​ប្រេង​នៅ តំបន់​អាស៊ី នា​ព្រឹក​ថ្ងៃទី ២៧ មិថុនានេះ កំពុង​ធ្លាក់ថ្លៃ​​​គួរឱ្យ​ត្រេក​អរ

ក្នុងការ​ជួញដូរ​នា​ព្រឹក​ថ្ងៃទី ២៧ មិថុនា តម្លៃ​ប្រេង​នៅ អាស៊ី ធ្លាក់ចុះ​ជាង ១ ដុល្លារ/ធុង នៅពេល​មានការ​បារម្ភ​អំពី​សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យប៉ះពាល់​ដល់​ក្ដី​សង្ឃឹមលើ​តម្រូវការ​ប្រេង។

ទន្ទឹមនឹង​កត្តា​ខាងលើ ក្រុម​អ្នកវិនិយោគ​ក៏​កំពុង​យកចិត្តទុកដាក់​លើ​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​លំដាប់​កំពូល​នៃ​ពិភពលោក (G៧) ក្នុង​សប្ដាហ៍​នេះ ស្ដីពី​វិធានការ​រឹតត្បិត​ការនាំចេញ​ប្រេង​របស់ រុស្ស៊ី។ល។

នៅវេលា​ម៉ោងជាង ៧ ព្រឹក (ម៉ោង​នៅ កម្ពុជា) ប្រេង Brent ដែល​ប្រគល់​តាម​កាលកំណត់ បាន​ធ្លាក់​ថ្លៃ ១.៤២ ដុល្លារ (១.៣%) មក​នៅត្រឹម ១១១.៧០ ដុល្លារ/ធុង បន្ទាប់ពី​កើន ២.៨% នៅក្នុង​ការជួញដូរ​កា​លពី​ចុង​សប្ដាហ៍​កន្លង។ ចំណែក​ប្រេង New York វិញ ក៏បាន​ធ្លាក់​ថ្លៃ ១.៥៤ ដុល្លារ (១.៤%) មក​នៅត្រឹម ១០៦.០៨ ដុល្លារ/ធុង ក្រោយពី​បាន​កើន ៣.២% ក្នុងការ​ជួញដូរ​មុន​នោះ។

នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​សប្ដាហ៍​នេះ ក្រុម​មេដឹកនាំ​របស់ G៧ គ្រោង​នឹង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ការកើនឡើង​នៃ​តម្លៃ​ថាមពល និង​ការរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​មក​ជំនួស​ប្រេង​ឧស្ម័ន​ដែល​នាំចូល​ពី រុស្ស៊ី ក៏ដូចជា​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ទៅលើ រុស្ស៊ី ដោយ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដល់​ប​ញ្ហា​អតិផរណា។ ក្រៅពី​បញ្ហា​ខាងលើ កិច្ចប្រជុំ​កំពូល​លើក​នេះ​របស់ G៧ ក៏​នឹង​ពិភាក្សា​អំពី​ការស្ដារ​កិច្ចចរចា​អំពី​បញ្ហា​នុយ​ក្លេ​អែរ​ជាមួយ អ៊ីរ៉ង់ ផងដែរ៕

Advertisement