ក្រុមហ៊ុន​អាល្លឺម៉ង់ ផលិត​សាច់​ត្រី​សិប្បនិម្មិត ចិញ្ចឹម​ពី​កោសិកា​រស់​ មិន​បាច់​ឆ្លង​កាត់​ការ​សម្លាប់

ក្រុមហ៊ុន Bluu Seafood នៅ រដ្ឋធានី​បែរ​ឡាំង កំពុង​រៀប​គម្រោង​ចែកចាយ​ផលិតផល​ពី​សាច់​ត្រី​ដែល​គេ​ចិញ្ចឹម​ពី​កោសិកា​ត្រី​នៅក្នុង​បន្ទប់ពិសោធន៍ ទៅកាន់​ទីផ្សារ​មួយចំនួន​ក្នុង​ពិភពលោក។

Bluu Seafood គឺជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២០ ដោយមាន​ឈ្មោះ​ដំបូង​ថា Bluu Biosciences។ ដោយសារតែ​ការនេសាទ​ត្រីបាន​​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ ក្រុមហ៊ុន​នេះ​ក៏បាន​ស្វែងរក​វិធី​ដើម្បី​ជួយ​កាត់បន្ថយ​សកម្មភាព​សេសាទ តាមរយៈ​បច្ចេកវិទ្យា​ចិញ្ចឹម​កោសិកា​ដើម ដើម្បី​បង្កើតជា​ផលិតផល​សុវត្ថិភាព​សម្រាប់​មនុស្ស។

ក្រុមហ៊ុន​ខាងលើ​បាន​អភិវឌ្ឍ​មុខម្ហូប​មួយ​ចំនួន​ដែលមាន​ឈ្មោះថា «បន្ទះ​ត្រី» និង «ប្រហិត​ត្រី»​ ជាដើម ដែលមាន​រូបរាង​ដូច​ទៅនឹង​មុខ​អាហារ​ធម្មតា​ដែលមាន​ស្រាប់។ ផលិតផល​ទាំងនេះ​មាន​ផ្ទុក​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន ដូច្នេះ​ងាយស្រួល​ទំពារ និង​អាច​ចម្អិន​គ្រប់ពេល។

ដើម្បី​បង្កើតបាន​ដុំ​សាច់​ត្រី ក្រុមហ៊ុន​ Bluu Seafood បាន​ប្រមូល​កោសិកា​ពីស​ត្វ​ត្រី​រស់ ក្រោយមក​ចិញ្ចឹម​វា​នៅក្នុង​ឡ​ប្រតិកម្ម​ជីវសាស្ត្រ​ដែលមាន​បរិស្ថាន​សម្បូរ​សារជាតិ​បំប៉ន។ បន្ទាប់មក កោសិកា​ទាំងនោះ រីក​ចម្រើន​ធំឡើង​នៅលើ​ឧបករណ៍​ពិសោធន៍​ ដូច​ទៅនឹង​សាច់​ត្រី​ធម្មតា។ ដំណាក់កាល​ទាំង​អស់នៃ​ការអភិវឌ្ឍ​សាច់​ត្រី​សិប្បនិម្មិត​នេះ មិនត្រូវ​ការ​សកម្មភាព​សម្លាប់​ត្រីពិត​នោះទេ នេះ​បើតាម TechCrunch ចុះផ្សាយ​កាលពី​ថ្ងៃទី ០៨ សីហា។

បច្ចុប្បន្ន ក្រៅពី Bluu ក៏មាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​កំពុង​រក​វិធី​នាំយក​ផលិតផល​គ្រឿង​សមុទ្រ​ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​ចិញ្ចឹម​កោសិកា ទៅក្នុង​ទីផ្សារ ក្នុងនោះ​មានដូចជា ក្រុមហ៊ុន Wild Type និង CellMeat ជាដើម​ល។ល។

សហស្ថាបនិក​របស់​ក្រុមហ៊ុន Bluu Seafood

Advertisement