កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង កម្ពុជា និង កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​រួចហើយ

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង កម្ពុជា និង កូរ៉េខាងត្បូង នៅ​ព្រឹក ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។

តាម​គម្រោង កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម តំណាងឱ្យ​ភាគី កម្ពុជា និង ឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ថាមពល តំណាងឱ្យ​ភាគី កូរ៉េខាងត្បូង នេះ នឹង​ចូល​ជា​ធរមាន នៅ​ដើម​ឆ្នាំក្រោយ។

កិច្ចព្រមព្រៀង​នេះ និយាយ​អំពី ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយ​តម្លៃភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង ព្រមទាំង​មាន​វិសាលភាព​លើ​ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ។ នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា។

យោង​​តាម​ Koreatimes កូរ៉េខាង​ត្បូង​ នឹង​លុប​ចោល​ពន្ធ​ 95.6% នៃ​ផលិត​ផល​​​សរុប​ដែល​នាំ​ចូល​ពី​ កម្ពុជា​ ខណៈ​ កម្ពុជា​ ក៏​នឹង​លើក​លែង​ពន្ធ​​​ចំនួន​ 93.8%​ នៃ​ទំនិញ​សរុប​ដែល​នាំ​ចូល​ពី​ កូរ៉េខាង​ត្បូង​ ផងដែរ​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ឯកឧត្តម​បាន​បញ្ជាក់ថា នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ រួមទាំង​ការជួយ​ស្តារ​សេដ្ឋកិច្ច​របស់ កម្ពុជា ក្រោយ​វិបត្តិ COVID-19។

ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង កម្ពុជា-កូរ៉េខាងត្បូង គិត​ត្រឹម​រយៈពេល 8 ខែ នៃ​ឆ្នាំ 2021 នេះ សម្រេចបាន​ជាង 514 លាន​ដុល្លារ​អាម៉េរិក ពោលគឺ​កើនឡើង​ជាង 11% ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ 2020។

នេះ​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ទី​ពីរ​ហើយ ដែល កម្ពុជា ធ្លាប់បាន​ធ្វើឡើង។ មុននេះ កម្ពុជា ក៏​ធ្លាប់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដូចគ្នានេះ​ជាមួយនឹង ប្រទេស​ចិន ផងដែរ៕

Advertisement