វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នឹង​បោះជំហាន​បែបណា សម្រាប់​ឆ្នាំ 2020?

របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចុះផ្សាយ​នៅ​ខែធ្នូ ឆ្នាំ2019 បាន​បង្ហាញថា ការនាំ​ចេញពី​កម្ពុជា រយៈពេល 10ខែ នៅ​ឆ្នាំ2019 មាន​ចំនួន​ជិត 11ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ធៀប​នឹង​ចំនួន​ជាង 10ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018។

ផលិតផល​សម្លៀកបំពាក់ នៅតែ​ជា​ទំនិញ​នាំមុខសម្រាប់​ការនាំចេញ​របស់​កម្ពុជា ដែលមាន​ទំហំ​ទឹកប្រាក់​ជាង 6,406លាន​ដុល្លារ​អាមេរិក បន្ត​ដោយផ្នែក​ស្បែកជើង និង​វាយ​ន​ភណ្ឌ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង 905លាន​ដុល្លារ​អាមេរិក និង​ជាង 40លាន​ដុល្លារ​អាមេរិក រៀង​គ្នា​តាម​លំដាប់។ ការនាំចេញ​អង្ករ​មាន​ជាង 286លាន​ដុល្លារ និង​ផលិតផលផ្សេងៗទៀត​ជាង 3,174លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ប្រាប់ថា នាពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ
កំណែទម្រង់​មុត​ស្រួច​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ដែល​នឹង​ជួយ​ឱ្យ​ធុរជន​នៅ​កម្ពុជា មាន​ភាព​ប្រកួតប្រជែង​ប្រសើរ​ជាង​មុន ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា លើ​ទីផ្សារពិភពលោក​បាន។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន​ ពាណិ​ជ្ជ​តាម​ទូរស័ព្ទ​ថា៖“ចំពោះ​គោលដៅ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ2020 យើង​មានការ​អនុវត្តបន្ត​នូវ​ទិសដៅ​ដែល​បាន​អនុវត្ត​កន្លងមក ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA រវាង​បណ្តា ប្រទេស​សេដ្ឋកិច្ចសំខាន់ៗមួយចំនួន រួម​នឹង​ការអនុវត្ត​ភាពជា​ដៃគូ​វិនិយោគ​ជា​សាធារណៈ ដែលជា​ការទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ជាមួយនឹង FTA រវាង​កម្ពុជា-កូរ៉េ កម្ពុជា-ជប៉ុន ក៏​នៅតែមាន​បន្ត និង FTA កម្ពុជា-ចិន ក្នុង​គម្រោង​ផ្លូវ1 ខ្សែក្រវាត់1 បាននិងកំពុង​បន្ត ដែល​មិនមាន​ការថយចុះ​ទេ​មានតែ​បង្កើន​បន្ថែម”។

សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ”របស់​ចិន បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ខណៈដែល​ចិន​បានចាត់ទុក​កម្ពុជា ជា​ចំណុច​ស្នូល​របស់​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​សហការ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ក្រៅពី​កិច្ចពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង2 កម្ពុជា-ចិន ក៏មាន​ការជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផងដែរ។

គួរ​ជម្រាប​ថា ជាក់ស្ដែង​នៅ​ឆ្នាំ2018 ទំហំ​ពាណិជ្ជកម្ម​សរុប​ទ្វេភាគី​មាន​ចំនួន 6.5ពាន់​លានដុល្លារ កើនឡើង 15% បើ​ធៀប​នឹង​ឆ្នាំ2017 ដែលមាន​តម្លៃ​ត្រឹមតែ 5.6ពាន់​លាន​ដុល្លារ។ ក្នុង​ឆ្នាំ 2019  ទំហំ​ពាណិជ្ជកម្ម​សរុប​បាន​កើន​ឡើងដល់​ចំនួន 8.2ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន ចំនួន  27% ធៀប​នឹង​ឆ្នាំ2018។ វឌ្ឍនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន ព្រមទាំង​មាន​ផែនការ​បង្កើន​ឱ្យបាន​ដល់ 10ប៊ី​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ2023 ទៀតផង។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រសួងពាណិជ្ជកម្ម។

