សហរដ្ឋ​អាម៉េរិក ចរចា​លើ​បញ្ហា​កំណត់​តម្លៃ​ពិតាន​ចំពោះ​ថាមពល​នាំចូល​ពី រុស្ស៊ី

កាលពី​ថ្ងៃទី ២៨ មិថុនា ក្រុមមន្ត្រី​អាម៉េរិក បានឱ្យដឹងថា ប្រទេស​នេះ​បានចាប់ផ្ដើម​ពិភាក្សា​ជាមួយ​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​ហ្វូ​ស៊ី​ល​ច្រើន ក្នុងនោះ​មាន ឥណ្ឌា ជាដើម អំពី​ការកំណត់​តម្លៃ​ពិតាន (តម្លៃ​អតិបរមា) ចំពោះ​ប្រេង​ហ្វូ​ស៊ី​ល​ដែល​នាំចូល​ពី រុស្ស៊ី។

យោងតាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan សហរដ្ឋ​អាម៉េរិក បានចាប់ផ្ដើម​ចរចា​ជាមួយ ឥណ្ឌា ស្ដីពី​យន្តការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី ក៏ដូចជា​ផលប៉ះពាល់​ដែល​កើតឡើង​ពី​វិធានការ​នេះ។ មន្ត្រីជាន់ខ្ពស់​អាម៉េរិក មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឱ្យដឹងថា ការចរចា​អំពី​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​របស់ រុស្ស៊ី នេះ នឹងត្រូវ​បានធ្វើ​ឡើងជា​មួយ​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​តិចជាង នៅ អាហ្វ្រិក និង អាម៉េរិក​ឡាទីន រួម​នឹង​បណ្ដា​ក្រុមហ៊ុន​ថាមពល​នានា​នៅលើ​ពិភពលោក​ផងដែរ នាពេលខាងមុខ។

សហរដ្ឋ​អាម៉េរិក គឺជា​ប្រទេស​ដំបូង​គេ​ដែល​ស្នើ​ឱ្យមាន​យន្តការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។ យន្តការ​កំណត់​តម្លៃ​ពិតាន​នេះ​នឹង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ ធានារ៉ាប់រង និង​ការដឹកជញ្ជូន​ប្រេង​តាម​សមុទ្រ។

ក្នុង​គ្រា​នេះដែរ ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​លំដាប់​កំពូល (G៧) បាន​ពិភាក្សាគ្នា​អំពី​ការកំណត់​តម្លៃ​ពិតាន​នៅ​ទូទាំង​សកលលោក​ចំពោះ​ប្រេង​នាំចូល​ពី រុស្ស៊ី ដោយសារតែ​ការ​លុកលុយ​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់។

ក្រុមមន្ត្រី​នៅ G៧ កាលពី​ថ្ងៃទី ២៨ មិថុនា បានឱ្យដឹងថា ពួកគេ​បាន​ឯកភាពគ្នា​ក្នុងការ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​កំណត់​តម្លៃ​ពិតាន​របស់​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។ ចំណែក សហភាព​អឺរ៉ុប រួម​នឹង​ដៃគូ​សហការ ក៏​នឹង​ពិនិត្យមើល​លទ្ធភាព​នៃ​វិធានការ​នានា​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង ពិសេស​គឺ​វិធីសាស្ត្រ​បណ្ដោះអាសន្ន​ដើម្បី​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង និង​ឧស្ម័ន​ដែល​នាំចូល​ពី រុស្ស៊ី នេះ​តែម្ដង៕

Advertisement