Elon Musk យកចិត្ត​ចិន៖ «ប្រហែលជា​មួយចំណែក​ក្នុង​ខ្លួន​ខ្ញុំ​គឺជា​ជនជាតិ​ចិន»

មនុស្ស​ម្នាក់​ដែល​តែងតែ​ចូលចិត្ត​ការបញ្ចេញមតិ​ធ្វើឱ្យ​អ្នកដទៃ​ខឹងសម្បា​ដូចជា មហាសេដ្ឋី Elon Musk នេះ ក៏​ចេះ «យកចិត្ត» អាជ្ញាធរ​ចិន ពិសេស​គឺ​នៅពេល​រោងចក្រ​ផលិត​រថយន្ត​ធំ​បំផុត​របស់ Tesla ស្ថិតនៅក្នុង​ទឹកដី​ចិន។

បុរស​ម្នាក់​មកពី​តំបន់ Suzhou នៃ​ខេត្ត Jiangsu ភាគខាងត្បូង​ប្រទេស​ចិន បាន​ប្រែជា​ល្បីឈ្មោះ​ដោយ​ចំណាយពេល​តែ ១ យប់ នៅលើ​បណ្ដាញ​សង្គម​ចិន ក៏ដូចជា Facebook និង Twitter នៅពេល​អ្នកលេង​បណ្ដាញ​សង្គម​មើលឃើញថា បុរស​នេះ​ពិតជា​មានមុខមាត់​ដូច​បេះបិទ​ទៅនឹង​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក Elon Musk។

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ នោះ​គឺ ការបញ្ចេញមតិ​របស់​មហាសេដ្ឋី Elon Musk ទាក់ទង​នឹង «Elon Musk ចិន» កាលពី​ថ្ងៃ​ចន្ទ។ លោក Musk មាន​យោបល់​ថា៖ «ប្រហែលជា​មួយចំណែក​ក្នុង​ខ្លួន​ខ្ញុំ​គឺជា​ជនជាតិ​ចិន»។

មតិ​របស់លោក Musk ភ្លាមនោះ​ក៏​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​ដែល​ស្ដែងចេញ​ដោយ​ការ​ចុច​ចូលចិត្ត និង​ការបញ្ចេញមតិ​ជា​បន្តបន្ទាប់។ អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន យល់ថា នេះ​គឺជា​ចម្លើយ​ដ៏​ឆ្លាត​វៃ​របស់​មហាសេដ្ឋី Elon Musk នៅក្នុង​គ្រា​ដែល ប្រទេស​ចិន កំពុង​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន Tesla។

Elon Musk កំណែ​ចិន

មុន​នោះ វីដេអូ​មួយ​របស់​បុរស​ម្នាក់​ដែលមាន​មុខមាត់​ដូច​ទៅនឹង​លោក Elon Musk ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Douyin (TikTok សម្រាប់​អ្នកលេង​ក្នុងប្រទេស​ចិន) និង​ត្រូវបាន​គេ​ចែករំលែកតៗគ្នា​យ៉ាងច្រើន​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ។ ក្នុង​វីដេអូ បុរស​នេះ​កំពុង​ឈរ​ក្បែរ​រថយន្ត​ទំនើប​មួយគ្រឿង ហើយ​ជួនកាល​ក៏​ញញឹម​ដាក់​កាមេរ៉ា។

ដោយ​ចូលចិត្ត​ខ្លាំង អ្នកលេង​បណ្ដាញ​សង្គម​ក៏បាន​រក​ឈ្មោះ​ដាក់ឱ្យ «Elon Musk ចិន» រូបនេះ ក្នុងនោះ​មានដូចជា​ឈ្មោះ «Elon Mosaic», «Clone Musk» ឬ «Yi Long Musk» ជាដើម។

ក៏ប៉ុន្តែ មតិ​មួយចំនួន​យល់ថា វីដេអូ​នេះ ទំនងជា​ផលិតផល​នៃ​បច្ចេកវិទ្យា deepfake។ Deepfake គឺជា​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​កែប្រែ​រូបភាព​លើ​ផ្ទៃមុខ ក៏ដូចជា​មាត់​របស់​មនុស្សម្នា​ក់នៅ​ក្នុង​វីដេអូ ឬ​រូបថត​ណាមួយ ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត (AI) និង​ប្រើ​កម្មវិធី​គណនា​ក្នុង​កុំព្យូទ័រ​ដើម្បី​បំប្លែង។ និយាយ​បែប​ផ្សេង​វិញ​គឺថា អ្នក​អាច​ភ្ញា​ប់​ផ្ទៃមុខ​របស់​អ្នកណាម្នាក់ ទៅនឹង​រាងកាយ​របស់​មនុស្សម្នា​ក់​ផ្សេងទៀត នៅក្នុង​វីដេអូ ឬ​រូបថត។

រោង​ចក្រ​ផលិត​រថយន្ត​នៅ​ទីក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ របស់​ Tesla

តប​នឹង​ការចោទប្រកាន់​ខាងលើ «Elon Musk ចិន» និយាយ​នៅក្នុង​វីដេអូ​ថ្មី​បំផុត​របស់ខ្លួន​ថា គាត់​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅ​ថ្ងៃអាទិត្យ​ក្រោយ នៅពេល​វីដេអូ​របស់គាត់ ត្រូវបាន​ចែករំលែកតៗគ្នា​បាន ១០,០០០ ដង៕

Advertisement