រថយន្ត​អគ្គិសនី​កាន់កាប់10% នៃចំណែក​​ទីផ្សារ​រថយន្ត​សរុប​នៅ​ទូទាំង​សកលលោក

ឆ្នាំ 2022 បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ បាន​ក្ដោប​ក្ដាប់ 10% ជា​លើកដំបូង​នៅក្នុង​ទីផ្សារ​រថយន្ត​នៅ​ទូទាំង​ពិភពលោក ដោយសារ​កំណើន​នៅ​ប្រទេស​ចិន និង​អឺរ៉ុប។

យោងតាម​ការស្រាវជ្រាវ​របស់ LMC Automotive និង EV-Volumes.com បរិមាណ​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ទាំងស្រុង​ដែល​បាន​លក់​ចេញ​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ 2022 សម្រេចបាន​ប្រមាណ 7.8 លាន​គ្រឿង កើន 68% ធៀប​នឹង​ឆ្នាំ 2021។

បើ​ទោះ​រថយន្ត​អគ្គិសនី​នៅតែមាន​ចំណែក​តូច​ក្នុងចំណោម​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​ទីផ្សារ​របស់​វា​បាន​កើនឡើង​ខ្លាំង​នៅ​អឺរ៉ុប និង​ប្រទេស​ចិន។ រថយន្ត​អគ្គិសនី​ក៏​កាន់​តែមាន​ឥទ្ធិពល​លើ​កំណើន​រំពឹងទុក​របស់​ទីផ្សារ​រថយន្ត ព្រោះតែ​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់។

Ralf Brandstatter ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen បានឱ្យដឹងថា ទីផ្សារ​រថយន្ត​អគ្គិសនី​នឹង​បន្ត​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​បរិមាណ​លក់​ចេញ​នៃ​រថយន្ត​សាំង​នៅ​ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​ធ្លាក់ចុះឆាប់ៗនេះ និង​ជា​រៀងរហូត គ្រា​ដែល​ចំណែក​ទីផ្សារ​របស់​រថយន្ត​អគ្គិសនី​ចេះតែ​រីក​មាឌ។

«កាលពី​ឆ្នាំ​កន្លង ជា​មធ្យម ក្នុងចំណោម​រថយន្ត 4 គ្រឿង​ដែល​យើង​បាន​លក់​នៅ​ប្រទេស​ចិន​គឺមាន 1 គ្រឿង​ជា​រថយន្ត​អគ្គិសនី ហើយ​ឆ្នាំនេះ អត្រា​នេះ​គឺ 3:1។ យើង​មិនទាន់​សម្រេចបាន​ដល់​ចំណុច​ផ្ទុះ​នៅឡើយ ប៉ុន្តែ​សង្ឃឹមថានឹង​កើតឡើងឆាប់ៗនេះ ក្នុងអំឡុងពេល​ពី 2025 ដល់ 2030» លោក Ralf Brandstatter អះអាង​ដូច្នេះ។

យោងតាម LMC Automotive ក្នុង​ឆ្នាំ 2022 រថយន្ត​អគ្គិសនី​រួមចំណែក 11% ក្នុង​បរិមាណ​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​នៅ​អឺរ៉ុប និង 19% នៅ​ប្រទេស​ចិន។ រថយន្ត hybrid និង​រថយន្ត​អគ្គិសនី​ទាំងស្រុង​ដែល​បាន​លក់​ចេញ​នៅ​អឺរ៉ុប គឺមាន​ចំណែក 20.3% ក្នុងចំណោម​រថយន្ត​ថ្មី​ដែល​បាន​លក់​ចេញ​កាលពី​ឆ្នាំ​កន្លង នេះ​បើតាម EV-Volume.com។

សហរដ្ឋ​អាម៉េរិក អន់ថយ​ជាង​ធៀប​នឹង​ចិន និង​អឺរ៉ុប ក្នុងការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី។ ប៉ុន្តែ នៅ​ទីផ្សារ​នេះ​មាន​រថយន្ត​អគ្គិសនី​ជាង 807,000 គ្រឿង​ត្រូវបាន​លក់​ចេញ​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ​កន្លង ស្មើនឹង 5.8% ក្នុងចំណោម​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ៕

Advertisement