វៀតណាម បញ្ចុះ​អត្រាពន្ធ​គយ​នាំចូល​សម្រាប់​ទំនិញ​ពិសេស «ប្រេងសាំង»

អត្រាពន្ធ​ពិសេស​ចំពោះ​ប្រេងសាំង​នាំចូល​ពី​បរទេស ត្រូវបាន វៀតណាម បញ្ចុះ​ពី ២០% មក​នៅត្រឹម ១០% និង​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ០៨ សីហា​នេះ។

យោងតាម ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ធៀប​នឹង​ប្រទេស​ជាច្រើន អត្រាពន្ធគយ​សម្រាប់​ប្រេងសាំង​របស់ វៀតណាម ដែល​នាំចូល​ពី​បរទេស នាបច្ចុប្បន្ន នៅមានកម្រិត​ទាប​ជាង​មធ្យមភាគ​រួម។ អត្រាពន្ធ​លើ​ប្រេងសាំង​នៅក្នុង​បណ្ដា​ប្រទេស ភាគច្រើន​ស្ថិតក្នុង​រង្វង់​ពី ៤០% ទៅ ៥៥% និង ៣៥% ទៅ ៥០% សម្រាប់​ប្រេងម៉ាស៊ូត (លើកលែងតែ​ប្រទេស​ដែលមាន​បរិមាណ​ប្រេងសាំង​ក្នុង​ឃ្លាំង​ច្រើន ទើប​មាន​អត្រាពន្ធគយ​ទាប​ជាង)។

នៅ ប្រទេស​វៀតណាម អត្រាពន្ធ​ការពារ​បរិស្ថាន​ដែល​កំពុង​ត្រូវបាន​បន្ធូរបន្ថយ ជួយ​ឱ្យ​អត្រាពន្ធ​ក្នុងតម្លៃ​មូលដ្ឋាន​របស់​សាំង​ស្ថិតក្នុង​ចន្លោះ​ពី ១៩.៣៩% ទៅ ២១.៩៥% ទៅតាម​ប្រភេទ​សាំង និង ១១.០៥% ចំពោះ​ប្រេងម៉ាស៊ូត។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​បញ្ជាក់ថា ទំនិញ​ប្រេងសាំង​ភាគច្រើន​ត្រូវបាន​នាំចូល​ពី​បណ្ដា​ប្រទេស​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ វៀតណាម ដូច្នេះ ពន្ធ​នាំចូល​មាន​អត្រា​ទាប​ជាង ធៀប​នឹង ពន្ធ MFN (MFN ជា​ប្រភេទ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ)៕

Advertisement