្លារអាម៉េរិក។

គិត​ត្រឹម​ដំណាច់​ខែសីហា ២០២២ ការដោះដូរ​ពាណិជ្ជកម្ម​សរុប​របស់ ឡាវ ជាមួយនឹង​ពិភពលោក សម្រេចបាន ៨.៩៧ ពាន់​លាន​ដុល្លារ ថយចុះ​បន្តិច​ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១ (៩.០៧ ពាន់​លាន​ដុល្លារ)។ ក្នុងនោះ ការនាំចេញ​របស់ ឡាវ សម្រេចបាន ៤.៦៥ ពាន់​លាន​ដុល្លារ ថយចុះ ៨.៨% (៥.១ ពាន់​លាន​ដុល្លារ) ខណៈដែល​ការ​នាំចូល​សម្រេចបាន ៤.៣២ ពាន់​លាន​ដុល្លារ កើន ៩% (៣.៩៦ ពាន់​លាន​ដុល្លារ)។ ដូច្នេះ តុល្យភាព​ពាណិជ្ជកម្មរ​បស់ ឡាវ ត្រូវបាន​គណនា​ឃើញថា មាន​អតិរេក​ពាណិជ្ជកម្ម ៣៣០ លាន​ដុល្លារ​អាម៉េរិក។

ដៃគូ​ពាណិជ្ជកម្ម​ដែល​ធំជាងគេ​​បង្អស់​របស់ ប្រទេស​ឡាវ នៅក្នុង ៨ ខែ​ដើម​ឆ្នាំនេះ​គឺ ប្រទេស​ថៃ ដោយ​ការដោះដូរ​ទំនិញ​សរុប​សម្រេចបាន ៣.២ ពាន់​លាន​ដុល្លារ ស្មើនឹង ៣៥.៧% បើ​ធៀប​​ជាមួយ​នឹង​ការនាំចេញ-នាំចូល​សរុប​របស់ ឡាវ ជាមួយនឹង​ពិភពលោក។ ឈរ​លំដាប់​លេខ ២ គឺ ប្រទេស​ចិន (២.៤៤ ពាន់​លាន​ដុល្លារ ស្មើនឹង ២៧.២%) ចំណែក​លេខ ៣ គឺបាន​ទៅ​លើ​ វៀតណាម។

មុខទំនិញ​នាំចេញសំខាន់ៗរបស់ ប្រទេស​ឡាវ រួមមាន​ដូចជា អគ្គិសនី មាស ក្រដាស កៅស៊ូ និង​កសិផល។ល។ ចំណែក​មុខទំនិញ​នាំចូលសំខាន់ៗ មានដូចជា ប្រេងសាំង យានយន្ត និង​គ្រឿងចក្រ។ល។

Advertisement