ឥណ្ឌា នាំចូល​ប្រេងរាប់លាន​ធុង ពី រុស្ស៊ី ខណៈ​តម្រូវការ​ប្រើប្រាស់​កើន​ដល់ជាង ៥​ លាន​ធុង​/​ថ្ងៃ

ក្រុមហ៊ុន​ប្រេង​ឥណ្ឌា បាន​ទិញ​ប្រេង ៣ លាន​ធុង​ពី រុស្ស៊ី ដើម្បី​ធានា​ដល់​តម្រូវការ​ផ្នែក​ថាមពល បើទោះជា​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​នៅ​បស្ចិម​លោក។

មន្ត្រី​រដ្ឋាភិបាល​មួយរូប​របស់ ឥណ្ឌា សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ១៨ មីនា បានទទួល​ស្គាល់​ព័ត៌មាន​ខាងលើ និង​ឱ្យដឹងថា ទីក្រុង​ញូវដែលី មិន​ដាក់ទណ្ឌកម្ម​លើ​សកម្មភាព​ទិញ​ប្រេង។ មន្ត្រី​រូបនេះ អះអាងថា ឥណ្ឌា នឹង​ទិញ​ប្រេង​ពី រុស្ស៊ី ថែមទៀត បើទោះជា​មានប្រតិកម្ម​ពី សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ​លោកខាងលិច។

សហរដ្ឋ​អាម៉េរិក និង អង់គ្លេស រួម​នឹង​សម្ព័ន្ធមិត្ត កំពុង​ជំរុញ​ឱ្យ ឥណ្ឌា បដិសេធ​ការទិញ​ប្រេង និង​ឧស្ម័ន​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​របស់​ប្រទេស​នេះ​នៅ អ៊ុយ​ក្រែ​ន។ សារព័ត៌មាន​ឥណ្ឌា ចេញផ្សាយ​ថា រុស្ស៊ី កំពុង​បញ្ចុះតម្លៃ​ប្រេង​ទាប​ជាង ២០% ធៀប​នឹង​តម្លៃ​ស្ដង់ដា​នៅ​ទូទាំង​សកលលោក។

ឥណ្ឌា ជា​ប្រទេស​ដែល​នាំចូល​ប្រេង ៨៥% ក្នុងចំណោម​បរិមាណ​ប្រេង​ដែល​ប្រើប្រាស់​ក្នុងស្រុក​សរុប។ តម្រូវការ​ប្រេង​របស់​ប្រទេស​នេះ គ្រោង​នឹង​កើន ៨.២% ក្នុង​ឆ្នាំ ២០២២ ឡើងដល់ ៥.១៥ លាន​ធុង/ថ្ងៃ នៅពេល​សេដ្ឋកិច្ច​ងើប​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ-១។

Advertisement