តើ​ការទូទាត់​ទ្វេភាគី​រវាង​ប្រាក់រៀល​ជាមួយ​ប្រាក់​យន់​ទទួលបាន​ផលចំណេញ​ដូចម្តេច?

កន្លងមក​ការទូទាត់​ពាណិជ្ជកម្ម រវាង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​អន្តរជាតិ តែង​ត្រូវបាន​ដោះដូរ​ជា​ប្រាក់​ដុល្លារ​អាមេរិក ប៉ុន្តែ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​វិនិយោគិន​កម្ពុជា និង​ចិន ភាគី​រដ្ឋាភិបាល​ទាំង​ពីរបាន​ឯកភាពគ្នា​លើកទឹកចិត្ត​ឱ្យមាន​ការទូទាត់​ពាណិជ្ជ​កម្ម​ឆ្លងកាត់​ព្រំដែន​ជា​រូបិយវត្ថុ​ជាតិ​នៃ​ប្រទេស​ទាំងពីរ គឺ​ប្រាក់រៀល​ខ្មែរ និង​ប្រាក់​យន់​ចិន​ក្នុង​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល​ឱ្យមាន​ការចាយវាយ​ទូលំទូលាយ។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​កាលពី​សប្តាហ៍​មុន​ថា ការឯកភាព​ក្នុងការទូទាត់​ទំនិញ​ឆ្លងកាត់​ព្រំដែន ជា​រូបិយវត្ថុ​ជាតិ​របស់​ប្រទេស​ទាំងពីរ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​សាច់ប្រាក់​ទៅវិញទៅមក និង​ជា​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល​ឱ្យមាន​ការចាយវាយ​កាន់តែ​ទូលំទូលាយ​ឡើង។ទោះយ៉ាងណា​ការទូទាត់​នេះ គឺជា​ការទូទាត់​ជា​តួលេខ​ដែល​ធ្វើឡើង​ទៅតាម​ប្រព័ន្ធ​ធនាគារ មិនមែន​ធ្វើការ​ទូទាត់​ផ្ទាល់ដៃ​នោះទេ។ មានន័យថាបើសិន​វិនិយោគិន​ចិន នាំចូល​ទំនិញ ដូចជា​គ្រឿងសំណង់​មក​ទីផ្សារ​កម្ពុជា ឈ្មួញ​ដែល​ទទួល​ទិញ​ប្រចាំ​នៅ​កម្ពុជា​ត្រូវធ្វើ​ការទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​ទៅឱ្យ​វិនិយោគិន​ចិន​ជា​ប្រាក់​យន់ ហើយ​ប្រសិនបើ​វិនិយោគិន​កម្ពុជា​នាំ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន អ្នកទទួល​ទំនិញ​ក្នុងប្រទេស​ចិន​ក៏ត្រូវ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​មកឱ្យ​ពាណិជ្ជករ​ខ្មែរ​យើង​ជា​ប្រាក់រៀល​វិញ​ដូចគ្នា ខណៈដែល​កាលពី​ឆ្នាំ​កន្លងទៅ នៅពេល​មានការ​ដោះដូរ​ទំនិញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន គឺ​គេ​ត្រូវ​ទូទាត់​គ្នា​ជា​ប្រាក់​ដុល្លារ​រួច​ទើប​ដូរ​មកជា​រូបិយវត្ថុ​ជាតិរៀងៗខ្លួន។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា

លោកជំទាវ​មានប្រសាសន៍ថា ការធ្វើ​ដូច្នេះ​មិនមែន​កម្ពុជា​លើកទឹកចិត្ត​ឱ្យ​ចិន​យកប្រាក់​យន់​មកចាក់​ចូល​ទីផ្សារ​កម្ពុជា​នោះទេ ព្រោះថា ការទូទាត់​ជា​ប្រាក់​ដុល្លារ​បច្ចុប្បន្ន វា​មាន​និន្នាការ​មួយ​លំបាក​ដោះស្រាយ​រួចទៅហើយ។ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ហាមឃាត់​ទេសចរ​ចិន​មិនឱ្យ​ចាយលុយ​យន់​សម្រាប់​ដំណើរ​កម្សាន្ត​របស់គេ​នៅ​កម្ពុជា​នោះដែរ ដូចជា​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ធំៗមួយចំនួន​នៅក្នុង​ខេត្តសៀមរាប​ក៏​ទទួល​លុយ​យន់​ចិន​ដែរ​ដើម្បី​សម្រួលដល់​ការលក់ដូរ​របស់គេ ហើយ​ចំនួន​នោះ​វា​មាន​តិចតួច​បំផុត ដោយសារ​អាជីវ​ករល​ក់​ដូរ​តូចតាច​មិន​ទទួល​យកលុយ​យន់​នោះទេ ព្រោះ​គាត់​មិនសូវ​ស្គាល់ ឬ​មិនមាន​ការទុកចិត្ត និង​ពិបាក​ក្នុងការ​យកទៅ​ដូរ​ចាយ​បន្ត ព្រោះ​គាត់​មិនសូវ​ដឹង​ពី​អត្រា​ប្តូរប្រាក់​ពិតប្រាកដ​ដូច​ប្រាក់​ដុល្លារ ដែលមាន​ចាយ​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា រហូតដល់ 90%ទៅហើយ​បើ​ធៀប​ជាមួយ​ប្រាក់រៀល។

