ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-តួ​ក​គី 11 ខែ នៃ​ឆ្នាំ 2022 កើន 63.6% ធៀប​នឹង 11 ខែ​ក្នុង​ឆ្នាំ 2021

លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្ដីពី «ការត្រៀម​រៀបចំ​សម្រាប់ កិច្ចប្រជុំ​លើក​ទី 3 របស់ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី» ដែល​គ្រោង​នឹង​ធ្វើឡើង​នាពេលខាងមុខ។

ក្នុង​អង្គប្រជុំ​នេះ ក្រុមមន្ត្រី​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួម ដែល​គ្របដណ្ដប់​លើ​វិស័យ​អាទិភាព​ដែល​រួមមាន ៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ហា​ឡា​ល សហគ្រាស​ធុន​តូច​និង​មធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរណ៍​ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​បំណង​ជំរុញ និង​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-តួ​ក​គី។

«កិច្ចប្រជុំ​លើក​ទី 3 របស់ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី» គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 10-11 ខែមករា ឆ្នាំ 2023 នៅ រាជធានី​ភ្នំពេញ» នេះ​បើតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

យោងតាម ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-តួ​ក​គី សម្រេចបាន 462.63 លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល 5 ឆ្នាំ (2017-2021) ខណៈដែល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022 សម្រេចបាន​រហូតដល់ 136.149 លាន​ដុល្លារ​អាមេរិក ពោលគឺ​កើន 63.6% ធៀប​នឹង 11 ខែ​ក្នុង​ឆ្នាំ 2021។ មុខទំនិញ​ដែល កម្ពុជា នាំចេញ​ទៅកាន់ តួ​ក​គី មានដូចជា ៖ សម្លៀកបំពាក់ វាយ​ន​ភណ្ឌ ស្បែកជើង សម្ភារៈ​ធ្វើដំណើរ អង្ករ ។ល។ ចំណែក​ការនាំ​ចូល​ទំនិញ​ពី តួ​ក​គី វិញ មានដូចជា ៖ ម៉ាស៊ីន កប្បាស ផលិតផល​ឱសថ កញ្ចក់ ដែក ផលិតផល​ប្លា​ស្ទិ​ក និង​ទំនិញ​ដទៃទៀត៕

Advertisement