ប្រទេស​ក្រីក្រ​មាន​សង្ឃឹម​ហើយ! ខឹង Moderna មិន​ព្រម​ចែករំលែក​រូបមន្ត​វ៉ាក់សាំង WHO ក៏​រត់ទៅរក​ក្រុមហ៊ុន​ផលិត​ឱសថ​បសុសត្វ ដើម្បី​ឱ្យជួយ

ក្រុម​អ្នកវិទ្យាសាស្ត្រ​រ កំពុង​ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​ពិសោធ​នៃ​ក្រុម​ហ៊ុន​ Afrigen

បន្ទាប់ពី​ក្រុមហ៊ុន Moderna បដិសេធ​សំណើ​ចែករំលែក​រូបមន្ត​វ៉ាក់សាំង អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​បង្កើត​គម្រោង​ថ្មី​មួយ​ភ្លាម ដើម្បី​វិភាគ​រូបមន្ត ក៏ដូចជា​បច្ចេកវិទ្យា mRNA ក្នុង​បំណង​បង្កើត​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​ដូច​ទៅនឹង​វ៉ាក់សាំង Moderna។

Afrigen ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​បសុសត្វ នៅ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ នៃ​ ទ្វីបអាហ្វ្រិក បាន​ក្លាយជា​ស្ថាប័ន​ស្នូល​នៅក្នុង​គម្រោង​ដែលមាន​តម្លៃ 100 លាន​ដុល្លារ របស់ WHO។ ការបញ្ជាទិញ​ដែល​ក្រុមហ៊ុន​នេះ​បានទទួល​គឺ ការស្វែងរក​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ឱ្យ​ដូច ឬ​ប្រហាក់ប្រហែល​ទៅនឹង​វ៉ាក់សាំង​របស់ Moderna។

កន្លងមក Afrigen ប្រើប្រាស់​តែ​បច្ចេកវិទ្យា​ប្រពៃណី​ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​បសុសត្វ ប៉ុន្តែ ពួកគេ​បានសម្រេច​ចិត្ត​ទទួលយក​គម្រោង​របស់ WHO។ នាយក​ប្រតិបត្តិ Petro Treblanche បាន​អធិប្បាយ​ថា បន្ទប់ពិសោធន៍​របស់​ក្រុមហ៊ុន ពេលនេះ​ក្លាយទៅជា «សម្បុក​ឃ្មុំ» មួយ ដែល​ជំនាញ​ខាង​ស្រាវជ្រាវ​បច្ចេកវិទ្យា​វ៉ាក់សាំង mRNA។

នៅពេល Afrigen វិភាគ​ដឹក​អំពី​ដំណើរការ​ដ៏​ស្មុគស្មាញ​នៃ​ការអភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 របស់ Moderna ពេលនោះ WHO រួម​នឹង​ដៃគូ​មួយចំនួន​នឹង​បន្ត​វិនិយោគ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​បង្រៀន​បច្ចេកវិទ្យា​នេះ​ដល់​បណ្ដា​ប្រទេស។ Martin Friede ដែលជា​មន្ត្រី​ម្នាក់​ទទួលខុសត្រូវ​លើ​គម្រោង​ខាងលើ​របស់ WHO បាន​ហៅ​បន្ទប់ពិសោធន៍​របស់​ក្រុមហ៊ុន Afrigen ថា​ជា «មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​វ៉ាក់សាំង»។

«ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មកពី​ជុំវិញ​ពិភពលោក​នឹងត្រូវ​បាន​អញ្ជើញ​ឱ្យមក​រៀនសូត្រ​នូវ​ដំណើរការ​ទាំងអស់​ដែល​ទាក់ទង​នឹង​ការផលិត»។

លោកស្រី Petro Treblanche នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន Afrigen

Friede សង្ឃឹមថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​ការ​គ្របដណ្ដប់​នៃ​បច្ចេកវិទ្យា​វ៉ាក់សាំង mRNA នៅ​ទូទាំង​សកលលោក ពោលគឺ​មិនមែន​ត្រឹមតែ​ជាការ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​មួយចំនួន​តូច​នោះទេ។ WHO យកចិត្តទុកដាក់​ជាពិសេស​ទៅលើ​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៃ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម ជា​ប្រទេស​ដែល​កំពុង​ខ្វះ​វ៉ាក់សាំង​បង្ការ COVID-19 ជាងគេ។

Moderna កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ទាក់ទង​នឹង​បញ្ហា​ចែករំលែក​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ទៅឱ្យ​ពិភពលោក។ កាលពី​សប្ដាហ៍​មុន តំណាងរាស្ត្រ​មួយចំនួន​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ឈរឈ្មោះ​នៅក្នុង​លិខិត​មួយ ឱ្យដឹងថា ក្រុមហ៊ុន Moderna បានទទួល​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដ៏​ធំ​ពី រដ្ឋាភិបាល​អាម៉េរិក នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​វ៉ាក់សាំង ក្នុងនោះ ការស្រាវជ្រាវ​អំពី​សមាសធាតុ​វ៉ាក់សាំង mRNA បានទទួល​ប្រាក់​យ៉ាងតិច 1 ពាន់​លាន​ដុល្លារ។

ក្រុមតំណាងរាស្ត្រ​ខាងលើ​យល់ថា រដ្ឋាភិបាល អាច និង​គួរតែ​ប្រើប្រាស់​ការកំណត់​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ Moderna ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​នេះ​ចែករំលែក​រូបមន្ត​វ៉ាក់សាំង​របស់​ពួកគេ។

គម្រោង​ដែល WHO ប្រគល់ឱ្យ Afrigen អាច​ចំណាយពេល​ចាប់ពី 3-4 ឆ្នាំ ទើប​អាច​បង្កើតបាន​វ៉ាក់សាំង​បង្ការ COVID-19 «ចម្លង» ពី​គេ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA។ ក្នុងករណី WHO បញ្ចុះបញ្ចូល Moderna បាន​ដោយ​ជោគជ័យ​ទាក់ទង​នឹង​ការចែករំលែក​បច្ចេកវិទ្យា Friede សង្ឃឹមថា បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ អាច​នឹង​ផលិត​បាន​វ៉ាក់សាំង​ដំបូង​ក្រោយ​រយៈពេល​ពីរ​ឆ្នាំ៕

Advertisement