ក្រុមហ៊ុន Blue Origin របស់ Jeff Bezos ត្រៀម​បញ្ជូន​អតិថិជន​វ័យក្មេង​បំផុត ឡើងទៅ​ទី​អវកាស

កាលពី​ថ្ងៃទី 15 កក្កដា នៅក្នុង​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​អវកាស​ចរណ៍ Blue Origin ដែល​បង្កើតឡើង​កាលពី​ឆ្នាំ 2000 ដោយ​កំពូល​មហាសេដ្ឋី​ពិភពលោក ជនជាតិ អាមេរិក Jeff Bezos បានឱ្យដឹងថា អតិថិជន​ម្នាក់​ដែលមាន​វ័យ​ទើបតែ 18 ឆ្នាំ នឹងចូលរួម​ដំណើរ​នៅលើ​យានអវកាស New Shepard ហោះហើរ​ទៅកាន់​ទី​អវកាស នៅ​ថ្ងៃទី 20 កក្កដា ខាងមុខ។

ប្រកាស​ខាងលើ​បានឱ្យដឹងថា អតិថិជន​ឈ្មោះ Oliver Daemon បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ កាលពី​ឆ្នាំ 2020 នឹង​ក្លាយជា​អ្នក​អវកាស​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក។ ការដែល​បាន​ហោះ​ទៅកាន់​ទី​អវកាស គឺជា ក្ដី​ស្រមៃ​ពេញ​មួយជីវិត​របស់ Daemon ចាប់តាំងពី​គាត់​មាន​អាយុ 4 ឆ្នាំ។ បច្ចុប្បន្ន គាត់​មាន​វិញ្ញ​បន​ប​ត្រ​បើកបរ​យន្តហោះ ដែល​ផ្ដល់ឱ្យ​ដោយ​ក្រុមហ៊ុន​ឯកជន។

លោក Oliver Daemon

ប្រធាន​ប្រតិបត្តិ​របស់ Blue Origin លោក Bob Smith និយាយថា «ព្រឹត្តិការណ៍​នេះ គឺជា ការចាប់ផ្ដើម​នៃ​ដំណើរ​ហោះហើរ​បែប​ពាណិជ្ជកម្ម​របស់ New Shepard ហើយ Oliver Daemon គឺជា​អ្នក​តំណាងឱ្យ​មនុស្ស​ជំនាន់​ថ្មី ជា​ក្រុមមនុស្ស​ដែល​នឹង​ជួយ​បើកផ្លូវ​ទៅកាន់​ទី​អវកាស»។

ការ​ហោះ​ហើរ​នា​ពេល​កន្លង​ របស់ Blue Origin

រួម​ដំណើរ​ជាមួយ Daemon នៅក្នុង​ការហោះហើរ​ទៅកាន់​ទី​អវកាស​នៅ​ថ្ងៃទី 20 កក្កដា ខាងមុខ ក៏​នឹងមាន​វត្តមាន​របស់​ម​ហា​សេដ្ឋី Jeff Bezos និង​ប្អូនប្រុស Mark Bezos រួម​នឹង​អ្នកត្រួសត្រាយ​ផ្លូវអាកាស Wally Funk វ័យ 82 ឆ្នាំ​ផងដែរ។ ដូច្នេះ ជើងហោះហើរ​ទៅកាន់​ទី​អវកាស​នេះ មាន​ទាំង​មនុស្ស​មាន​វ័យ​នៅ​ក្មេង​បំផុត និង​ចាស់​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក។

លម្ហអាកាស​របស់​ផែន​ដី

តាម​ផែនការ ដំណើរ​ទេសចរណ៍​ទី​អវកាស​នេះ នឹង​ប្រើពេល 10 នាទី ក្នុងនោះ អតិថិជន មាន 4 នាទី ដើម្បី «គយគន់​ទេសភាព​អវកាស» នៅតាម «ដងផ្លូវ» Karman ជា​លំហ​អាកាស​ដែល​ខណ្ឌ​ចែក​រវាង​បរិយាកាស​ផែនដី និង​ទី​អវកាស៕

ប្រភព៖ Space
ប្រែសម្រួល​៖ បុត្រា​

Advertisement