ករណីនេះ​មិនមែន​ធ្វើឡើង​តែ​ទ្វេភាគី រវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​ក្នុង​អាស៊ាន ដូចជាសិង្ហ​បុរី ម៉ាឡេស៊ី ថៃ ជាដើម ក៏​ចង់​ទូទាត់​ថ្លៃ​ដោះដូរ​ទំនិញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជា​រូបិយវត្ថុ​ទ្វេភាគី​ដែរ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​កំពុង​ត្រូវបាន​ចរាចរ​នៅ​ទូទាំង​ពិភពលោក ដែល​គិត​មកដល់​បច្ចុប្បន្ន​ប្រាក់​ដុល្លារ​កំពុង​ចរាចរ​មាន​ចំនួន 40ភាគរយ ធៀប​ទៅនឹង​រូបិយប័ណ្ណ​ទាំងអស់​នៅលើ​ពិភពលោក នេះ​បើតាម​របាយការណ៍​របស់ស្ថាប័ន​រូបិយប័ណ្ណ​ប្រចាំ​ប្រទេស​ស្វ៊ី​ស។ កាលណា​យើង​រំពឹង​តែ​លើ​ដុល្លារ​ទាំងស្រុង ក៏​អាច​ទទួលរង​ការប៉ះទង្គិច​សេដ្ឋកិច្ច ពី​អាម​រិ​ក​ដែរ។ ឧទាហរណ៍​បើសិន​ជាមាន​សង្គ្រាម​ពាណិជ្ជកម្ម​លើ​ពិភពលោក​កើតឡើង ហើយ​ប្រាក់​ដុល្លារ​ត្រូវមាន​ការបដិសេធ​ឈប់​ចាយ​ក្នុងករណី​ណាមួយ​ក៏​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែរ ដូច្នេះ​យើង​ត្រូវ​ចូលរួម​លើកកម្ពស់​រូបិយវត្ថុ​ជាតិ​របស់​យើងទាំងអស់គ្នា។

គួរ​បញ្ជាក់ថា ការប្រើប្រាស់​ប្រាក់រៀល​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ និង​សង្គមជាតិ។ ប្រាក់រៀល​បាន​ជួយ​លើកស្ទួយ​សង្គមជាតិ កសាង​ជំនឿ​ទុកចិត្ត ជំរុញ​សាមគ្គីភាព និង​បណ្តុះ​ការ​បង្រួបបង្រួម​ជាតិ និង​ស្មារតី​ជាតិនិយម​នៅក្នុង​ប្រទេស។ នៅពេល​មាន​ការចាយ​ប្រាក់រៀល​កាន់តែច្រើន ធនាគារជាតិ​នៃ​កម្ពុជា​ក៏មាន​លទ្ធភាព​កាន់តែច្រើន​ដែរ​ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ដោយសារ​ការផ្គត់ផ្គង់​រូបិយវត្ថុ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ផលិតកម្ម និង​អ​និកម្មភាព។ លើសពីនេះ ប្រសិនបើ​ប្រាក់រៀល​តែមួយ​មុខ ត្រូវបាន​ប្រើប្រាស់​ក្នុង​ទីផ្សារ ការចំណាយ​លើ​ប្រតិបត្តិការ​ក្នុងការ​ប្តូរប្រាក់​នឹង​ត្រូវបាន​កាត់បន្ថយ។

​របាយការណ៍​របស់​ធនាគារជាតិបានឱ្យដឹងថាកម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ចិន មានតម្លៃ​ជា​ទឹកប្រាក់ 5.2ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2017 ​ក្នុងនោះ​ការទូទាត់​ជា​ប្រាក់​យន់​ចិន នៅមាន​ទំហំ​តិចតួច​នៅឡើយ ប្រមាណ​ជា 130លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន​វិញ​មានតម្លៃ​ជា​ទឹកប្រាក់ ប្រមាណ​ជា 578លាន​ដុល្លារ ហើយ​ការទូទាត់​ជា​ប្រាក់​យន់​មាន​ត្រឹមតែ 9ភាគរយ​ប៉ុណ្ណោះ៕

Advertisement