ដោយឡែក​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ ឆ្នាំ2018 មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត 1,000លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​រយៈពេល 9ខែ ឆ្នាំ2019កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2មាន​ចំនួន​ជិត 700លាន​ដុល្លារ។

ទំហំ​វិនិយោគ​ទ្វេភាគី កម្ពុជា-កូ​រ៉ ចាប់ពី​ឆ្នាំ1996 មកដល់​ឆ្នាំ2019 មាន​ទំហំ​ទឹកប្រាក់​ប្រមាណ 4.47ពាន់​លាន​ដុល្លារ​អាមេរិក។  កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ មាន​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​បង្កើន​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2 ឱ្យបាន 1,000លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2020 នេះ។

ដោយឡែក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ភាគី​ជប៉ុន របាយការណ៍​បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា-ជប៉ុន មាន​ចំនួន 2.1ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ2019 កើនឡើង 12.95% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018 ដែលមាន​ទំហំ​ពាណិជ្ជកម្ម 1.86 ពាន់​លាន​ដុល្លារ។

ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន មានតម្លៃ​ជិត 1.60ពាន់​លាន​ដុល្លារ កើនឡើង 7.7% ពី 1.48ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018។ ការនាំ​ចូល​ពី​ជប៉ុន​មានតម្លៃ 502.88លាន​ដុល្លារ កើនឡើង 33.9% ខណៈដែល​ឆ្នាំ2018 មាន​ត្រឹមតែ 375.70លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹង​ទៀតថា៖“ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន កើន​ឡើងជា​រៀងរាល់ឆ្នាំ។ លោក​បា​នប​នុ្ត​ថា កំណើន​នេះ​នឹង​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត​ក្នុង​ឆ្នាំ2020 នេះ”។

លោក​ឧកញ៉ា ក៏បាន​បញ្ជាក់ដែរថា៖“ជាការ​ងារ​របស់​សភា​ពាណិជ្ជកម្ម ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ឆ្នាំ2020នេះដែរ យើង​កំពុង​សិក្សា​លើ​ចំណុច​មួយចំនួន ដែល​ពិភាក្សា​អំពី​ការកាត់បន្ថយ​ថ្លៃដើម​នៃ​ការដឹកជញ្ជូន ព្រោះ​តម្លៃ​ការដឹកជញ្ជូន​នៅ​ប្រទេស​យើង នៅតែមាន​តម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង​ឆ្ងាយ​ណាស់”។

លោក​ឧកញ៉ា លឹម ហេង បាន​បន្ថែមថា៖“ជាមួយគ្នានេះដែរ នៅ​ឆ្នាំ2020 នេះ យើង​ក៏​នឹង​ជជែក​ពិភាក្សា​លើ​ថ្លៃ​ភ្លើង​ផងដែរ ដែល​វា​នឹង​ជួយ​ទៅដល់​វិស័យ​កសិកម្ម ដែល​ជារួម​បញ្ហា​ទាំង2 នេះ(ដឹកជញ្ជូន និង​អគ្គិសនី) គឺជា​ចំណុច​សំខាន់ ដោយសារ​ការកាត់បន្ថយ​ថ្លៃដើម​នៃ​បញ្ហា​ទាំង2 នេះ នឹងធ្វើ​ឱ្យ​យើង​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន”។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កំពង់ផែ ជា​បន្តបន្ទាប់ ធ្វើឡើង​ស្របតាម​ការកើនឡើង​នៃ​ពាណិជ្ជកម្ម ក៏ដូចជា​ឱ្យស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅរក​ចក្ខុវិស័យ​ក​ម្ពុ​ជា​ឆ្នាំ2050។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​បន្ដថា ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន ការប្រើប្រាស់ ថាមពល និង​ការតភ្ជាប់​ឌីជីថល សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម4.0 ការអភិវឌ្ឍ​ផែនការមេ​ជាតិ​ដឹកជញ្ជូន ការអភិវឌ្ឍ​ផែនការមេ​ជាតិ​កំពង់ផែ និង​ផែនការមេ​ជាតិ​ភ័ស្តុភា​រកម្ម ការពង្រីក និង​ធ្វើ​ទំនើបកម្ម​កំពង់ផែសំខាន់ៗដូចជា កំពង់ផែ​ភ្នំពេញ និង​កំពង់ផែ​ព្រះសីហនុ ការស្ថាបនា​កំពង់ផែ​ភ្នំពេញ​ថ្មី ជាដើម។

