Air Asia មាន​គម្រោង​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា នាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ បានអនុញ្ញាត​ឱ្យ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ចូលជួប​ពិភាក្សា​ការងារ​ទាក់ទង​នឹង​គម្រោង​បង្កើត​ទីស្នាក់ការ​របស់​ខ្លួន​នៅ កម្ពុជា។

យោងតាម ក្រសួងទេសចរណ៍ នា​ថ្ងៃ​ព្រហស្បតិ៍ ទី 08 ធ្នូ 2022 នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia លើ​ការបង្កើត​ទីស្នាក់ការ​នៅ កម្ពុជា។ តំណាង Air Asia បានឱ្យដឹងថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ​នឹងមាន​ឈ្មោះថា Air Asia Cambodia ដែល​នឹងធ្វើ​ពិធី​ចុះហត្ថលេខា និង​ប្រកាស​ជា​ផ្លូវការ​នាទី 09 ធ្នូ 2022។

ក្រុមហ៊ុន​បានឱ្យដឹងថា កម្ពុជា ជា​ប្រទេស​ទី 5 ក្នុង​តំបន់​អាស៊ី ដែលមាន​ទីស្នាក់ការ​រ​បស់ Air Asia ហើយ​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​នៅ កម្ពុជា ចាប់ពី​ឆ្នាំ 2023 ខាងមុខ។

ជំនួប​រវាង​ ក្រសួង​ទេសចរណ៍​កម្ពុជា និងតំណាង Air Asia កាល​ពី​ព្រឹកថ្ងៃទី 08 ធ្នូ 2022

តំណាង Air Asia បញ្ជាក់ថា ក្រុមហ៊ុន​មាន​គម្រោង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យបាន 3 ទៅ 4 លាន​នាក់/ឆ្នាំ ក្នុងនោះ ជំហាន​ដំបូង គ្រោង​ដាក់​ដំណើរការ​យន្តហោះ​ប្រភេទ Boeing A321 ចំនួន 4 គ្រឿង ដើម្បី​ត​ភ្ជាប់​គោលដៅ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន, ចិន និង ឥណ្ឌា និង​គោលដៅ​ក្នុងស្រុក​ពី ភ្នំពេញ-សៀមរាប-ខេត្ត​ព្រះសីហនុ។

ការវិនិយោគ​របស់​ក្រុមហ៊ុន Air Asia នឹង​នាំមក​នូវ​ទេសចរ​បន្ថែ​ម​ទៀត​មក​ទស្សនា កម្ពុជា ជាពិសេស​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​របស់ កម្ពុជា ទៅកាន់​ពិភពលោក ក្រសួងទេសចរណ៍ សង្ឃឹម​ដូច្នេះ៕

Advertisement