កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ជាង ៣.៥ ដង ធៀប​នឹង​ទីលាន​បាល់ទាត់ ត្រូវបាន​ប្រគល់ជូន​អតិថិជន

ក្នុងអំឡុងពេល​តែ​ជាង​មួយខែ​សោះ ប្រទេស​ចិន បានប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​ធំ​បំផុត​ក្នុង​ពិភពលោក ទៅឱ្យ​ក្រុមហ៊ុន Evergreen Marine របស់ តៃវ៉ាន់។

Hudong Zhonghua Shipbuilding ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់​រដ្ឋ​ចិន បានបញ្ចប់​ការងារ​ដំឡើង​កប៉ាល់​ដឹក​កុងតឺន័រ​មហា​យក្ស Ever Alot និង​ប្រគល់ជូន​ដៃគូ​សហការ Evergreen Marine កាលពី​ថ្ងៃទី ២២ មិថុនា។

ដោយមាន​បណ្ដោយ​ប្រវែង ៣៩៩.៩៩ ម៉ែត្រ និង​ទទឹង​ធំ​ជាង ៣.៥ ដង ធៀប​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា នេះ​គឺជា​កប៉ាល់​ដឹក​កុងតឺន័រ​ប្រភេទ​ធំ​បំផុត​ក្នុង​ពិភពលោក ពោលគឺ​ធំ​ស្មើនឹង Ever Aria ដែល​ត្រូវបាន​ប្រគល់ជូន​អតិថិជន​កាលពី​ខែ​មុន។

Ever Alot អាច​ផ្ទុក​កុងតឺន័រ​បាន ២៤,០០០ TEU ដែល​ប្រហាក់ប្រហែល​នឹង​តុង​តឺ​ន័​រ​ស្ដង់ដា ២០ feet ចំនួន ២៤,០០០ កុងតឺន័រ។ ធៀប​នឹង​កប៉ាល់​ប្រភេទ ២៣,០០០ TEU ដែល​ប្រើប្រាស់​ឥន្ធនៈ​ធម្មតា កប៉ាល់ ២ គ្រឿង​ថ្មី​ដែល​ត្រូវបាន​សាងសង់​ដោយ Hudong Zhonghua Shipbuilding មិន​ត្រឹមតែ​អាច​ដឹក​កុងតឺន័រ​បាន​ច្រើនជាង​នោះទេ តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​វា​បញ្ចេញ​ឧស្ម័ន​កាបូន​តិចជាង ៣៨ តោន/ថ្ងៃ។

Hudong Zhonghua Shipbuilding បានឱ្យដឹងថា ពួកគេ​ទទួលបាន​ការបញ្ជាទិញ​កប៉ាល់​ប្រភេទ​នេះ​ចំនួន ៩ គ្រឿង​ឯណោះ ហើយ ៣ គ្រឿងក្នុង​ចំណោម​នោះ​នឹងត្រូវ​ប្រគល់ជូន​អតិថិជន​នៅក្នុង​ឆ្នាំនេះ។

Advertisement