លោក​ឧកញ៉ា លឹម ហេង បាន​បន្ត​ឱ្យដឹងទៀតថា៖“តាមរយៈ​នៃ​កិច្ចការ​នេះ ខ្ញុំ​គិតថា នៅក្នុង​ការពង្រីក និង​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ2020 នេះនឹង​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ជាពិសេស​នឹង​ទាក់ទាញ​បានការ​វិនិយោគ​បន្ថែមទៀត ខណៈដែល​សក្ដានុពល និង​ឱកាស​វិនិយោគ​យើង​បាន​សិក្សា​ស្វែងយល់​រួចហើយ នោះ​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (Cambodia-EurasianEconomic Union FTACEFTA) ដែល​បានបង្ហាញ​ពី​កាលានុវត្តភាព​ឈ្នះឈ្នះ សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ពិភពលោក និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល និង​ជាមួយ​ប្រទេស​រុស្ស៊ី”។

តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​បង្កើន​ឱកាស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក ជាពិសេស​កម្ពុជា​អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់ និង​វាយ​ន-​ភណ្ឌ ផលិតផល​កសិកម្ម និង​ទំនិញ​ដទៃទៀត ខណៈដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ក៏​អាច​ជ្រៀតចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន ជាពិសេស​លើ​វិស័យ​ថាមពល។

ស្របគ្នា​នេះដែរ ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេសជិតខាង​វៀតណាម កាល​ឆ្នាំ2018 សម្រេចបាន​ប្រមាណ 4.7ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង 24% បើ​ធៀប​នឹង​ឆ្នាំ2017។ តាម​ការប៉ាន់ស្មាន ក្នុង​ឆ្នាំ2019 កន្លងទៅ ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម មាន​ប្រមាណ 5.2ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ សម្រេចបាន​លើសពី​ទំហំ​ពាណិជ្ជកម្ម​ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង2 ដាក់ចេញ ក្នុង​គោលដៅ​ត្រឹម 5ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2020 នេះ។

ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង ថៃ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ទំនាក់ទំនង ក្នុង​វិស័យ​ពាណិជ្ជកម្ម មានការ​កើន​ឡើងជា​លំដាប់ ជាពិសេស​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​2បាន​កើនឡើង​ពី 2,786 លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 ដល់ 3,632 លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​ កាលពី​ឆ្នាំ2019 កើនឡើង 7.14% រហូតដល់​ជាង 9 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ2018។ កាលពី​ឆ្នាំ2018 ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង2 សម្រេចបាន 8.4ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា។

មេដឹកនាំ​ប្រទេស​ទាំង2 បាន​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យដល់ 15ពាន់​លាន​ដុល្លារ​ត្រឹម​ចុងឆ្នាំ2020 នេះ។ នៅលើ​ឆាក​អន្តរជាតិ កម្ពុជា និង​ថៃបាន​គាំទ្រ​គ្នា​ទៅវិញទៅមក ជាពិសេស​នៅក្នុង​អាស៊ានដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ដ៏​រឹងមាំ៕

Advertisement