ឥណ្ឌូណេស៊ី នឹង​បង្កើន​បរិមាណ​ធ្យូងថ្ម ដើម្បី​បំពេញ​ចន្លោះប្រហោង​ពី រុស្ស៊ី

រដ្ឋមន្ត្រីក្រសួង​ថាមពល និង​ធនធាន​រ៉ែ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ឥណ្ឌូណេស៊ី (ប្រទេស​ដែល​នាំចេញ​ធ្យូងថ្ម​ធំជាងគេ​ក្នុង​ពិភពលោក) នឹង​អាច​បង្កើន​បរិមាណ​ធ្យូងថ្ម​ដើម្បី​ជួយ​ឆ្លើយតប​នឹង​តម្រូវការ​ពី​បណ្ដា​ប្រទេស​ដែល​បាត់បង់​ប្រភព​ផ្គត់ផ្គង់​ពី រុស្ស៊ី។

នៅ​ខាងក្រៅ​វេទិកា​ថាមពល Sydney ដែល​រៀបចំ​ដោយ រដ្ឋាភិបាល​អូស្ត្រាលី និង​ស្ថាប័ន​ថាមពល​អន្តរជាតិ លោក Arifin Tasrif បានឱ្យដឹងថា ប្រទេស​មួយចំនួន​បានស្នើ​ឱ្យ ឥណ្ឌូណេស៊ី ផ្គត់ផ្គង់​ធ្យូងថ្ម បន្ទាប់ពី រុស្ស៊ី រង​ការដាក់ទណ្ឌកម្ម​ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ក្នុងឆ្នាំនេះ ឥណ្ឌូណេស៊ី ដាក់​ផែនការ​ទាញយក​រ៉ែ​ធ្យូងថ្ម​ឱ្យបាន ៦៦៣ លាន​តោន។ រដ្ឋមន្ត្រី Tasrif មិនបាន​និយាយ​ច្បាស់​ថា ហ្សា​ការ​តា អាច​បង្កើន​ទិន្នផល​ធ្យូងថ្ម​ឡើងដល់​កម្រិតណា​នោះទេ។

លោក Arifin Tasrif

លោក Tasrif បញ្ជាក់ថា «យើង​មាន​កម្លាំង​ធនធាន។ បើសិន​មើលទៅ​លើ​តុល្យភាព​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ យើងខ្ញុំ​ត្រូវតែ​បង្កើន​បរិមាណ​របស់ខ្លួន»។

វេទិកា​ថាមពល Sydney ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​សន្តិសុខ​ថាមពល និង​ស្វែងរក​វិធី​ដើម្បី​បង្កើនល្បឿន​នៃ​ការប្ដូរ​ផ្លាស់​ទៅរក​ការ​បន្សាប​កាបូន។ លោក Tasrif អះអាងថា ឥណ្ឌូណេស៊ី ចាត់ទុក​ការប្រមូល​យក និង​រក្សាទុក​កាបូន (CCS) គឺជា​វិធី​សំខាន់​ដើម្បី​សម្រេចបាន​គោលដៅ​បន្សាប​កាបូន និង​មាន​គម្រោង​ផ្ដល់​ឥណទាន​ដល់​បណ្ដា​គម្រោង CCS។

កប៉ាល់ដឹក​ធ្យូងថ្មនៅ ឥណ្ឌូណេស៊ី

បច្ចុប្បន្ន មាន​គម្រោង​សាកល្បង CCS ចំនួន ៣ នៅ ឥណ្ឌូណេស៊ី ក្នុងនោះ​មាន ២ គម្រោង​ជា​របស់​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន BP និង ExxonMobil Corp និង ១ គម្រោង​ទៀត​ជា​របស់​រដ្ឋាភិបាល បំណង​រក​មធ្យោបាយ​ប្រមូលយក​កាបូន​ពី​វិស័យ​ឧស្សាហកម្ម ដើម្បី​រក្សាទុក​ក្នុង​អណ្ដូងរ៉ែ​អស់​ប្រេង​នៅ​បាតសមុទ្រ៕

Advertisement